នាឱកាសម្ពោធហាងកាហ្វេ Inthanin នៅម្ដុំបឹងកេងកងដែលមានមហាជនចូលរួមច្រើនកុះករ នៅក្នុងនោះបានជួបតារាស្រី និងជាអតីតប្រលងកម្មវិធីចម្រៀងលំដាប់ពិភពលោក បេក្ខភាព The Cambodia Idol កញ្ញា សោភា ទេពី បានជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឡារ៉ែនថា តាំងពីនាងមិនទាន់ចូលប្រឡងកម្មវិធីលំដាប់ពិភពលោកមកម្លេះ គឺនាងមិនបានប្រកាន់ខ្លួនថាធ្លាប់ជាបេក្ខភាពក្នុងការប្រឡងកម្មវិធីលំដាប់ពិភពលោកឡើយ រាល់ការងារទាក់ទងនិងសិល្បៈគឺនាងអាចទទួលបានទាំងអស់។
ស្របគ្នានោះដែរ ការចូលរួមកម្មវិធីសម្ពោធដែលមានតារាសិល្បៈជាច្រើនចូលរួមបែបហ្នឹងក្រៅពីទទួលបានអារម្មណ៍រីករាយពីការជួបជុំគ្នាហើយ វាក៏ជាការងារមួយផ្នែកនៃសិល្បៈធ្វើឱ្យនាងចំណេញក្នុងការផ្សព្វផ្សាយប្រជាប្រិយភាពខ្លួនផងដែរ។
កញ្ញាសោភា ទេពី បញ្ជាក់ថា «ក្រោយពីបានប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោករួចហើយ មានប្រិយមិត្ដជាច្រើនស្គាល់ខ្ញុំ ជាងមុនដូច្នេះខ្ញុំត្រូវចូលរួមក្នុងសកម្មភាពបែបហ្នឹង ដើម្បីពង្រីកប្រជាប្រិយភាពបន្ថែមទៀត។ ជាក់ស្ដែងនៅពេលខ្ញុំមកមានបងប្អូនសួរនាំច្រើនពីការងារសិល្បៈរបស់ខ្ញុំ ស្គាល់ខ្ញុំថា ជាបេក្ខនារីក្នុងកម្មវិធីពិភពលោក ខុសប្លែកពីមុនពេលខ្ញុំចូលប្រឡងក្នុងកម្មវិធីចម្រៀង។ ម្យ៉ាងក្នុងនាមជាអ្នកសិល្បៈខ្ញុំមិនអាចប្រកាន់ពេកនោះទេ ព្រោះការងារអ្វីក៏បានផ្ដល់តម្លៃឱ្យខ្ញុំដែរសំខាន់ឱ្យតែបានមហាជនស្គាល់ច្រើន»។
គួរបញ្ជាក់ផងដែរថា ដើម្បីពង្រីកប្រជាប្រិយភាពឱ្យកាន់តែខ្លាំង តារាស្រីវ័យ16 ឆ្នាំរូបនេះបន្ថែមថា គោលដៅអនាគតនាងចង់ទទួលបានការគាំទ្រពីមហាជនមិនថា ទោះបីជាតាមរយៈការច្រៀង សម្ដែង ឬពិធីការិនីក៏ដោយ និងសព្វថ្ងៃទាល់តែយើងមានជំនាញច្រើន បើមិនដូច្នោះទេ មិនអាចដើរទាន់សភាពការនៃការវិវត្ដនៃសិល្បៈបានទេ បើយើងចេះច្រើនទោះគេត្រូវការជំនាញអ្វីក៏យើងអាចទៅបាន៕