Skip to content

បន្ទប់ផ្ទះបាយ Size Mini 4 បែប… តូចមែន តែមានគំនិតខ្ពស់

គេ​នាំគ្នា​និយាយថា បន្ទប់​ផ្ទះបាយ គឺជា​បេះដូង​ចម្បង​របស់​ផ្ទះ បើ​គ្មាន​បន្ទប់​ផ្ទះបាយ ប្រហែលជា​ត្រូវ​ទិញ​ម្ហូប​ថង់​មក​ទទួលទាន​រាល់ថ្ងៃ​មិន​ខាន តែ​ត​ឱ្យ​ជា​ម្ហូបអាហារ​ថង់​យ៉ាងណា ក៏ត្រូវ​តែមាន​បន្ទប់​ផ្ទះបាយ​ដដែល​ហ្នឹង! មែន​ទេ? ព្រោះ​ណាមួយ​ត្រូវ​លាងចាន-​ក្បាន​ទុកដាក់ កម្ដៅ​ម្ហូបអាហារ និង​ការងារ​ចង្ក្រាន​ជើង​ឆ្នាំង​មួយ​គំនរ​ទៀត ដូច្នេះហើយ​ទើប​បន្ទប់​ផ្ទះបាយ​ចាំបាច់​ណាស់​សម្រាប់គ្រប់ផ្ទះ តែ​ទំហំ​របស់​បន្ទប់​ផ្ទះបាយ​មិនចាំបាច់​ត្រូវតែ​ធំ​ជានិច្ច​នោះទេ។ ដែល​ខំ​រៀបរាប់​ហូរហែ​មក​បែបនេះ មិនមែន​មានអី​ធំ​ដំ​ុ​នោះទេ គ្រាន់តែ​ចង់ឱ្យ​មិត្ត​អ្នកអាន​ណា​ដែល​ផ្ទះ​មាន​ទីធ្លា​បន្ទប់​ចង្ក្រាន​បាយ​មានកំណត់​នោះ ងាក​មក​រៀបចំ​តុបតែង​បន្ទប់​ផ្ទះបាយ​ឱ្យបាន​ស្អាត​ម្ដង​ជាមួយនឹង 4បែបនៃ​បន្ទប់​ផ្ទះបាយ​ទំហំ​តូច តែស្អាតៗតែប៉ុណ្ណោះ។

បែបទី1

បន្ទប់​ចង្ក្រាន​បាយ​តូច តែមួយ​ជ្រុង
បន្ទប់​ផ្ទះបាយ​ខ្នាតតូច​ក្នុង​បរិយាកាស​ពណ៌​ឈើ​ធម្មជាតិ មាន​ទីធ្លា​ប្រើប្រាស់​ត្រឹមតែ​បន្តិចបន្តួច តែ​ក៏មាន​ឧបករណ៍​គ្រប់​សម្រាប់​រាល់​ការប្រើ​ការ។ ដោយ​ចាប់ផ្ដើម​ពី​ការច្នៃ​ម៉ូដ​ឱ្យ​ក្លាយជា​បន្ទប់​ផ្ទះបាយ​តែមួយ​ជ្រុង​ជាប់​ជញ្ជាំង ក្រាល​ឥដ្ឋការ៉ូ​ពណ៌​ឈើ​ធម្មជាតិ។ ខាងក្រោម​តុ​ដាក់​ម៉ាស៊ីនបោកខោអាវ​ខ្នាត​មី​នី​សន្សំសំចៃ​ទីកន្លែង អាង​លាងចាន​តូច​មួយ និង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​អាចដាក់​នៅលើ​តុ​នៅក្នុង​ផ្ទះបាយក៏បាន។ ធ្វើ​បង្កាន់ដៃ​ដែក​អីុណុ​កជាប់​ជញ្ជាំង​ទុក​ព្យួរ​ឧបករណ៍​ផ្ទះបាយ​ដែល​ត្រូវ​ប្រើ​ជាប្រចាំ គ្រឿង​បន្ថែម​រសជាតិ​ដាក់​តម្រៀប​ជា​ជួរ​ស្រេច និង​ទូ​ជាប់​ជញ្ជាំង​សម្រាប់​ទុកដាក់​ចានក្បាន។

