Skip to content

បើក​ប្រវត្តិ​មហាវិហារ Saint Basil ភាពស្រស់ស្អាត​ដែល​ត្រូវ​ដូរ​ដោះ​ដោយ​កែវភ្នែក​របស់​ស្ថាបត្យករ

បើក​ប្រវត្តិសាស្ត្រ​មហាវិហារ សេន​ត៍ បា​ហ្ស៊ី​លនៃ​ប្រទេស​រុស្ស៊ី ដែល​ត្រូវ​ចេញ​ម៉ូដ​សាង​ឡើង​យ៉ាង​ស្រស់ស្អាត​ល្អ​វិចិត្ររហូតដល់​ក្រុម​ស្ថាបនិក​ត្រូវ​បញ្ជា​ឱ្យ​ខ្វេះ​គ្រាប់ភ្នែក​ចេញ ដើម្បីឱ្យ​ទីកន្លែង​ផ្សេងទៀត​មិនអាច​ប្រៀប​ស្មើ​បាន។

បើក​ប្រវត្តិ​រឿងរ៉ាវ​របស់​មហាវិហា​រ សេន​ត៍​ បា​ហ្ស៊ី​ល(Saint Basil’s Cathedral) មួយ​ក្នុងចំណោម​មហាវិហារ​ល្បីឈ្មោះ​លំដាប់​ពិភពលោក ដោយ​ភាព​ចម្រុះ​ពណ៌ និង​រូបរាង​ដែល​ស្អាត​ចម្លែក​ភ្នែក​មិន​ដូច​វិហារ​ផ្សេងទៀត។ ស្ថិតនៅលើ​បរិវេណ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​មូ​ស្គូប្រទេស​រុស្ស៊ី វិហារ​មួយ​នេះ​មាន​បញ្ជា​ឱ្យ​សាងសង់ឡើង​ក្នុង​យុគសម័យ​របស់​ស្ដេច ត្យា​អ៊ី​វ៉ា​ន​ ទី4 នៃ​រុស្ស៊ី ឬ​មានរហស្សនាម​ថា “ត្យា​អ៊ីវ៉ានកំពូល​ឃោរឃៅ” ដើម្បី​ជប់លៀង​ឆ្លង​ជ័យជម្នះ​លើ​កងកម្លាំង​ម៉ុង​ហ្គោ​លី​នៅ​ទីក្រុង​ខា​សាន ក្នុង​គ្រិស្តសករាជ 1552 តែ​មហាវិហារ​មួយ​នេះ​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ1555។

វិហារ​មួយ​នេះ​ត្រូវបាន​សាង​ឡើង​ចែកជា​រូប​អគារ​ដូ​ម(Dome) 9ចំណែក ស្ថិតនៅ​ជុំវិញ​ដូ​ម​ទី9 ដែលជា​មណ្ឌលកណ្ដាល មាន​លក្ខណៈ​ជា​អគារ​ដូ​ម​រូបរាង​មើម​ខ្ទឹមបារាំង​ដែលមាន​ពណ៌​ចម្រុះ​ក្បូរក្បាច់​ដែល​ស្មុគស្មាញ​ខុសប្លែក​ពីគ្នា។ ទិដ្ឋភាព​រួម​របស់​វិហារ​មាន​លក្ខណៈ​ជា​រូប​ស្រដៀង​ទៀន​ដែលមាន​អណ្ដាតភ្លើង​ចាំង​ជះ​ពន្លឺ​នៅ​ចុង​កំពូល។ យ៉ាងណាក៏ដោយ កាលពី​ដំបូង តួ​អគារ​ប៉ម​ផ្នែក​ខាងក្រៅ​ជា​ថ្ម​ពណ៌​ស និង​កំពូល​ដូ​ម​គ្មាន​ពណ៌​ចម្រុះ​បែបនេះ​ទេ រហូតដល់​មានការ​ជួសជុល​ឡើងវិញ និង​តុបតែង​បន្ថែម​នៅក្រោយ​សតវត្សរ៍​ទី17។ ក្រៅពីនេះ ទោះជា​មើល​ពី​លក្ខណៈ​ខាងក្រៅ​វិហារ​ទៅ​ឃើញ​រាង​ធំ​ទូលាយ​មែន តែ​ខាងក្នុង​វិញ​ហាក់ដូចជា​តូច និង​ចង្អៀត​បន្តិច។

