កីឡាករប្រកបដោយភាពជោគជ័យបំផុត Ryan Giggs របស់ក្លិប Manchester United បានដឹកនាំឱ្យមានការធ្វើសារជូនពរជាច្រើនមួយផ្សេងទៀត ពីពិភពកីឡាបាល់ទាត់សម្រាប់អតីតអ្នកចាត់ការទូទៅរបស់ពួកគេ គឺលោក Alex Ferguson ក្រោយពីបុរសសញ្ជាតិស្កុតលែនម្នាក់នេះទទួលការវះកាត់ខួរក្បាល។
ខណៈដែលត្រូវបានចាត់ទុកថា ជាអ្នកចាត់ការទូទៅដ៏មានភាពជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាបាល់ទាត់ចក្រភពអង់គ្លេស លោក Ferguson វ័យ 76ឆ្នាំ បានឈ្នះពានសរុប 38ពាន ក្នុងរយៈពេល 26ឆ្នាំ ក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Man United ក្នុងនោះរាប់បញ្ចូលទាំងការឈ្នះពានក្របខ័ណ្ឌ Premier League ចំនួន 13លើក និងពាន Champions League 2លើកផងដែរ មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ2013។ Man United មិនបានផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងស្ថានភាពរបស់លោក Ferguson ទៀតឡើយ បន្ទាប់ពីបានបញ្ជាក់ថា ដំណើរការនៃការវះកាត់សាច់ដុះក្នុងខួរក្បាល កាលពីថ្ងៃសៅរ៍ បានដំណើរការយ៉ាងល្អ ប៉ុន្តែចាំបាច់ត្រូវតែមានការថែទាំយ៉ាងយកចិត្តទុកដាក់ អំឡុងពេលលោកសម្រាកព្យាបាលក្រោយវះកាត់។
លោក Giggs ដែលបច្ចុប្បន្នជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ គឺជាសមាជិករបស់ក្រុមរបស់លោក Ferguson ដែលបានឈ្នះពាន 13លើកក្នុងការលេងអាជីពរយៈពេល 24ឆ្នាំរបស់គាត់ នាកីឡដ្ឋាន Old Trafford។ Giggs បានប្រាប់ទូរទស្សន៍ BBC ថា៖ «បច្ចុប្បន្ន គឺជាពេលវេលានៃការជូនពរ និងសង្ឃឹមថាគាត់អាចជាសះស្បើយយ៉ាងឆាប់រហ័ស។ គាត់មានឥទ្ធិពលដ៏ធំបំផុតក្នុងអាជីពរបស់ខ្ញុំ ទាំងនៅលើទីលាន និងក្រៅទីលាន»៕
ប្រភពពី៖ Channel News Asia