បែបទី2

តូច តែ​ខ្លឹម
បើ​អ្នកណា​ស្នាក់អាស្រ័យ​នៅក្នុង​បន្ទប់​អា​ផាត​មិន ឬ​ខុន​ដូ​ ដែល​ទីធ្លា​មានកំណត់​នោះ ប្រាកដ​ណាស់​​ថា បន្ទប់​ផ្ទះបាយ​របស់​អ្នកច្បាស់​ជា​ត្រូវ​ប្រើការ​រួមជាមួយ​បន្ទប់​ផ្សេងទៀត និង​មិនបាន​បែងចែក​ទីកន្លែង​ប្រើការ​យ៉ាងច្បាស់​លាស់​ឡើយ ដោយ​ចាត់ចែង​ទុក​ត្រឹមតែ​ជ្រុង​តូច​មួយ​ប៉ុណ្ណោះ។ មុនគេ​បង្អស់ គឺ​ត្រូវ​កំណត់​ទីធ្លា​ជាមុនសិន ទុកដាក់​របស់គ្រប់យ៉ាងឱ្យ​ទៅជិតជញ្ជាំងបំពាក់​ទូ​ព្យួរ​ឧបករណ៍​សម្រាប់​ទុកដាក់ តុ​បាយម៉ូដ​បែប​សាមញ្ញ​សមល្មម​នឹង​ទីធ្លា លាក់​ភាជនៈផ្សេងៗ និង​ឧបករណ៍​គ្រប់យ៉ាង​ទុក​នៅក្នុង​ទូ​ ដើម្បី​ភាព​មាន​របៀប និង​មើលទៅ​ស្អាត​ភ្នែក​គួរឱ្យ​ចង់​ប្រើការ​រាល់ថ្ងៃ។

បែបទី3

បន្ទប់​ផ្ទះបាយ​ស្រឡះ សែន​ស្អាត
បន្ទប់​ផ្ទះបាយ​របស់​មនុ​ស្សវ័យ​ក្លៀវក្លា​សម្រាប់​អ្នក​ដែល​និយម​ចូលចិត្ត​ភាពស្រឡះ។ ស៊ីម៉ង់ត៍លាតគ្មាន​លាប​ពណ៌ គឺជា​សម្ភារ​ដែល​បង្ហាញ​ពី​ភាពសាមញ្ញ​បាន​គ្រប់ពេលវេលា។ គំនិតនេះ គឺយកស៊ីម៉ង់ត៍​ធ្វើជា​តុ​បាយនៅក្នុងផ្ទះបាយ ជ្រើសរើស​បំពាក់​ទូ​ថ្នាក់​សម្រាប់​ដាក់​របស់រ​បរ​ឱ្យស័ក្តិសម ​ដោយមានជាន់ថ្នាក់ធ្វើពីឈើ​នៅ​ផ្នែក​ខាងក្រោម ខណៈដែល​ធ្នើរ​ដាក់​របស់របរ​ផ្នែក​ខាងលើ​បើកចំហ ជួយ​ឱ្យ​ការចាប់យក​ឧបករណ៍​ចម្អិន​ម្ហូបអាហារ​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​ឡើង។ ប្រើប្រាស់​ទីធ្លា​មិន​ច្រើន ត្រឹមតែ​ជញ្ជាំង​មួយ​ខាង និង​ប្រើ​រួមគ្នា​ជាមួយ​បន្ទប់​ទទួលទាន​អាហារ។

បែបទី4

តុ​កណ្ដាល​បន្ទប់​ក្នុង​ក្ដី​ស្រមៃ
សម្រាប់​បន្ទប់​ផ្ទះបាយ​ខ្នាតតូច តែ​ក៏​ចង់​មាន​តុ​នៅ​កណ្ដាល​បន្ទប់​ដែល​អាច​ច្នៃ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​នោះ តុ​ថ្ម​ម៉ាប​អាចជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ទាំង​ការ​ទទួលទាន​អាហារ​ពេលព្រឹក​បែបងាយៗ និង​ជា​តុ​សម្រាប់​ត្រៀម​រៀបចំ​ម្ហូបអាហារ​ទៀតផង។ ចំណែក​តុ​សម្រាប់ត្រៀម​អាហារ​វិញ ជា​បែប​មី​នី​ស្ទូ​ឌី​យោ ស័ក្តិសម​បំផុត​សម្រាប់​បន្ទប់​ដែលមាន​ទីធ្លា​តូច គ្រប់យ៉ាង​ស្ថិតនៅក្នុង​ទូ​តែមួយ ទាំង​អាង​លាងចាន ចង្ក្រាន​ម៉ៃ​ក្រូ​វេ​ហ្វទូទឹកកក និងធ្នើរថ្នាក់ៗដាក់​របស់របរជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *