Skip to content

ស្មា​ត​ហ្វូ​ន Android 2018 ជាមួយ Feature និង​លក្ខណសម្បត្តិ​ ដ៏​ពេញនិយម​នាពេល​អនាគត

មនុស្ស​ជាច្រើន​ប្រហែលជា​និយាយថា “ស្មា​ត​ហ្វូ​ន​ចាប់ផ្ដើម​លែងមាន​អី​ថ្មី​ហើយ” បន្ទាប់ពី​ឆ្នាំ​ដែលកន្លងៗទៅ ភាគ
ច្រើន​មានតែ​ស៊េរី និង​ម៉ូដដដែលៗ មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ។ តែ​ក្នុង​ឆ្នាំ2018នេះ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​នធំៗចាប់ផ្ដើម​អភិវឌ្ឍ​លក្ខណសម្បត្តិ និង Feature ដែល​ប្លែកថ្មីៗចេញ​មកទៀត​ជាច្រើន ដែល​នៅក្នុង​ឆ្នាំនេះ វា​នឹង​ក្លាយជា​ទិសដៅ​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​សម្រាប់​អនាគត។ តើ​មាន​អ្វី​ថ្មី​ខ្លះ យើង​នាំគ្នា​មក​មើល​ដូចតទៅ។

អេក្រង់​គ្មាន​គែម
ទោះជា​ធ្លាប់មាន​ស្មា​ត​ហ្វូ​ន​អេក្រង់​គ្មាន​គែម​ដំបូង​គេ​គឺ Sharp Aquos Crystal ដែល​បង្ហាញខ្លួន​ឡើង​តាំងពី​ឆ្នាំ2014 ក៏ដោយ តែ​ Trend នេះទើបតែ​មក​ល្បី​មែនទែន​នៅ​ឆ្នាំ2016 ក្រោយពី Xiaomi Mi Mix បង្ហាញខ្លួន​ឡើង និង​ចាប់ផ្ដើម​តាម​គ្នា​មក​ក្រោយ​បង្ហាញខ្លួន Samsung Galaxy S8 ជាមួយ Note 8 និង iPhone X ហ្នឹងឯង។ សម្រាប់ Feature គ្មាន​គែម ភាគច្រើន​នឹង​ចេញមក​ព្រមជាមួយ​ទំហំ18ៈ9 មាន​ចំណុច​ល្អ​ត្រង់​ដែល​ធ្វើឱ្យ​ទូរស័ព្ទ​កាន់តែ​ស្អាត​ខ្លាំង​ឡើង និង​ជួយ​ឱ្យមាន​អេក្រង់​កាន់តែ​ធំ​ឡើង តែ​តួ​គ្រឿង​មិនធំ​តាម។ តែ​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំណុច​មិនល្អ​ដែល​រង់ចាំ​ការកែសម្រួល​ដែរ ដូចជា App មួយចំនួន​នៅ​មិនទាន់ Support ការបង្ហាញ​ទិន្នន័យ​ជាមួយ​អេក្រង់​នេះ និង​ការមើល​វីដេអូ​បែប​បើក​ឱ្យ​ពេញ​អេក្រង់​ដែល​អាចធ្វើឱ្យ​រូបភាព​ត្រូវ Crop បាត់អស់​មួ​ួ​យ​ផ្នែក។

កាមេរ៉ា​គូ (oo)
ត​ពី​ Trend គ្មាន​គែម​មក ក៏មាន Feature ដែល​ចេញមកមួយគូៗដូចជា Dual Camera ឬ​កាមេរ៉ា​ក្រោយ​មួយគូ (oo) ដែល​សព្វថ្ងៃនេះ​ចាប់ផ្ដើម​មាន​នៅលើ​ស្មា​ត​ហ្វូ​ន​ស្ទើរតែ​គ្រប់​ស៊េរី​ទៅហើយ ដូចជា Samsung ដែល​ទើបតែ​ដាក់​មក​នៅក្នុង S9+ ថ្មីៗនេះឯង និង​ខាង Sony ក៏​ចាប់ផ្ដើម​បង្ហើប Feature នេះ​ឱ្យឃើញ​ដែរ ដែលគេ​រំពឹងថា​នឹង​ចេញមក​នៅក្នុង “Sony Xperia XZ Pro” ដែល​កំពុង​នាំគ្នា​ល្បីថ្មីៗនេះឯង។ ចំណែក​កាមេរ៉ា​គូ​នៅទីនេះ​ក៏មាន​ន័យ​ពី​លេន​ស៍​ពីរ​គ្រាប់​ដែរ ចែកចេញជា​លេន​ស៍ Telephoto និង​លេន​ស៍ Wide ឬ Normal មក​បំពាក់​នៅជិតៗគ្នា ដោយ​ការធ្វើការ​ក៏​នឹង​ឆ្លាស់គ្នា​តាម​ការ​ប្រើការ។

