ខណៈនេះ ឪពុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កំពុងសម្រាកព្យាបាលជំងឺនៅឯប្រទេសវៀតណាម ហើយលោកក៏បានបង្ហើបប្រាប់ពីស្ថានភាពជំងឺរបស់លោកឪពុកផងដែរ។ ក្រោយពីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ឪពុកលោក ករុណា ពេជ្រ មានសភាពល្អប្រសើរជាងមុនបន្ដិចហើយ តែនៅមិនទាន់ដឹងខ្លួននៅឡើយទេ ។ តារាចម្រៀងរូបនេះនៅតែបន្ដប្រកាសលក់ផ្ទះវីឡាទោលរបស់ខ្លួន ដើម្បីយកប្រាក់ទៅព្យាបាលឪពុកបន្ថែមទៀត។
លោក ករុណា ពេជ្រ បានរៀបរាប់ថា «ប៉ាអើយ ឥឡូវនេះកូននាំអ៊ំមកលេងប៉ាហើយ…ហ៊ឺ…បងប្អូននៅសល់តែពីរនាក់ ឥឡូវប្អូនឈឺទៀត…»។ លោកបន្ដថា «ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល នៅកែងផ្លូវខាងមុខតែម្តង មានទីតាំងនៅបុរីពិភពថ្មីសំរោងអណ្តែត3 ផ្ទះលេខ 2 ( E0,E1,E2 ) , ផ្លូវ A…ទល់មុខសួនច្បារធំ 2 មានទីធ្លាធំទូលាយខាងមុខផ្ទះ ចំណាយពេលតែ 5នាទីដល់ផ្សារ Makro និងផ្សារទំនើប AEON II ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និងបណ្តោយ 33,40 m តម្លៃបងប្អូនអាចសួរក្នុង inbox បាន…»។
គួរបញ្ជាក់ផងដែរ លោក ករុណា ពេជ្រ បានទម្លាយសារនៅក្នុងចិត្តយ៉ាងក្ដុកក្ដួលឱ្យមហាជនបានដឹង នៅពេលដែលឪពុកកំពុងតែសម្រាកព្យាបាលលោករៀបរាប់ថា «បណ្តាំដែលចេញពីមាត់របស់ប៉ា 3ចំណុចដែលប៉ាផ្តាំកូនមុនពេលពីរអាទិត្យនៃការធ្លាក់ខ្លួនឈឺរបស់ប៉ា កូននឹងចងចាំ ហើយប្រឹងអនុវត្តវាឱ្យល្អ ប្រឹងធ្វើឱ្យវាមានតម្លៃ លុះដល់ដំណាក់កាលចុងក្រោយ…!!!! អ្វីដែលប៉ាផ្តាំនៅពេលនោះ កូនខំទប់ទឹកភ្នែកមិនឱ្យស្រក់ ហើយនិយាយលួងប៉ាថា អ្វីដែលប៉ាបារម្ភនោះ សូមប៉ាកុំភ័យ ហើយនិយាយបន្លប់ប៉ាមកជាសប្បាយៗវិញ ហើយក្នុងចិត្តឆ្ងល់ថា ហេតុអ្វីសុខៗប៉ានិយាយផ្តាំអ៊ីចឹងជាមួយកូន?។ តែអ្វីៗមិននឹកស្មានដល់ថា បន្ទាប់ពីនោះមកតែ 2អាទិត្យសោះ ប៉ាទៅជាធ្លាក់ខ្លួនមានជំងឺអ៊ីចឹងសោះ ស្រណោះសម្តីប៉ាផ្តាំកូនណាស់ ប៉ា»។
លោកបានបន្ដរៀបរាប់ទៀតថា «បណ្តាំទាំង 3នោះ ឥឡូវនេះកូនយកបណ្តាំ 1 ក្នុងចំណោមបណ្តាំទាំង 3 របស់ប៉ាមកខំប្រឹងធ្វើតាមសម្តីប៉ាហើយ។ ហើយកូននឹងខំប្រឹងព្យាយាមធ្វើដោយឧត្តមគតិ ប្រឹងដោយគ្មានការសោកស្តាយ និងដោយគ្មានការនឿយហត់ទេប៉ា..ទោះបីពេលនេះប៉ាមិនទាន់ដឹងអ្វីក៏ដោយ…ក៏កូននៅតែសង្ឃឹមថា ថ្ងៃណាមួយពេលប៉ាដឹងខ្លួនឡើងវិញប៉ានឹងញញឹមជាមួយលទ្ធផលដែលប៉ាបានផ្តាំកូន…»៕