Skip to content

ដំណាំ ត្រកួនចិន

ត្រកួន​ចិន ឬ​ឈ្មោះ​ខាង​វិទ្យាសាស្ត្រ​ហៅថា Ipomcea aquatica Forsk ជា​បន្លែ​ចេញ​ត្រួយ​ពេញ​មួយឆ្នាំ មាន​លក្ខណៈ​ជាដើមត្រង់ៗពណ៌​បៃតងខ្ចី មាន​ផ្កា​ពណ៌​ស កម្ពស់​ដើម​ប្រមាណ​ជា40-50សង់ទីម៉ែត្រ គេ​និយម​បរិភោគ​ទាំង​ដើម និង​ស្លឹក ព្រោះ​ជា​បន្លែ​មាន​ប្រយោជន៍ ថែមទាំង​មាន​សារធាតុ​ត្រជាក់​ទៀតផង ទើប​ជា​បន្លែ​ដែល​អាចជួយ​សម្រាល​អាការ​ក្ដៅ​ក្នុង​បាន​យ៉ាង​ល្អ។ បន្លែ​ត្រកួន​មាន​ច្រើន​ពូជ​ណាស់ តែ​សម្រាប់​នៅក្នុង​ប្រទេស​យើង​វិញ គេ​និយម​ដាំ “ត្រកួន​ចិន”។

គ្រប់​ចំណែក​របស់​ដើម​ត្រកួន​ចិន​អាច​យកមក​ចម្អិន​ធ្វើជា​ម្ហូបអាហារ​ដើម្បី​ទទួលទាន​បាន​ច្រើន​មុខ​ច្រើនយ៉ាង​ណាស់ តាំងពី​បរិភោគ​ត្រួយខ្ចីស្រស់ឆៅ ឬ​ស្រុស​ធ្វើជា​អន្លក់ ឆា ស្លម្ជូរ-ល- ទើប​អាច​និយាយបានថា ត្រកួន​ចិន គឺជា​បន្លែ​ចម្ការ​ក្នុងផ្ទះ​ដ៏​ពេញនិយម​ដែល​ងាយស្រួល​ដាំ និង​អាច​បេះ​យកមក​ធ្វើជា​អាហារ​បាន​ពេញ​មួយឆ្នាំ។

**ការដាំ
ការត្រៀម​ដី: ភ្ជួរ​ដាស់ដី​ជម្រៅ​ប្រមាណ30-40សង់ទីម៉ែត្រ រួច​ហាល​ទុកចោល1-2អាទិត្យ បន្ទាប់មក​ដាក់​ជីលា​មក​គោ ឬ​ជីធម្មជាតិ រួច​រាស់​ច្របល់​ឱ្យចូល​គ្នា​ជាមួយ​ដី ហើយ​លើកជា​រង​ទទឹង​ទំហំ1.5-2ម៉ែត្រ កម្ពស់​ប្រមាណ10-15សង់ទីម៉ែត្រ ដោយ​ទុកចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ទទឹង30-40សង់ទីម៉ែត្រ។ ព្យាយាម​កៀរ​ដី​ខាងលើ​រង​ឱ្យ​រាប​ស្មើគ្នា ដើម្បីឱ្យ​ដើម​ត្រកួន​បាន​លូតលាស់​ឡើង​ស្ថិតក្នុង​កម្ពស់ស្មើៗគ្នា​ទាំងអស់។ បើ​ដី​មាន​ជាតិ​អាស៊ីត​ច្រើន ចូរ​ដាក់​ម្សៅ​កំបោរ​ស​ចូលទៅ​ ដើម្បី​កែសម្រួល​សភា​ពដី​ឱ្យ​ល្អ​ឡើងវិញ​បន្តិច។