កាមេរ៉ា​វីដេអូ Slow Motion
សម្រាប់ Feature នេះ គឺ​ការថត​វីដេអូ​បែប​ស្លូ​ម៉ូ​ស្សិន(រូបភាពយឺត) ដូច​ឈ្មោះ​ហៅ​អ៊ី​ចឹ​ងធ្វើឱ្យ​យើង​សប្បាយ​ជាមួយនឹង​ការថត​វីដេអូ​កាន់តែខ្លាំង​ឡើង ហើយ​សម្រាប់​ប្រែ៊ន​ដ៍​ដំបូង​គេ​ដែល​ធ្វើបាន​នោះ​គឺ Sony លើ​ស៊េរី XZ1 កាលពី​ឆ្នាំទៅ ដែល​អាច​ថត​វីដេអូ​ស្លូ​ម៉ូ​ស្សិន​បែប 960fps ក្នុង​មួយ​វិនាទី ក្នុង​ភាព​លម្អិត​ច្បាស់​កម្រិត HD (720p) រហូត​កាលពីពេលថ្មីៗនេះ​ខាង Samsung បានបង្ហាញ Galaxy S9 និង S9+ ដែល​ចេញមក​ព្រមជាមួយ​កាមេរ៉ា Slow Motion ដូចគ្នា​ដែរ ធ្វើឱ្យ Feature នេះ​ត្រូវបាន​គេ​លើ​កមក​និយាយ​ជាថ្មី​ម្ដងទៀត (ដោយសារ​កម្លាំង​ទីផ្សារ​របស់ Samsung) តែ​មិនទាន់បាន​ល្បី​ប៉ុន្មាន​ផង ខាង Sony ក៏​បង្អួត Feature ថត​វីដេអូ​ស្លូ​ម៉ូ​ស្សិន​បែប 960fps ដែលមាន​ភាព​លម្អិត​ច្បាស់ Full HD (1080p) ចេញ​មកទៀត​ក្នុង XZ2 ដែល​ទើប​បង្ហាញខ្លួនថ្មីៗនេះឯង។

RAM 6GB+
នាំគ្នា​មក​មើល​ផ្នែក​លក្ខណសម្បត្តិ​វិញ​ម្ដង។ បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​ស្ទើរតែ​គ្រប់​ស៊េរី​តែង​ចេញមក​ព្រមជាមួយ RAM 4GB ឡើង​តែម្ដង ដើម្បី​ការប្រើ​ការដែល​រលូន​ល្អ តែដោយសារ​តែមាន​ទាំង App ដែល​ត្រូវ​ប្រើ​RAM​ធំ​ឡើង និង​រួមជាមួយ​ទង្វើ​របស់​អ្នក​ប្រើ​ដែល​ចូលចិត្ត​បើក App ច្រើនដំណាលៗគ្នា(Multitasking) ធ្វើឱ្យ​ត្រូវ​ប្រើ​ទំហំ​ផ្ទុក​ក្នុង​ផ្នែក​នេះ​ច្រើន​ផង​នោះ ទើបថ្មីៗនេះ​ខាង Asus បានបង្ហាញ​ខ្លួន Zenfone 5Z ដែល​ចេញមក​ព្រមជាមួយ​RAMឱ្យ​ជ្រើសរើស​ដល់​ទៅ 8GB តែម្ដង ចំណែក​ស៊េរីផ្សេងៗទៀត​ក៏​ចេញមក​ព្រមជាមួយ RAM 6GB ដូចជា Samsung Galaxy S9+, LG V30S ThinQ និង Nokia 8 Sirocco ជាដើម ទើប​ក្លាយជា​ថា RAM ស្មា​ត​ហ្វូ​ន​សម័យថ្មី​នេះ​ត្រូវតែ​ចេញមក​ព្រមជាមួយ​ទំហំ 6GB ឡើងទៅ​តែម្ដង។

