ភ្នំពេញៈ ថ្មីនេះៗគេស្រាប់តែបានឃើញអតីតតារាភាពយន្តខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សទី៨០ និង៩០ លោក ខៃ ប្រសិទ្ធ បង្ហាញរូបថតថ្មីរបស់លោកជាមួយនឹងរថយន្តទំនើបម៉ាក Range Rover និងផ្ទះវីឡាដ៏ធំមួយស្ថិតក្នុងទឹកដីនៃប្រទេសអូស្ត្រាលី នេះបើយោងតាមការបង្ហោះលើហ្វេសប៊ុកផ្ទាល់របស់លោក សាវិន ហ្វីលីព បានឲ្យដឹងកាលពីថ្ងៃទី១៥ ឧសភា ២០១៧ កន្លងមកនេះ។
តារាប្រុសជាម្ចាស់គម្រោងសប្បុរសធម៌មានឈ្មោះថា «សាវិនកម្ពុជា» គឺលោក សាវិន ហ្វីលីព បានបញ្ជាក់ឲ្យដឹងថា៖ « បង ខៃ ប្រសិទ្ធ មិនសូវមានពេលទំនេរលេងលើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានទេ ព្រោះតែគាត់រវល់នឹងភោជនីយដ្ឋានម្ហូបថៃថ្មី ដែលគាត់ទើបតែបើកកាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ននេះគាត់រស់នៅក្នុងរដ្ឋ Brisbane ប្រទេសអូស្ត្រាលីជាមួយកូនប្រុសច្បងវ័យជិត ២៥ឆ្នាំ ឈ្មោះ ខៃ សិទ្ធលីស័ក្ត ហៅម៉ៃឃើល (Michael) ជាដំណក់ឈាមជាមួយនឹងអ្នកនាង ពិសិដ្ឋ ពិលីកា និងកំពុងរួមរស់ជាមួយនឹងភរិយាថ្មីរបស់គាត់ ដែលមានកូនប្រុសស្រី ៣នាក់ទៀត»។
លោក សាវិន ហ្វីលីព ជាតារាភាពយន្តខ្មែរ និងជាម្ចាស់គម្រោងសាវិនកម្ពុជា ដែលជាអ្នកស្វែងរកជំនួយផ្ដល់អណ្ដូងទឹកស្អាតដល់សហគមន៍ក្រីក្រ ដើម្បីជួយកុមារ និងជនពិការនោះ ពេលនេះមូលនិធិរបស់លោកបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សប្បុរសជននានា ហើយអ្វីដែលពិសេសគឺបានលោក ខៃ ប្រសិទ្ធ ចេញមុខស្វែងរកមូលនិធិពីទឹកដីអូស្ត្រាលីទៀតផង។
គួររំឭកដែរថា លោក ខៃ ប្រសិទ្ធ អតីតតារាភាពយន្តរូបសង្ហា ធ្លាប់មានឈ្មោះបោះសំឡេងមួយរូបបានចាកចេញពីទឹកដីកំណើតទៅរស់នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ១៩៩៩ ក្រោយពីមរណភាពរបស់អ្នកនាង ពិសិដ្ឋ ពិលីកា ស្របពេលដែលមានការលើកឡើងថា ជាហេតុផលសុវត្ថិភាព ហើយពេលផ្ញើប្រាណនៅលើទឹកដីថ្មីនេះ លោកក៏បានបញ្ចប់អាជីពសិល្បៈទាំងស្រុង ហើយលោកបានចូលធ្វើការនៅក្នុងក្រុមហ៊ុនអគ្គិសនីមួយ។
លោក ខៃ ប្រសិទ្ធ ជាស្វាមីរបស់តួកុន និងនាដកា អ្នកនាង ពិសិដ្ឋ ពិលីកា ដែលត្រូវឃាតករបាញ់សម្លាប់នៅឆ្នាំ១៩៩៧ ហើយជារឿយៗពេលលោកត្រឡប់មកលេងស្រុកកំណើតម្តងៗ លោកតែងតែមានការលាក់បាំង មិនចង់ឲ្យគេដឹងពីដំណើររបស់លោកឡើយ ។ លោកធ្លាប់ធ្វើដំណើរមកលេងស្រុកកាលពីឆ្នាំ២០០៨ ម្តង ដើម្បីលក់ផ្ទះ ហើយឆ្នាំ២០១៣ ក៏ត្រឡប់មកម្តងទៀតដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការកូនរបស់តារាកំប្លែងជើងចាស់នាយ ត្រដក់ និងអ្នកនាង ជុំ រស្មី ហៅ ស្រីទូច តែមិនបាននៅយូរឡើយ មុននឹងត្រឡប់ទៅអូស្រ្តាលីវិញ៕