ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី32 នៅប្រទេសសិង្ហបុរី ប្រមុខដឹកនាំរដ្ឋាភិបាលទាំងអស់នៅក្នុងតំបន់អាស៊ានបានសម្រេចកិច្ចព្រមព្រៀងរួមគ្នាជាច្រើនដែលអាចជួយជំរុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំង ដោយក្នុងនោះមានចំណុចសំខាន់មួយ គឺការបង្កើតឱ្យទីក្រុងនានានៅក្នុងតំបន់ក្លាយជាទីក្រុងឆ្លាតវៃ (Smart City)។
សម្រាប់ប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ប្រទេសកម្ពុជាជឿជាក់ថា តាមរយៈគំនិតផ្តួចផ្តើមក្នុងការបង្កើតបណ្តាញទីក្រុងឆ្លាតវៃអាស៊ាននេះនឹងអាចស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីទាក់ទាញអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការរស់នៅរបស់ប្រជាជន។ ហេតុនេះក្នុងការរៀបចំការអនុវត្តជាក់ស្តែង ទីក្រុងឆ្លាតវៃអាស៊ានក៏ត្រូវយកចិត្តទុកដាក់ផងដែរលើចំណុចមួយចំនួនចជាការបង្កើតយន្តការគ្រប់គ្រងប្រតិបត្តិការដោយខ្លួនឯង បង្កើតយន្តការហិរញ្ញវត្ថុដែលអនុគ្រោះ ហើយអាចអនុវត្តជាក់ស្តែងដើម្បីជួយអភិវឌ្ឍទីក្រុងឆ្លាតវៃសម្រាប់ប្រទេសសមាជិកអាស៊ាននីមួយៗ និងបង្កើតស្តង់ដាររួម និងយន្តការដើម្បីទ្រទ្រង់ការអភិវឌ្ឍទីក្រុងអាស៊ានទាំងមូល។
ស្របនឹងបញ្ហានេះកម្ពុជាក៏ដូចជាប្រទេសនីមួយៗបានព្យាយាមគ្រប់លទ្ធភាពដើម្បីបង្កើនភាពទំនើបក្នុងការរស់នៅរបស់ប្រជាជន ដោយចាប់ផ្តើមពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា បណ្តាញតភ្ជាប់ទំនាក់ទំនង និងប្រព័ន្ធថ្មីៗជាច្រើនផ្សេងទៀត។ ជាបន្តបន្ទាប់ ទីក្រុងទាំងអស់នឹងវិវឌ្ឍទៅរករបត់មួយដែលស្រដៀងគ្នាទៅនឹងទីក្រុងសំខាន់ៗនាពេលបច្ចុប្បន្ន ដូចជាទីក្រុងតូក្យូ ទីក្រុងសិង្ហបុរី ទីក្រុងសិនជិន និងទីក្រុងឌូបៃជាដើម។
ទីក្រុងឆ្លាតវៃ ឬ Smart City ត្រូវបានអ្នកជំនាញបញ្ជាក់ថា ជាទីក្រុងដែលមានប្រើប្រាស់ដោយម៉ាស៊ីនស្វ័យប្រវត្តិនៅក្នុងប្រតិបត្តិការទីក្រុងជាច្រើន ដោយរួមទាំងវិស័យសាធារណៈមួយចំនួន ការសម្រួលចរាចរណ៍ និងវិស័យដឹកជញ្ជូន ប្រកបដោយភាពរលូន។ ចំណែកឯការគ្រប់គ្រងលើអភិបាលកិច្ចទីក្រុងវិញនឹងចាប់ផ្តើមធ្វើដោយប្រព័ន្ធបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពខ្ពស់ និងឆាបរហ័ស។
