Neymar នឹងមានវត្តមានក្នុងការប្រកួតពាន French Cup វគ្គផ្តាច់ព្រ័ត្រ នៅរាត្រីនេះ រវាងក្រុម Paris Saint-Germain និង Les Herbiers។ នេះបើយោងតាមការប្រកាសរបស់ Thiago Silva ប្រធានក្រុមនៃក្រុម PSG។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ នៅមុនពេលការប្រកួតនេះ Silva បានប្រាប់អ្នកយកព័ត៌មានថា៖ «រូបគេទទួលបានការលើកទឹកចិត្តទាំងស្រុង ប៉ុន្តែបាននិយាយថា រូបគេមិនអាចហ្វឹកហាត់ជាមួយនឹងពួកយើងបានឡើយ។ រូបគេនឹងមានវត្តមានដើម្បីគាំទ្រពួកយើងនៅថ្ងៃស្អែកនេះ នាកីឡដ្ឋាន Stade de France ហើយខ្ញុំគិតថា រូបគេនឹងមានការរីករាយ»។ Neymar បានវិលទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ ដើម្បីបន្តការសម្រាកព្យាបាលរបស់គេ រយៈពេល 2ខែ ក្រោយពីទទួលបានការវះកាត់ប្រអប់ជើងរបស់គេ នៅក្នុងប្រទេសប្រេស៊ីល។
រូបគេប្រហែលមិនអាចចូលលេងឱ្យក្រុម PSG ម្តងទៀតឡើយនៅរដូវកាលនេះ ខណៈដែលការផ្តោតអារម្មណ៍របស់គេនាពេលបច្ចុប្បន្នគឺទៅលើការត្រៀមលក្ខណៈឱ្យទាន់ពេលសម្រាប់យុទ្ធនាការ World Cup ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នាខែមិថុនា និងកក្កដា។ Silva បានបន្ថែមទៀតថា៖ «Neymar កំពុងតែមានសុខភាពល្អ។ វាពិតណាស់ រូបគេកំពុងតែសម្រាកព្យាបាល។ គេចាប់ផ្តើមហ្វឹកហាត់រួចជាស្រេចក្នុងក្លិបហាត់ប្រាណ»។ PSG គឺជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន ក្នុងពេលប៉ះជាមួយនឹងក្រុម Les Herbiers នៅរាត្រីនេះ ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Ligue 1 និងពាន League Cup រួចមកហើយនៅរដូវកាលនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 2:05ទៀបភ្លឺ៕
ប្រភពពី៖ Channel News Asia