ការនាំជ្រូកចូលពីប្រទេសជិតខាង (ប្រទេសថៃ និងវៀតណាម)មកកម្ពុជាបានក្លាយជាប្រធានបទមួយដែលធ្វើឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA)បានសម្តែងនូវក្តីព្រួយបារម្ភ និងបានស្នើសុំទៅក្រសួងកសិកម្មឱ្យជួយចាត់វិធានការដោះស្រាយលើបញ្ហានេះ។
លោកបណ្ឌិត សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្តល់បទសម្ភាសថា៖ “សម្រាប់បញ្ហានេះនាយកដ្ឋានធ្លាប់បានជួបប្រជុំជាមួយសមាគមនេះដោយបានពន្យល់ពីគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក និងគោលនយោបាយរដ្ឋាភិបាលពេលបច្ចុប្បន្នទៅគាត់ឱ្យយល់ពីបញ្ហានេះរួចហើយ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថាបញ្ហានាំជ្រូកចូលនេះសមាគមចង់ឱ្យក្រសួងទប់ស្កាត់ការនាំចូលដ៏គំហុកនេះ ព្រោះវាធ្វើឱ្យមានបញ្ហាដល់កសិករដែលចិញ្ចឹមជ្រូកនៅកម្ពុជា។
លោកបានឱ្យដឹងថា តម្លៃបានធ្លាក់ចុះ និងការបង្ខំលក់ចេញជ្រូករស់របស់កសិករក្នុងស្រុក ដោយសារពួកឈ្មួញសម្រុកនាំជ្រូករស់ពីប្រទេសវៀតណាមចូលមកក្នុងមួយថ្ងៃប្រហែលជាង3,000ក្បាល(បើតាមលោករដ្ឋមន្ត្រីកសិកម្មថា ការនាំចូលមានត្រឹមតែជាង 1,000ក្បាលប៉ុណ្ណោះ)។
លោកបានបញ្ជាក់ថា៖ “តម្លៃជ្រូករស់ដែលឈ្មួញលក់ចេញក្នុងទីផ្សារកម្ពុជាមានតម្លៃ 7,500រៀល ទៅ8,000រៀលទាបជាងតម្លៃជ្រូកក្នុងស្រុក ខណៈអាជីវករអ្នកកាប់ជ្រូកវិញចូលចិត្តទិញជ្រូកមកពីវៀតណាមជាងជ្រូកចិញ្ចឹមក្នុងស្រុក ដោយសារទទួលបានប្រាក់ចំណេញច្រើនជាង។ ពោលគឺថ្លៃដើមជ្រូករស់ក្នុងស្រុករបស់កសិករមានតម្លៃរហូតដល់ 8,000រៀលរួចទៅហើយដែលតម្លៃនេះវាស្មើ ឬខ្ពស់ជាងតម្លៃជ្រូកដែលនាំចូលពីប្រទេសវៀតណាម។
លោកបណ្ឌិត សេន សុវណ្ណ បានឱ្យដឹងដែរថារដ្ឋាភិបាលមានទិសដៅច្បាស់លាស់ យើងកំពុងតែធ្វើឱ្យសាច់ជ្រូកចុះថ្លៃជាបណ្តើរ។ កាលពីឆ្នាំមុនសាច់ជ្រូកមួយគីឡូថ្លៃ 18,000រៀល ឥឡូវមួយគីឡូថ្លៃត្រឹមតែ 15,000រៀលទេ ហើយមានគុណភាពទៀត នេះគឺជាប្រសិទ្ធភាពនៃការចាត់វិធានការ។ លោកបានបន្តថា ការដែលសមាគមមួយបានសម្ដែងការព្រួយបារម្ភក្នុងការចិញ្ចឹមជ្រូក ជារឿងរបស់គាត់ដែលចង់ឱ្យរដ្ឋជួយ តែខាងរដ្ឋាភិបាលក៏មាននាយកដ្ឋានដែលទទួលការងារនេះ ដូចជាបណ្ដុះបណ្តាលក្នុងការចិញ្ចឹមថែទាំជាប្រចាំតាមបទដ្ឋានបច្ចេកទេសផងដែរ។ លោកបណ្ឌិតបញ្ជាក់ថា បើតាមតួលេខការចិញ្ចឹមជ្រូកឆ្នាំនេះគឺមានកំណើន 3.5ភាគរយក្នុងចំណោមសត្វចិញ្ចឹមដទៃដែលមានកំណើនដូចគ្នា។
ឯលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាវិញបានឱ្យដឹងថា ការដែលសមាគមចង់ឱ្យក្រសួងមានវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូកនេះ គឺវាអាចជួយកសិករមិនឱ្យបាត់បង់មុខរបរ និងកសិដ្ឋាន ឬបោះបង់ការចិញ្ចឹមជ្រូកដែលជាមុខរបរជួយផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់។ លោកមិនមែនចង់ឱ្យរដ្ឋាភិបាលបិទការនាំចូលជ្រូកនោះទេ ព្រោះការផ្គត់ផ្គង់ជ្រូកក្នុងស្រុកនៅមិនទាន់បំពេញតម្រូវការគ្រប់នៅឡើយទេ។
លោកបានឱ្យដឹងបន្ថែមទៀតថា ការផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមតែប្រមាណ70ភាគរយទេ ដូច្នេះយើងចង់ឱ្យក្រសួងកសិកម្មកំណត់ថា តើត្រូវនាំចូលជ្រូកចំនួនប៉ុន្មានក្បាលដើម្បីបំពេញបង្គ្រប់លើចំនួន20 ទៅ30ភាគរយដែលយើងត្រូវការនោះ ប៉ុន្តែការនាំចូលបច្ចុប្បន្ន វាច្រើនរហូតដល់ទៅ50 ទៅ60ភាគរយឯណោះ។
ដូច្នេះរដ្ឋាភិបាលដែលមានក្រសួងកសិកម្មជាសេនាធិការនោះត្រូវតែធ្វើឱ្យមានតម្លាភាពក្នុងការនាំចូលជ្រូក និងកំណត់បរិមាណនាំចូល មិនអាចបើកទូលាយធ្វើឱ្យស្លាប់ទីផ្សារអ្នកចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ។ មិនតែប៉ុណ្ណោះបរិមាណជ្រូកពីវៀតណាមចូលទីផ្សារកម្ពុជាថែមទាំងហាក់ដូចជាពិបាកគ្រប់គ្រងទៀតផង ដោយសារតែការនាំចូលតាមច្រករបៀងដែលជាច្រកនាំចូលពីវៀតណាមមកកម្ពុជានោះមានច្រើនពេក។
លោកបណ្ឌិត សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ បានបញ្ជាក់មកវិញដែរថា ចំពោះបញ្ហាកសិដ្ឋានមួយចំនួនដែលត្រូវបិទនោះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មក៏បានបញ្ជាក់ហើយថា“កសិដ្ឋានខ្លះពុំមានការចិញ្ចឹមតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ទើបត្រូវដួលរលំដោយខ្លួនឯង។ ស្រុកណាក៏គេនាំចូលដែរ វាជាការធ្វើពាណិជ្ជកម្ម កម្ពុជាកំពុងតែរីកចម្រើនបែរជាចង់ឱ្យកម្ពុជាដើរផ្លូវខុស រឿងនេះថៃក៏ចង់ដកកូតាក្នុងការធ្វើពាណិជ្ជកម្មដែរ ដោយសារចង់បិទការនាំជ្រូកពីប្រទេសគេគឺដោយសារតែសម្តីសមាគម។ ដូច្នេះរឿងអ្វីក៏ដោយគេត្រូវសិក្សាឱ្យបានច្បាស់លាស់សិន ព័ត៌មានអ្វីក៏ដោយត្រូវតែឆ្លុះបញ្ចាំងនូវការពិតផង។
ជាការពិត ដើម្បីស្តារបញ្ហាតម្លៃជ្រូកនេះឱ្យល្អឡើងវិញ កសិករត្រូវតែសិក្សាលើថ្លៃដើមនៃការចិញ្ចឹមជ្រូក ព្រោះការផលិតរបស់យើងនៅប្រើដើមទុនខ្ពស់ មិនអាចប្រកូតប្រជែងជាមួយប្រទេសក្បែរខាងបានទេ។ ដោយសារតែកសិករខ្មែរយើងនៅពិបាកក្នុងការធ្វើឱ្យថ្លៃដើមធ្លាក់ចុះទាបបាន ព្រោះតម្លៃទឹក-ភ្លើង និងសេវាដឹកជញ្ចូនក្នុងស្រុកមានតម្លៃខ្ពស់ពេកបើធៀបនឹងប្រទេសជិតខាងកម្ពុជា៕