ចំពោះលក្ខខណ្ឌចរាចរណ៍វិញអាចនឹងមានលក្ខខណ្ឌល្អប្រសើរ ព្រោះមនុស្សនឹងចាប់ផ្តើមប្រើប្រាស់បណ្តាញអនឡាញដើម្បីបញ្ជាទិញរបស់របរប្រើប្រាស់នានា ឬទិញទំនិញសំខាន់ៗនៅក្នុងផ្ទះ (house shopping) ដែលវាអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ប្រសិនបើបណ្តាញអុីនធើណិតត្រូវបានគេរៀបចំឱ្យមានល្បឿនលឿន និងមានគុណភាពខ្ពស់។
ងាកមកវិស័យដឹកជញ្ជូនអ្នកដំណើរសាធារណៈវិញ គឺមិនខុសពីទីក្រុងធំៗប៉ុន្មាននោះទេ បណ្តាញដឹកជញ្ជូនអ្នកដំណើរស្វ័យប្រវត្តិដោយគ្មានមនុស្សបើកនឹងចាប់ផ្តើមប្រកួតប្រជែង ហើយក្លាយជាវិធីសាស្ត្រសំខាន់សម្រាប់ការរស់នៅរបស់ប្រជាជននៅក្នុងក្រុងដែលអភិវឌ្ឍខ្លួនឱ្យក្លាយជាទីក្រុងឆ្លាតវៃ។ ចំពោះប្រព័ន្ធផ្ទុកទំនិញ ឬឃ្លាំងវិញក៏នឹងចាប់ផ្តើមផ្លាស់ប្ដូរ ដោយជំនួសមកវិញនូវចំនួនគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិហើយកាត់បន្ថយចំនួនមនុស្ស បន្ទាប់មកទៀតការធ្វើការងារដោយការចាប់ផ្តើមប្រើប្រាស់ដ្រូនក្នុងវិស័យដឹកជញ្ជូនទំនិញឯកជនក៏នឹងចាប់ផ្តើមរីកដុះដាលឡើង ដែលអាចធ្វើឱ្យការចែកចាយទំនិញពីក្នុងឃ្លាំងទៅកាន់អតិថិជនបានកាន់តែលឿនឡើង។
ចំពោះវិស័យសុខាភិបាលវិញ យើងនឹងឃើញថា នឹងមានការចាប់ផ្តើមប្រើប្រាស់បណ្តាញបច្ចេកវិទ្យាទំនើបព្រោះការភ្ជាប់ទំនាក់ទំនងជាមួយនឹងស្ថាប័នសុខាភិបាលអាចប្រើប្រាស់តាមបណ្តាញបច្ចេកវិទ្យាដែលមាននៅក្នុងទូរស័ព្ទដៃរបស់មនុស្សម្នាក់ៗបាន ហើយផ្នែកកសិកម្មនៅតំបន់ជាយក្រុងក៏នឹងប្រែក្លាយពីការប្រើប្រាស់មនុស្ស និងគ្រឿងចក្រពាក់កណ្តាលស្វ័យប្រវត្តិទៅជាប្រព័ន្ធស្វ័យប្រវត្តិទាំងស្រុង។
បច្ចេកវិទ្យាទាំងអស់នេះត្រូវបានគេមើលឃើញថា អាចនឹងធ្វើឱ្យមនុស្សដែលរស់នៅក្នុងទីក្រុងឆ្លាតវៃ (smart city) អាចនឹងមានភាពងាយស្រួលច្រើន ហើយថែមទាំងអាចកាត់បន្ថយការបំពុលបរិស្ថានបានច្រើនផងដែរ។ លើសពីនេះទៅទៀត ការរកស៊ី និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសនីមួយៗនឹងចាប់ផ្តើមកាន់តែមានភាពងាយស្រួលឡើង ដែលអាចធ្វើឱ្យកើតមានអាជីវកម្មពហុជាតិសាសន៍ រួមទាំងនវានុវត្តន៍ថ្មីៗជាច្រើនផ្សេងទៀតដែលឆ្លើយតបទៅនឹងរបត់ថ្មីនៃការរស់នៅរបស់មនុស្សក្នុងពិភពលោក៕