លោក Zinedine Zidane បានបញ្ជាក់ថា ក្របខ័ណ្ឌ Champions League គឺស្ថិតក្នុង DNA របស់ក្រុម Real Madrid ក្រោយពីក្រុមរបស់លោកបានទម្លាក់ក្រុម Bayern Munich និងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី4 របស់ពួកគេ ក្នុងរយៈពេល 5ឆ្នាំ។
Real បានទទួលឱកាសក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី3 ជាប់ៗគ្នា ក្រោយពីគ្រាប់បាល់បញ្ចូលទី 2គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema និងការការពារដ៏រឹងមាំនៅជិតបញ្ចប់ការប្រកួតបានជួយឱ្យពួកគេ ដណ្តើមបានលទ្ធផលស្មើ 2–2 ក្នុងការប្រកួតជើងទី2 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារ និងដើម្បីឈ្នះទាំង 2ជើង 4–3។
Real បានឃើញគូប្រជែងដ៏ខ្លាំងរបស់ខ្លួនគឺ Barcelona ឈ្នះពានក្របខ័ណ្ឌលីករបស់អេស្ប៉ាញរួចស្រេចហើយនៅរដូវកាលនេះ ប៉ុន្តែលោក Zidane បានបញ្ជាក់ថា យុទ្ធនាការក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប តែងតែនាំយកទម្រង់លេងដ៏ល្អបំផុតពីក្រុមរបស់លោក ដែលបានឈ្នះពាននេះសរុបចំនួន 12លើក។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឱ្យដឹងថា៖ «វាកំពុងតែស្ថិតក្នុងចង្វាក់ DNA របស់ក្លិបនេះ។ យើងមិនបញ្ឈប់ការប្រជែងរហូតដល់នាទីចុងក្រោយ ដូចដែលកីឡាកររបស់ក្រុម Bayern បានធ្វើនៅរាត្រីនេះអ៊ីចឹង»។
Zidane បានបញ្ជាក់ថា Benzema បានទទួលឱកាសរបស់គេក្នុងការចូលលេងក្នុងជម្រើសទាំង11នាក់ដំបូង ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានចូលត្រឹមតែជាកីឡាករបម្រុង ក្នុងការប្រកួតជើងទី1 ក្នុងទីក្រុង Munich កាលពីសប្តាហ៍មុន៕
ប្រភពពី៖ Channel News Asia