ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពកសិករ និងលើកស្ទួយវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រុមអ្នកវិនិយោគជប៉ុនគ្រោងនឹងបោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុ សម្រាប់ផ្តល់ជាកម្ចីក្នុងអត្រាការប្រាក់ទាបជូនដល់កសិករកម្ពុជា។
គម្រោងវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុនេះត្រូវបានបង្ហើបឱ្យដឹងនៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍មុនជាមួយក្រុមអ្នកវិនិយោគក្រុមហ៊ុន Idemitsu Saison Microfinance ។
នៅក្នុងជំនួបនោះលោក Koichi Watanabe តំណាងរបស់ក្រុមហ៊ុន Idemitsu Saison Microfinance បានលើកឡើងអំពីប្រវត្តិ និងចក្ខុវិស័យរបស់ក្រុមហ៊ុនដែលផ្តោតសំខាន់លើការចូលរួមពង្រីកឥណទានសម្រាប់វិស័យកសិកម្មតាមរយៈសេវាកម្មផ្ដល់ប្រាក់កម្ចីរយៈពេលវែង និងការប្រាក់ទាបដល់កសិករផ្ទាល់ ឬដល់សហគមន៍ណាមួយក្រោមរូបភាពដាក់ទ្រព្យបញ្ចាំនិងមិនមានទ្រព្យបញ្ចាំ។
ជាកិច្ចឆ្លើយតបឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងស្វាគមន៍ចំពោះវត្តមានក្រុមហ៊ុនខាងលើដែលបានរួមចំណែកជួយដល់វិស័យកសិកម្ម និងកសិករកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពង្រីកឥណទានក្នុងវិស័យកសិកម្ម គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ហើយការវិនិយោគរបស់ក្រុមហ៊ុន Idemitsu Saison នឹងរួមចំណែកដោះស្រាយបញ្ហាដែលកសិករ និងម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើនបានជួបប្រទះដោយសារតែឥណទានកសិកម្មមានសារៈសំខាន់ដល់ការពង្រីកមុខរបរ ក៏ដូចជាបង្កើនផលិតកម្មឱ្យស្របទៅនឹងតម្រូវការនៃទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យក្រុមហ៊ុន បន្តសហការឱ្យបានស្អិតល្មួតជាមួយប្រជាកសិករ សហគ្រាសធុនតូច និងមធ្យម និងសមាគមកសិកម្មមួយចំនួនថែមទៀតដូចជា ស្រូវ-អង្ករ ដំឡូងមី ម្រេច ពោត កៅស៊ូ ស្វាយ និងស្វាយចន្ទី-ល- ដោយសារតែផលិតផលទាំងអស់នោះ មានសក្ដានុពលខ្ពស់សម្រាប់អភិវឌ្ឍខ្សែចង្វាក់តម្លៃ ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