វិធី​ដាក់​ដាំ: យក​គ្រាប់ពូជ​ត្រកួន​ចិន​ទៅ​ត្រាំ​ទឹក​ក្ដៅឧណ្ហៗ ជ្រើសរើស​ស្រង់​គ្រាប់​ណា​ដែល​អណ្ដែត​ទឹក​ចេញ រួចហើយ​យក​គ្រាប់ពូជ​ដែល​លិច​ក្នុង​ទឹក​មក​ដាក់​ត្រាំ​បន្ត​រយៈពេល12ម៉ោង​ទៀត បន្ទាប់មក​សឹម​យក​គ្រាប់ពូជ​ទាំងនោះ​ទៅ​ព្រោះ​នៅលើ​រង ឬក៏​រោយ​ជាជួរៗក៏បានដោយ​ទុកចន្លោះ​កណ្ដាល​ពី​ជួរនីមួយៗប្រមាណ1.5សង់ទីម៉ែត្រ។ បន្ទាប់ពីនោះ ទើប​រោយ​លុប​ពីលើស្ដើងៗដោយ​ជីលា​មក​គោ ឬ​ជីធម្មជាតិព្រមទាំង​គ្របពីលើ​ដោយ​ចំបើងស្ងួតមួយ​ជាន់​ទៀត មុននឹង​ស្រោច​ទឹក​ព្រមជាមួយ​ទឹក​ជីធម្មជាតិ​សរីរាង្គ​ពីលើ។ ប្រមាណ​ជា2-3ថ្ងៃ កូន​ត្រកួន​នឹង​ចាប់ផ្ដើម​លាស់​ចេញមក ហើយ​រីក​ធំធាត់​លូតលាស់​ឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់​ពេល​ប្រមូល​ផល។

**វិធី​មើលថែទាំ
ការ​ស្រោច​ទឹក: ត្រកួន​ចិន​ជា​បន្លែ​ដែល​ចូលចិត្ត​ដី​ត្រជាក់​សើម តែ​មិន​ដក់​ទឹក​ប៉ប៉ិចប៉ប៉ាច់។ ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ជាប់លាប់ មួយថ្ងៃ 1-2ដងតែ​ត្រូវ​ផ្អាក​ចន្លោះ​ថ្ងៃ​ណា​ដែលមាន​ភ្លៀង​ធ្លាក់។

ការដាក់​ជី: ចូរ​ដាក់​ជីធម្មជាតិ​សរីរាង្គ​រៀងរាល់ 7 – 10ថ្ងៃ​ម្ដង ព្រមទាំង​ស្រោច​ទឹក​លាយ​ទឹក​ជីធម្មជាតិ​សរីរាង្គ​បន្ថែម​ពីលើ​ការដាក់​ជី​មួយជាន់​ទៀត ឬ​ចង់​ជ្រើសរើស​ប្រើ​ជី​រូបមន្ត 25-7-7 ដោយ​អាចដាក់ស្ដើងៗដើម្បី​ជំរុញ​ការរីកចម្រើន​ធំធាត់​ថែមទៀត​ក៏បាន។

ការការពារ និង​ការកម្ចាត់​សត្រូវ​ដំណាំ: បើ​ឃើញថា មានការ​រាតត្បាត​ដោយ​មេរោគ និង​សត្វល្អិត​សត្រូវ​ដំណាំ ចូរ​ប្រើ​ទឹក​ថ្នាំ​ដែល​ចម្រាញ់​ពី​សម្បក ឬ​ស្លឹក​ស្ដៅ ម្រេច និង​ថ្នាំជក់ លាយ​ជាមួយ​ទឹក​បាញ់​ពីលើ​ដើម​ត្រកួន​មួយថ្ងៃ​ម្ដងនៅពេលល្ងាច។

**វិធី​ប្រមូល​ផល
ក្រោយ​ពីព្រោះ​គ្រាប់ពូជ​ត្រកួន​ចិន​នៅលើ​រង​បាន​ប្រមាណ​ជា20-25ថ្ងៃ​រួចមក គេ​អាចធ្វើ​ការប្រមូល​ផល​ដោយ​ធ្វើ​ការដក​ឡើង​ទាំង​ឫស តែ​មុននឹង​ធ្វើការ​ប្រមូល​ផល ចូរ​ស្រោច​ទឹក​ឱ្យ​សើម​ជោក​ជាមុនសិន​ដើម្បីឱ្យ​ងាយស្រួល​ក្នុង​ការដក និង​ធ្វើឱ្យ​ដើម​ត្រកួន​នៅ​ស្រស់​ល្អ មិន​បែក​ជាំ៕

Leave a Reply

Your email address will not be published. Required fields are marked *