បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់តារាចម្រៀងពីរដួង គឺលោក ម៉ៃ សុគន្ធ និងតារាចម្រៀងរ៉េប លោក អាចារ្យធំ ចំពោះរឿងមកុដអប្សរាដែលគ្រងនៅលើក្បាលមនុស្សប្រុស និងការអះអាងបកស្រាយថា មានអប្សរាប្រុស នៅលើសរសរពេជ្រប្រាសាទបាយ័ន ដែលលោក ឯម រៀម ចេញនិយាយតបតនៅលើហ្វេសប៊ុកនោះ ប្រធានបទដ៏ក្ដៅគគុកមួយនេះ នៅតែមានរឿងរ៉ាវធ្វើឱ្យមហាជនចាប់អារម្មណ៍មិនទាន់ចប់នៅឡើយ។
ថ្មីៗនេះ លោក ឯម រៀម បានស៊ែរព័ត៌មានដែលបានចេញផ្សាយពីតារាពីរដួងខាងលើនេះ ដោយបានបញ្ចេញមតិប្រតិកម្មចំពោះការច្នៃម៉ូដរបស់លោកថា «ខ្លាចហើយ រាងហើយ សង្គមសិល្បៈខ្មែរ មិនជួយលើកទឹកចិត្ត បែរជាខំ share រូបភាព និងផ្ញើសារជាសំឡេង សើច ចំអក ឡកឡាយ។ នៅពីមុខយើងធ្វើជាស្និទ្ធស្នាល ឱបរឹត។ មកុដអប្សរានៅតែជាមកុដអប្សរា ព្រោះតែគោរព និងស្រឡាញ់ទើបទិញយកមកប្រើ ហើយក៏គ្មានច្បាប់ណាចែងថា មិនឱ្យមនុស្សប្រុសពាក់ដែរ?!»។
គួររំឭកផងដែរថា លោក ម៉ៃ សុគន្ធ បានលើកឡើងថា បកស្រាយលើកនេះបណ្ឌិតម្នាក់នេះឆ្កួតហើយ អប្សរាមាន 2 ភេទ។ លោកបណ្ឌិតឆ្កួត បំពុលកូនខ្មែរ បោកគេទៀតហើយ លោកបណ្ឌិតស្រាវជ្រាវមកពីណា លោកបណ្ឌិតស្គាល់ប្រភេទចម្លាក់អស់ទេ? ចម្លាក់វាមាន 3ប្រភេទ លោកយល់ច្រឡំលើចម្លាក់លិបហើយ អប្សរាគ្មានប្រុសទេ អប្សរាកើតចេញមកពីណា? ម៉េចបានជាចេញជាប្រុសកើតលោកបណ្ឌិត? ហើយលោកបណ្ឌិតណាមួយចម្លាក់ខ្លះរងសំណឹក និងបរិយាកាសទើបមើលឃើញបែបនោះ)។ សូមក្រសួងវប្បធម៌ក្រឡេកមើលបណ្ឌិតម្នាក់នោះបកស្រាយផង គាត់ថា មានអប្សរាឈ្មោល អ៊ីចឹងអប្សរាឈ្មោលកើតពីពេលណា? កើតពីការកូរសមុទ្រទឹកលិង្គមែន? បើអប្សរាស្រីកើតពីការកូរសមុទ្រទឹកដោះ។ ស៊ែរអោយគាត់ភ្លឺខួរផង (អប្សរាគឺស្រីសួគ៌ រាំរបាំថ្វាយអស់ទេវតា និងព្រះឥន្ទ្រ អ៊ីចឹងអប្សរាឈ្មោលរាំថ្វាយព្រះឥន្ទ្រដែរមែន? ចម្លាក់ខ្មែរចែកជា 3ប្រភេទណា។ Share ផងឱ្យបណ្ឌិតមួយនេះឈប់ឆ្កួត និងវង្វេងវប្បធម៌ ហើយបំផ្លាញវប្បធម៌ខ្លួនឯង។
រីឯលោកអាចារ្យធំវិញក៏បានរិះគន់កន្លងទៅដែរថា « អប្សរ អប្សរា អច្ឆរា អត់មានប្រុសទេទាន! វចនានុក្រម ជួន ណាត អប្សរ (អ័ប-ប្ស) នាមសព្ទ ( សំ. អប្សរស៑, អប្សរា; បា. អច្ឆរា “ស្ត្រីមានសម្បុរថ្លាស្រស់ ផូរផង់ ឬស្ត្រីមានមុខថ្លាស្រស់បំព្រង” ) ស្ត្រីសួគ៌។ ស្រីអប្សរ ស្រីទេពអប្សរ នាងអប្សរ។ តាមសេចក្ដីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌មួយដែលផុសឡើងអំពីទឹកក្នុងកាលដែលកូរទឹកអម្រឹត។ អាចារ្យធំ បានបន្តភ្ជាប់ជាមួយការ Live វីដេអូទៀតថា ខ្មែរប្រើក្លាយជាអក្សរក៏មានស្រីអក្សរ ស្រីទេពអក្សរបវរកញ្ញា (គួរលើកលែងប្រើ ត្រូវប្រើអប្សរ ឬអប្សរា អច្ឆរាវិញ)។អប្សរទេពី ឬទេវី ( ព. ប្រ. ) ទេពី ឬទេវីមានលម្អដូចស្រីអប្សរ ឬក៏ដូចអប្សរា»។
យ៉ាងណាមិញ លោក ឯម រៀម ក៏បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនៅតែបន្ដរក្សាគោលជំហរបង្កើតស្នាដៃម៉ូដសហសម័យដដែល បើទោះបីជារងការរិះគន់យ៉ាងណាក្ដី។ លោកក៏បានបញ្ជាក់ដែរថា «មកទល់ពេលនេះ លោកសុខចិត្តចាញ់ និងទទួលស្គាល់ថា ខ្ញុំជាមនុស្សល្ងង់សិនចុះ គឺដើម្បីឈ្នះពេលក្រោយវិញ »៕