ស្ថាបនិក​អ្នក​គូរ​ម៉ូដ​ព្រះវិហារ​មួយ​នេះ​មាន​ឈ្មោះថា ផូ​ស្ត៍​និក យ៉ា​ខូវ​លេ​ហ្វ( Postnik Yakovlev) តែ​យ៉ាងណាក៏ដោយ គ្មាន​នរណា​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដថា ក្រោយពី​គូរ​ម៉ូដ​វិហារ​មួយ​នេះហើយ មូលហេតុ​អី​បានជា​រូបគាត់​ពិការភ្នែកមើល​អ្វី​លែងឃើញ​នោះឡើយ? មាន​ត្រឹមតែ​រឿងតំណាលតៗគ្នា​ដោយ​អ្នកស្រុក​ដែលថា គាត់​ត្រូវ​ស្ដេច ត្យា​អី​ុ​វា​៉​ន មហា​ឃោរឃៅ​បញ្ជា​ឱ្យគេ​ខ្វេះ​គ្រាប់ភ្នែកគាត់​ចោល ដើម្បីឱ្យ​គាត់​មិនអាច​ទៅ​គូរ​ម៉ូដ​ទីកន្លែង​ផ្សេង​ឱ្យ​ស្រស់ស្អាត​វិចិត្រ​ដូចទីនេះ​បាន​ទៀត។

សម្រាប់​ឈ្មោះ​របស់​ព្រះវិហារ​មួយ​នេះ ពី​ដើម​មាន​ឈ្មោះថា មហាវិហារ​នៃ​ការ​អធិដ្ឋាន​របស់​ព្រះ​មាតា​ម៉ា​រី (Cathedral of the Intercession of the Virgin) មុននឹង​ត្រូវបាន​ហៅ​ឈ្មោះ​តាម​បព្វជិត សេន​ត៍ បា​ហ្ស៊ី​ល ឬ​ពី​ដើមដែលមាន​ឈ្មោះថា វ៉ា​ស៊ី​លី ប្លា ហ្សេ​ន​នី(Vasily Blazhenny) អ្នក​ដែលមាន​តួនាទី​ខ្លាំង​ចំពោះ​វប្បធម៌​រុស្ស៊ី​មកជា​ច្រើន​សតវត្សរ៍ ដែល​ជាទី​ទទួលស្គាល់ថា មាន​ទេពកោសល្យ​ខាង​ការ​ព្យាករទស្សន៍ទាយ​ជោគជតា។ គាត់​អាច​ទស្សន៍ទាយ​រឿងរ៉ាវ​នៃ​សេចក្ដីស្លាប់ និង​ហេតុការណ៍ផ្សេងៗដែល​កើតឡើង​ក្នុង​អតីតកាល​បាន​យ៉ាង​ឆុតហើយ​ថែមទាំង​ជា​មនុស្ស​ដ៏​កម្រ​ម្នាក់​ដែល​អាច​និយាយ​ដាស់តឿន​ស្ដេច ត្យា​អី​ុ​វ៉ាន កំពូល​ឃោរឃៅ​អំពី​ទង្វើ​របស់​ព្រះអង្គ​បាន។ ពេល​គាត់​ស្លាប់​នៅ​ថ្ងៃទី15 ខែសីហា ឆ្នាំ1557 សាកសព​របស់គាត់​ត្រូវបាន​បញ្ចុះ​នៅ​ជិត​នឹង​វិហារ​នោះ​ក្នុងអំឡុងពេល​កំពុង​សាងសង់។ បន្ទាប់ពី​នោះមកគាត់​ក៏បាន​ទទួល​ការលើក​ឋានៈ​ឱ្យ​ក្លាយជា​បព្វជិត មាន​ភាព​ស័ក្តិសិទ្ធិ ដោយមាន​មនុស្សម្នា​នាំគ្នា​មក​សូត្រមន្ត​នៅ​នឹង​ផ្នូរ​សព​របស់គាត់ រហូតក្លាយជា​ពាក្យស្លោក​ដែលថា “សូត្រមន្ត​ភាវនានៅឯ​មហាវិហារ សេន​ត៍ បា​ហ្ស៊ី​ល” ទើប​ឈ្មោះ​របស់​មហាវិហារ​នេះ​ក្លាយ​ជាទី​ពេញនិយម​ខ្លាំង​បំផុត។

មហាវិហារ​មួយ​នេះ រួច​ផុតពី​មហន្ត​ភ័យផ្សេងៗជាច្រើន ទាំង​គ្រោះធម្មជាតិ ហេតុការណ៍​អគ្គិភ័យ និង​ពី​ការ​ត្រូវ​សត្រូវ​រុករានដោយ​នៅតែ​តាំង​ជ្រងោ​លើ​ផ្ទៃដី​កន្លែង​នោះ​អស់​រយៈពេល​យូរ​ជាង400ឆ្នាំ​មកហើយ។ បច្ចុប្បន្ន​មហាវិហារ​មួយ​នេះ​មិនមែនជា​វិហារ​ទៀត​ទេ តែ​បាន​ក្លាយជា​សារមន្ទីរ​ដែលមាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី ដែលជា​លែ​ន​ដ៍​ម៉ាក​សំខាន់​របស់​ប្រទេស​ដែល​បើក​ឱ្យ​ភ្ញៀវទេសចរ​បានធ្វើ​ដំណើរ​ចូលទៅ​ទស្សនា​នូវ​ភាពស្រស់ស្អាត​ដ៏​វិចិត្រ​ទាំងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *