គ្មានអ្នកណាម្នាក់មិនលាន់មាត់សរសើរនោះទេ ចំពោះវត្តមានសមាជិកតារាសិល្បៈរបស់ «គ្រួសារតារាកម្ពុជា» ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ «សម្រស់ឯកវាយនភណ្ឌ ឆ្នាំ2018» វគ្គផ្ដាច់ព្រ័ត្រ នៅពីថ្ងៃទី1 ឧសភា ក្នុងបរិវេណសាលមហោស្រពកោះពេជ្រ។ តារាជាសមាជិកទាំងអស់ ត្រូវបានគេឃើញរំលេចឡើងក្នុងឈុតសម័យបុរាណយ៉ាងល្អអស្ចារ្យ ដែលធ្វើឱ្យកម្មវិធីទាំងមូលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ការស្លៀកបង្ហាញនូវឈុតបុរាណខ្មែរចម្រុះសម័យកាលនោះ។
ឈុតដែល «គ្រួសារតារាកម្ពុជា» ស្លៀកបង្អួតនៅក្នុងថ្ងៃនោះ រួមមានសម្លៀកបំពាក់ក្នុងសម័យលង្វែក សម័យឧដុង្គសម័យអាណានិគមបារាំង សម័យចតុមុខ សម័យសង្គមរាស្ត្រនិយម និងពិសេសជាងគេគឺការបង្ហាញខ្លួនរបស់តារាជាកូនក្រុមក្នុងសម័យអង្គរបានលេចឡើងត្រដែតពេញក្នុងកម្មវិធីតែម្ដង។ រូបសម្រស់ក្នុងឈុតសម័យបុរាណដែលគ្រងដោយតារាសិល្បៈប្រមាណជាង 40រូបរបស់ក្រុមនេះ បានធ្វើឱ្យក្រសែភ្នែកភ្ញៀវជាតិ និងអន្តរជាតិមើលឃើញកាន់តែធំធេងលើសដើម ពីការរួមចំណែកអភិរក្ស និងលើកកម្ពស់ឡើងវិញនូវសម្លៀកបំពាក់ក្នុងសម័យបុរាណទាំងនោះ ដើម្បីបង្ហាញដល់អ្នកជំនាន់ក្រោយ។
លោក ផាត់ តារារដ្ឋ ស្ថាបនិក «គ្រួសារតារាកម្ពុជា» បានសម្ដែងការកោតសរសើរចំពោះតារាសិល្បៈដែលបានរួមចំណែកចូលរួម ដោយក្រៅពីបានចំណាយពេល នៅបានចំណាយពេលស្រាវជ្រាវ និងចំណាយនូវថវិកាផ្ទាល់ខ្លួន ដើម្បីស្វះស្វែងរកឈុតទាំងនោះ ដើម្បីបំផុសឱ្យខ្មែរ ជាពិសេសបរទេស ស្គាល់ច្បាស់ពីភាពផូរផង់នៃវប្បធម៌ខ្មែរ។ លោកថា«គ្រួសារតារាកម្ពុជា»នឹងរួមចំណែកឱ្យកាន់តែខ្លាំង ដើម្បីឱ្យទម្រង់សម្លៀកបំពាក់បុរាណដែលកាន់តែមានអ្នកមើលរំលង ក្លាយជាទម្រង់នៃការស្លៀកពាក់ដ៏ពេញនិយមមួយ សម្រាប់ការចូលរួមក្នុងកម្មវិធីធំៗ ជាពិសេសដូចព្រឹត្តិការណ៍ប្រកួតសម្រស់ឯកវាយនភ័ណ្ឌលើកទី3 នេះជាដើម។
លោកបន្ដថា តារាសិល្បៈ គឺជាអ្នកផ្សព្វផ្សាយវប្បធម៌មួយដ៏ធំ ដូច្នេះបើតារាសិល្បៈមិនរួមចំណែកបំផុសឱ្យអ្នកជំនាន់ក្រោយស្រឡាញ់ពេញចិត្តនូវសម្លៀកបំពាក់កាលពីអតីតកាលទាំងនោះទេ គឺមិនខុសពីធ្វើឱ្យទម្រង់ឈុតបុរាណទាំងនោះត្រូវបាត់បង់ឡើយ។ នៅក្នុងព្រឹត្តិការណ៍ផ្ដាច់ព្រ័ត្រដែលបានរកឃើញជយលាភីលេខ1 លេខ2 និងលេខ3 ពីសំណាក់អ្នកចូលរួមប្រកួតជាកម្មករ-កម្មការិនីរោងចក្រនោះក្នុងថ្ងៃនោះ និងគេក៏បានកត់សម្គាល់ដែរថា សម្លៀកបំពាក់គ្រប់ឈុតរបស់បេក្ខនារី បានរចនាឡើង និងឆ្លុះបញ្ចាំងពីទឹកដៃច្នៃប្រឌិត និងចេញជាទម្រង់ខ្មែរសុទ្ធសាធ ជួយលើកសម្រស់កម្មវិធី ជាពិសេសគឺបេក្ខនារីឱ្យលេចធ្លោ។ យ៉ាងណាមិញដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌ជាតិឱ្យកាន់តែខ្លាំង ប្រធានក្រុមតារារូបនេះបានគ្រោងនឹងបំផុសឱ្យសមាជិករបស់ខ្លួនទាំងជាង200នាក់ក្នុងវិស័យសិល្បៈ រួមចំណែកជួយដល់សិល្បៈបុរាណរបស់ខ្មែរឱ្យបានកាន់តែច្រើនឡើងៗ៕