លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានបញ្ជាក់ថា ការដណ្តើមបានត្រឹមតែ1ពិន្ទុនៅពេលដែលធ្វើដំណើរទៅជួបក្រុម Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នាថ្ងៃអាទិត្យនេះ នឹងក្លាយជាលទ្ធផលដ៏ល្អមួយសម្រាប់ការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League។
បើទោះជាទើបតែបានជួបភាពរីករាយផ្សេងៗតាមរយៈការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី1 ក្នុងរយៈពេល 11ឆ្នាំក៏ដោយ ប៉ុន្តែលោក Klopp បានចាត់ទុកការធ្វើដំណើរទៅប្រកួតនៅលើទឹកដី Stamford ជាការប្រកួតChampions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មួយផ្សេងទៀត។
ការដណ្តើមបានជ័យជម្នះណាមួយក្នុងចំណោមការប្រកួតដែលនៅសល់ទាំង 3លើករបស់ក្រុម Liverpool នៅរដូវកាលនេះ ដូចជាកីឡដ្ឋាន Stamford Bridge ការឈ្នះនៅលើទឹកដីខ្លួនឯងលើក្រុម Brighton នៅថ្ងៃចុងក្រោយនៃរដូវកាល Premier League ឬនៅពេលប្រកួតជាមួយនឹងក្រុមខ្លាំង Real Madrid ក្នុង Champions League នឹងជួយឱ្យពួកគេឈ្នះកៅអីក្នុងក្របខ័ណ្ឌអឺរ៉ុប។ ប៉ុន្តែ ស្របពេលលោក Klopp កំពុងស្ថិតក្នុងអារម្មណ៍ស្ងប់ និងបានអនុញ្ញាតឱ្យតារាឆ្នើមៗសម្រាក ការដណ្តើមបានត្រឹមតែ 1ពិន្ទុនៅចុងសប្តាហ៍នេះ គឺជាគោលដ៏ធំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ។
លោក Klopp បានឱ្យដឹងថា៖ «តើយើងមានក្រុមដ៏ធំបំផុតក្នុងពិភពកីឡាបាល់ទាត់នៅពេលនេះឬទេ? ទេ យើងមិនមានទេ។ ការដែលក្រុមនេះឈានទៅវគ្គផ្តាច់ព្រ័ត្រ គឺជារឿងដ៏អស្ចារ្យ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង10:30យប់៕
ប្រភពពី៖ Sport24