កន្លែង​ស្គែ​ន​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់
ពេលនេះ​មាន​ប្រែ៊ន​ដ៍​តែមួយគត់​ដែល​សម្រុក​ធ្វើ គឺ Vivo ដោយ​នៅក្នុង​ពិធី​តាំងពិព័រណ៍ CES 2018 Vivo ក៏បាន​បង្ហាញ​គំរូ​ដើម​រួចរាល់​ហើយ​នៅក្នុង​ស៊េរី Vivo X20 Plus UD បែប​ពេញលេញជា​លើកដំបូង និង​កាលពីពេលថ្មីៗនេះ ក៏មាន​បង្ហាញ​គំរូ​មួយ​ម៉ូ​ដែល​ទៀត​ក្នុង​ឈ្មោះថា “Apex” ដែល​ចេញមក​ព្រមជាមួយ​ស្គែ​ន​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​ដូចគ្នា តែ​លើក​នេះ​កន្លែង​ស្គែ​ន​ធំ​ទូលាយ​ជាង​មុន​ច្រើន និង​ក្រៅពី​ស្គែ​ន​​ស្នាម​ខ្ចៅ​ម្រាមដៃ​ក្រោម​អេក្រង់​ហើយ នៅ​ចេញមក​ព្រមជាមួយ​អេក្រង់​គ្មាន​គែម​ទៀតផង។

e-SIM
ទោះជា​នៅ​មិនទាន់មាន​នៅក្នុង​ស្មា​ត​ហ្វូ​ន​ក៏ដោយ តែ​គេ​ជឿថា នៅពេល​ខាងមុខ​នឹង​ប្រាកដ​ជាមាន​មិន​ខាន​ក្រោយពី​ខាង Apple បាន​ញាត់ Feature នេះ​នៅក្នុង Apple Watch Series 3 ដែល​បាន​ដាក់លក់​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អា-ស៊ី​រួចហើយ។ សម្រាប់ e-SIM នេះ​គឺជា​ស៊ីម​កាត​បែប​ថ្មី ដែល​ពីមុន​ធ្លាប់ជា​ឈិ​ព​ក្នុង​រូបរាង​ជា​កាត​ខ្នាតតូច​មួយ ឥឡូវ​ប្ដូរ​មកជា​ឈិ​ព​បង្កប់​នៅក្នុង​ឧបករណ៍​តែម្ដង ហុច​ផល​ឱ្យ​ឧបករណ៍​នោះ​មិនអាច​ដោះ​ប្ដូរ​ស៊ីម​កាត​បានឡើយ តែ​ជំនួស​ដោយ​ចំណុច​ល្អ​មកវិញ​គឺ មិនចាំបាច់​ធ្វើ​កន្លែង​ដាក់​ស៊ីម​-កាត​នាំឱ្យ​ខាត​ទីកន្លែង ធ្វើឱ្យ​អ្នក​ច្នៃ​ម៉ូដ​ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍​ដទៃទៀត​មាន​ទីកន្លែង​សម្រាប់​ដាក់ Feature បន្ថែម​បាន​កាន់តែ​ច្រើនឡើង។

