ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ និងល្បីល្បាញរបស់អាមេរិក Apple បានសារភាពថា iPhone 7 និង 7 Plus មួយចំនួនពិតជាកើតមានបញ្ហាសំឡេងនៅពេលកំពុងនិយាយ (Call) ពិតប្រាកដមែន ដែលបញ្ហានេះបានកើតមានឡើងដោយសារតែការប្រើ iOS11.3 ឬទាបជាងនេះ។
ការចេញមុខសារភាពនេះត្រូវបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន MacRumors បានចុះផ្សាយថា មានអ្នកប្រើប្រាស់ iPhone 7 និង 7 Plus មួយចំនួន កើតមានបញ្ហាសំឡេងនៅពេលសន្ទនា ទាំងការហៅជាសំឡេង ការហៅជាវីដេអូ ឬប្រើមុខងារ FaceTime ក្ដី។
ក្រុមហ៊ុន Apple បានណែនាំឱ្យអ្នកប្រើប្រាស់ដែលជួបបញ្ហាខាងលើនេះធ្វើការបិទចោលមុខងារ Bluetooth និងផ្ដាច់ចោលនូវការភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ ដែលនេះជាដំណោះស្រាយដំបូង។
ប្រសិនបើនៅតែមិនអាចដោះស្រាយបានទៀត ក្រុមហ៊ុន Apple បានស្នើដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យទៅកាន់ Apple Store ឬ Apple Care ដែលនៅជិតបំផុតដើម្បីឱ្យខាងបុគ្គលិកជំនាញដោះស្រាយជូន។
បើទោះបីជា Apple បានចេញមុខសារភាពក្ដី ប៉ុន្តែក្រុមហ៊ុនដ៏ធំមួយនេះមិនបានបង្ហើបឱ្យដឹងពីមូលហេតុដែលបង្កឱ្យមានបញ្ហានេះឡើយ ខណៈដែលអ្នកប្រើប្រាស់ជាច្រើនកំពុងរង់ចាំចម្លើយ៕