Skip to content

តោះ! ទៅ​ទស្សនា​ផ្ទះ​ចម្លែក​ នៅក្នុង​ប្រទេស​ហូ​ឡង់​ទាំងអស់គ្នា

ស្ថាបត្យករនីមួយៗតែងតែ​រិះរក​គំនិតប្លែកៗ ដើម្បី​គូរ​ប្លង់​ស្ថាបត្យកម្ម​សំណង់​អគារ​លំនៅឋាន ឬ​អគារ​ពាណិជ្ជកម្ម​នានា ដែល​ជាការ​បន្សល់ទុក​នូវ​ស្នាដៃ ក៏ដូចជា​ការចងចាំ​សម្រាប់​ប្រជាជន​របស់ខ្លួន។ ពេលនេះ​យើង​សូម​នាំ​មិត្ត​អ្នកអាន​ទាំងអស់​ទៅ​ទស្សនា និង​ស្វែងយល់​ពី​សំណង់​ស្ថា​ត្យ​កម្ម​លំនៅឋាន​ថ្មី​មួយកន្លែង​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​សំណង់​លំនៅឋាន​ទូទៅ ហើយ​វារឹតតែ​អស្ចារ្យ​បំផុត ខណៈដែល​សំណង់​លំនៅឋាន​ដែល​ស្ថិតនៅ​ប្រទេស​ហូ​ឡង់ មាន​ឈ្មោះថា​ផ្ទះ Cube House ឬ​ហៅ​ជា​ភាសា​ហូ​ឡង់​ថា Kubuswoningen ត្រូវបាន​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​ទស្សនា​ជា​ហូរហែ។

Cube House គឺជា​ផ្ទះ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ត្រូវបាន​សាងសង់ឡើង​នៅ​ទីក្រុង Rotterdam និង Helmond ប្រទេស​ហូ​ឡង់។ ផ្ទះ​នេះ​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ លោក Piet Blom ដែល​ផ្អែកលើ​គំនិត​នៃ “ការរស់នៅ​លើកដំបូង​នៃ​ទីប្រជុំជន” ខណៈដែល​លំនៅឋាន​នៅក្នុង​ទីក្រុង​ដែលមាន​ដង់ស៊ីតេ​ខ្ពស់​នេះ មាន​ទំហំ​សមស្រប​ទៅនឹង​ទំហំ​ដី ដោយ​រាប់បញ្ចូល​ពី​គោលបំណង​ចម្បងធំៗរបស់​វា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ទំហំ​នៅ​ខាងក្នុងលំនៅឋាន។

ការ​រចនា​របស់​វិចិត្រករ​នេះ គឺជា​តំណាងឱ្យ​ភូមិ​មួយ​នៅក្នុង​ទីក្រុង ដែល​ផ្ទះនីមួយៗតំណាងឱ្យ​ដើមឈើ​មួយ​ដើម និង​ផ្ទះ​ទាំងអស់គ្នា​គឺជា​ព្រៃ។ គំនិត​នៃ​ផ្ទះ Cube នៅ​ជុំវិញ​ពិភពលោក គឺ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ជា​អចិន្ត្រៃយ៍ មានដូចជា​ទីធ្លា​ផ្ទះ ទាំង​ការបែងចែក​បន្ទប់​នៅ​ខាងក្នុង។ ការសាងសង់​សាកល្បង​ចំនួន​បី​ដង ដោយ​លើកដំបូង​នៅក្នុង​ឆ្នាំ1974 និង​នៅ​ឆ្នាំ1977 ដែល​មានផ្ទះ​ចំនួន18 ត្រូវបាន​សាងសង់​នៅក្នុង​ទីក្រុង Helmond។  ផ្ទះ​ជាច្រើន​តម្រូវឱ្យ​សាងសង់​ពី​ឈើ ប៉ុន្តែ​មិនត្រូវ​បាន​គេ​ដឹង​នោះទេ។ ផ្ទះ​នៅ Rotterdam ត្រូវបាន​គេ​រចនា​ឡើង​ក្នុង​ឆ្នាំ1977 ក្នុង​ផែនការ55 ដែល​ក្នុងនោះ​ផ្ទះ​ចំនួន39 ត្រូវបាន​សាងសង់។ ផ្ទះ Cube ស្ថិតនៅក្នុង​ទីក្រុង Helmond បាន​ហ៊ុមព័ទ្ធ​ដោយ​រោង​មហោស្រព​មួយ​ឈ្មោះថា Theatre Speelhuis។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងផ្ទះ​នេះ ត្រូវបាន​រំខាន​ជា​ញឹកញាប់​ដោយសារ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ចង់ដឹង ចង់ឃើញ។ ម្ចាស់ផ្ទះ​ម្នាក់​បានសម្រេច​ចិត្ត​បើក “បង្ហាញ​ផ្ទះ​គំរូ” ដើម្បី​ទាក់ទាញ និង​ផ្តល់ឱកាស​ឱ្យភ្ញៀវ​ទេសចរមក​ចូល​លេង​កម្សាន្ត និង​រស់នៅ។ ផ្ទះ​នេះ​មាន​បី​ជាន់​រួមមាន ជាន់​ទី1មាន​បន្ទប់ទទួលភ្ញៀវ និង​ផ្ទះបាយ ជាន់​ទី2 មាន​បន្ទប់​គេង​ពីរ និង​បន្ទប់ទឹក​ និង​ជាន់​ទី3 ខាងលើ​បង្អស់​ត្រូវបាន​ប្រើ​ជា​សួនច្បារ​តូច​មួយ។

ជញ្ជាំង និង​បង្អួច​នៃ​ផ្ទះ​នេះ ត្រូវបាន​គេ​ធ្វើឱ្យមាន​រូបរាង​កោង​ក្នុង​កម្រិត54,7ដឺ​ក្រេ។ ផ្ទៃដី​សរុប​នៃ​ផ្ទះ​ទាំងមូល​មាន​ទំហំ​ប្រហែល100ម៉ែត្រការ៉េ។ នៅ​ឆ្នាំ2006 សារមន្ទីរ​មួយ​ត្រូវបាន​បើក​នៅក្រោម​ផ្ទះ​នោះ ហើយ​នៅ​ឆ្នាំ2009 ផ្ទះធំៗ ត្រូវបាន​បំ​លែង​ទៅជា​សណ្ឋាគារ ហើយ​ក្រោយមក​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សណ្ឋាគារ Stayokay របស់​ប្រទេស​ហូ​ឡង់៕

Leave a Reply

Your email address will not be published. Required fields are marked *