AI
ក្នុង​ឆ្នាំ​កន្លងទៅ យើង​បាន​ភ្ញាក់ផ្អើល​ជាមួយស្មា​ត​ហ្វូ​ន​ដែល​ចេញមក​ព្រមជាមួយ​ខួរក្បាល​សិប្បនិម្មិត(Artificial Intelligence) ឬ AI នៅ​ខាងក្នុង ដែល​ជួយ​ឱ្យ​ស្មា​ត​ហ្វូ​ន​មាន Feature ថ្មីៗតាម​មកជា​ច្រើន ដោយ​តួនាទី​ដែល​លេចធ្លោ​បំផុត ក៏​ប្រហែលជា​គេច​មិន​ផុតពី​រឿង​កាមេរ៉ាដែល​ក្រៅតែពី​ជួយ​ឱ្យ​ថតរូប​បាន​ស្អាត​ហើយ នៅ​ជួយ​ធ្វើជា​កែវភ្នែក​វិសេស​ដែល​អាច​វិភាគ​វត្ថុ​នៅ​​ចំ​ពីមុខ​បាន​ទៀតផង ដូចជា Bixby នៅក្នុង Samsung Galaxy ឬ​ការបកប្រែ​ភាសាតាមរយៈ​កាមេរ៉ា​ដោយ Google Assistant នៅក្នុង​ស្មា​ត​ហ្វូ​ន Android សឹងតែ​គ្រប់​ម៉ូ​ដែល ហើយ​ខាង Apple ក៏មាន Siri ដែល​នៅ​គូ​គ្នា​ជាមួយ iPhone តាំងពីណា​ពី​ណី​មកហើយ ដោយ​វា​ជួយ​ឱ្យ​យើង​អាច​បញ្ជា​តាមរយៈ​សំឡេង​បានតែ​ម្ដង ធ្វើឱ្យ​ការប្រើ​ការ​ស្មា​ត​ហ្វូ​ន​កាន់តែ​មាន​ភាព​សម្បូរបែប​ច្រើនឡើង ដែល​នាពេល​អនាគត​នឹង​រឹតតែ​សម្បូរបែប​ជាងនេះទៅទៀត។

AR
សម្រាប់ AR ឬ Augmented Reality ការបង្ហាញរូបភាពដូចរូបភាពពិតនៅក្នុងពិភពនៃការពិត ឬនិយាយងាយៗក៏គឺ Feature 3D Emoji ឬ Animoji ដែលយើងឃើញមាននៅក្នុង Galaxy S9/S9+ និង iPhone X ហ្នឹងឯង។ ដែលវានឹងដាក់រូបភាពពីលើរូបភាព Emoji បែប 3D លើផ្ទៃមុខរបស់យើងពិតតាមរយៈកាមេរ៉ាស្មាតហ្វូន។ ក្រៅពីផ្នែកនេះហើយ ក៏នៅមានការប្រើរួមជាមួយវ៉ែនតា Mixed Reality ឬ MR ផងដែរដែលជួយឱ្យមើលឃើញរូបភាព AR បានតាមរយៈភ្នែកខ្លួនយើងតែម្ដង ដោយមិនចាំបាច់មើលតាមរយៈអេក្រង់ស្មាតហ្វូនដូចពីមុនឡើយ។

ប្រព័ន្ធ Security ថ្មី
ប្រព័ន្ធ Security ឬ Feature ការពារសុវត្ថិភាពនៅទីនេះ គឺមានទាំង Feature ដោះសោ និងប្រព័ន្ធសុវត្ថិភាពផ្ទៃក្នុងដែលភាគច្រើនមាននៅក្នុងប្រព័ន្ធប្រតិបត្តិការស្រាប់ហើយ ដោយមានអាប់ឌែតថ្មីជារៀងរាល់ខែ។ តែមើលទៅហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយ បន្ទាប់ពីមួយរយៈកន្លងមកនេះមានរបាយការណ៍រឿងស្មាតហ្វូនត្រូវបានហ៊ែកជាញឹកញាប់នោះ ទើបមានការបង្ហាញស្មាតហ្វូនស៊េរីថ្មីដែលចេញមកព្រមជាមួយប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់ដូចជា SikurPhone ស្មាតហ្វូនសែស្រឡាយ Cryptocurrency ដែលចេញមកព្រមជាមួយ e-Wallet នៅក្នុងម៉ាស៊ីនជាមួយប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់ ដែលខាង Samsung ក៏មានបង្ហាញនៅក្នុង Galaxy Note 8 និង Galaxy S8 ស៊េរី Enterprise Edition (EE) ផងដែរ។ គេជឿថា ស្មាតហ្វូនស៊េរីថ្មីៗតទៅទៀតនឹងចេញមកព្រមជាមួយប្រព័ន្ធការពារសុវត្ថិភាពដែលកាន់តែរឹងមាំឡើងមិនខាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *