ហៃយ៉ូយ៉ា! គ្រាន់តែកំលោះសង្ហា សំឡេងផ្អែមក្រអួនក្រអៅ នី រតនា ភ្ជាប់ពាក្យជាមួយស្រីស្អាត ហេង សុវណ្ណភក្ដិណា ជាថៅកែស្រីគ្រឿងសម្អាងល្បីឈ្មោះភ្លាម ស្រាប់តែអ្នកគាំទ្រនារីៗទាំងឡាយនាំគ្នាអាឡោះអាល័យ នឹកស្ដាយកំលោះរូបស្រស់សង្ហាម្នាក់នេះតែម្ដង ព្រោះបន្ទាប់ពីបានភ្ជាប់ពាក្យរួចរាល់ហើយ គេមើលឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះកាន់តែឡើងខ្ពស់ជាងមុន រួមទាំងគូដណ្ដឹងផងដែរ រហូតនៅពេលថ្មីៗនេះ អ្នកទាំងពីរថែមទាំងឧស្សាហ៍បង្ហាញមុខសាសងគ្នាផ្អែមល្ហែមតាមរយៈការ Live Video លក់ផលិតផលនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតផង។
ទន្ទឹមនឹងការចាប់អារម្មណ៍ពីរឿងរ៉ាវស្នេហាអូនបងរបស់លោក នី រតនា ជាមួយគូស្នេហ៍ពីសំណាក់អ្នកគាំទ្រនោះ ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះបន្ដិច គេបានឃើញម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី 1 បង្ហោះសារស្វ៊ីតៗ ជាងទឹកឃ្មុំខែចេត្រទៅទៀតថា «ដំណើរជីវិតប្ដីប្រពន្ធ មិនមែនមួយថ្ងៃ មួយខែ ឬក៏មួយឆ្នាំនោះទេ គឺមួយជីវិត! មួយជីវិតដែលយើងត្រូវរួមដំណើរជាមួយគ្នា មិនថាមានទុក្ខ ឬក៏សុខនោះទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គឺមិនត្រូវបោះបង់គ្នាឡើយ! ដូច្នេះការជ្រើសរើសគូជីវិត គឺត្រូវតែមើលលើចិត្តគំនិត និងចរិតមារយាទ មិនមែនមើលលើទ្រព្យសម្បត្តិគេទេ» (ឱ លោកអ៊ើយលោក!! ផ្អែមអីផ្អែមយ៉ាងនេះ មិនអាណិតបេលខ្លះទេហ្អី? ហាសៗហា…)។
ក្រឡេកទៅមើលខាងគូស្នេហ៍របស់លោកវិញម្ដង៖ ឆ្លើយតបនឹងសារដ៏ផ្អែមត្រជាក់ស្អំបេះដូងនោះ ស្រីស្អាតជាគូស្នេហ៍បានតបសារវិញថា «How to keep the relationship strong? You love me and I love you that’s all» មានន័យថា “តើធ្វើដូចម្ដេចដើម្បីរក្សាចំណងស្នេហ៍ឱ្យបានរឹងមាំ? គឺបងស្រឡាញ់អូន ហើយអូនស្រឡាញ់បង តែប៉ុណ្ណឹង”។ (ពិតមិនអាណិត ពិតមិនអាសូរអ្នកនៅ Single សោះហ្ន៎…ហ្អ៎កនារីៗយើង ឆាប់ៗរកគូស្នេហ៍ទៅ!)៕