យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ការលក់ស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិននៅត្រីមាសទី1 ដើមឆ្នាំ2018 បានធ្លាក់ចុះខ្លាំងដែលនាំឱ្យ Apple បាត់បង់តំណែងលេខ4 មកនៅលេខ5។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនវិភាគឯករាជ្យ Canalys បានឱ្យដឹងថា ការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន នៅត្រីមាសទី1 បានធ្លាក់ចុះ 21% ដោយមានចំនួនលក់បានត្រឹមតែ 91លានគ្រឿងប៉ុណ្ណោះ។ អ្វីដែលគេចាប់អារម្មណ៍នៅក្នុងត្រីមាសទី1 នេះគឺការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនយីហោក្នុងស្រុក Xiaomi បានកើនឡើងខ្លាំងរហូតរុញច្រាន Apple ឱ្យមកនៅលេខរៀងទី5 ចំណែក Xiaomi ទៅនៅលេខរៀងទី4 វិញ ក្នុងតារាងក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេ។
ជាមួយគ្នានោះផងដែរ គេសង្កេតឃើញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានការកើនឡើង 2ភាគរយ ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែស្ថិតក្នុងកំពូលតារាងដដែល។
នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ស្មាតហ្វូនដែលលក់ដាច់ជាងគេនៅក្នុងត្រីមាសទី1 នោះគឺស្មាតហ្វូនដែលមានតម្លៃប្រមាណ150ដុល្លារអាមេរិក ដែលស្មើនឹង 90%នៃស្មាតហ្វូនដែលបានលក់៕