នៅពេលថ្មីៗនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបង្ហោះឱ្យដឹងថា លោកទុំ សារុត (នាយឃ្លោក) តំណាងឱ្យមូលនិធិសិល្បករចាស់ជរាបាននាំយកថវិកាទៅជូនលោកយាយ ណយ សំណាង ដោយសារពេលនេះជំងឺបេះដូងរបស់គាត់រើឡើងវិញ។ សមាគមនឹងរ៉ាប់រងលើការចំណាយថ្លៃព្យាបាលទាំងស្រុង(លើកលែងតែថ្នាំដែលគ្មានលក់នៅក្នុងមន្ទីរពេទ្យ)សម្រាប់តែមន្ទីរពេទ្យលោកសង្ឃប៉ុណ្ណោះ ប៉ុន្តែលោកយាយគាត់ចង់ទៅព្យាបាលនៅមន្ទីពេទ្យជោរៃវិញ។
ចំណែកឯតារាចម្រៀងប្រុសប្រចាំផលិតកម្ម M លោក វណ្ណា ស័ក្ដ ក៏បានបង្ហោះរូបភាពបញ្ជាក់ពីស្ថានភាពជំងឺរបស់អ្នកម្ដាយឱ្យមហាជនបានឃើញផងដែរ ដោយលោកយាយ ណយ សំណាងនៅពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនទាន់មានអាការធូរស្បើយខ្លាំងនៅឡើយទេ។ លោកស័ក្ដបានរៀបរាប់ថា «ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់ដែលបានជូនពរ និងមានការបារម្ភដល់ម៉ាក់របស់ខ្ញុំ ហើយឥឡូវម៉ាក់ខ្ញុំគាត់បានធូរស្បើយបន្តិចហើយ…ខ្ញុំគ្មានអ្វីក្រៅពីពាក្យថា អរគុណនេះទេដល់បងប្អូនទាំងអស់គ្នា គឺអរគុណខ្លាំងមែនទែន និយាយមែនណា..! កូនស្រឡាញ់ម៉ាក់ហើយក៏មិនចង់បាត់បង់ម៉ាក់ដែរ…»។
គួរជម្រាបឱ្យបានដឹងបន្ថែមដែរថា តារាកំប្លែងវ័យចំណាស់លោកយាយ ណយ សំណាង បានបម្រើអារម្មណ៍របស់ប្រិយមិត្តអ្នកគាំទ្រតាមរយៈវិស័យសិល្បៈ និងវប្បធម៌ខ្មែរបែបចម្រៀងអាយ៉ៃ និងកំប្លែងអស់រយៈពេល 62ឆ្នាំមកហើយ ពោលគឺលោកយាយបានចូលប្រឡូកវិស័យសិល្បៈតាំងពីលោកយាយមានអាយុ 11ឆ្នាំមកម៉្លេះ៕