នៅព្រឹកថ្ងៃទី 28 ខែមេសា ឆ្នាំ 2018 នេះ កំពូលតារាសម្ដែងស្រីថៃអ្នកនាង នុន វរៈនុត ដែលប្រមិយមិត្តអ្នកគាំទ្របានស្គាល់ថាជានាង ឡាំយ៉ងទី 2 នៃរឿងភាគ « មាសទឹកប្រាំបួន » តាមរយៈការដាក់បញ្ចាំងនៅលើកញ្ចក់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ PNN កន្លងទៅនោះ នាងបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកដំបូងតាមរយៈការផ្ដល់កិត្តយស និងអញ្ចើញចូលរួមសម្ពោធការកាហ្វេ អ៊ីនថានីន ( Inthanin Cofee ) នៅសាខាទី 2 ម្ដុំបឹងកេងកង លើផ្លូវប៉ាស្ទើ ។
កំពូលតារាស្រីជួរមុខរូបនេះ បានសម្ដែងសេចក្ដីត្រេកអរជាក្រៃលែង ខណៈបានជួបជាមួយតារាប្រុសស្រីនៅក្នុងប្រទេសកម្ពុជា និងជាពិសេសអ្នកគាំទ្ររូបនាងនៅទីនេះ សឹងតែរកនិយាយអ្វីមិនត្រូវទាល់តែសោះ បានតែញញឹមញញែមផ្ដល់ក្ដីស្រឡាញ់ ការរាក់ទាក់ថតរូបជាមួយគ្នាតែប៉ុនណោះ។ តារាស្រីវ័យជាង 37 ឆ្នាំរូបនេះ បាននិយាយប្រាប់អ្នកសារព័តមាន ឡារ៉ែន ថា នាងមានក្ដីរំភើបពិតមែន ដែលបានមកដល់ប្រទេសកម្ពុជា បើមិននឹកស្មានថា កម្ពុជា ទទួលស្វាគមន៍នាងបានល្អ និងកក់ក្ដៅដល់កម្រិតនេះសោះ។ នាងបន្ដថា បន្ទាប់ពីជំនួបជាមួយអ្នកគាំទ្រកម្ពុជាទាំងអស់នៅពេលរសៀលរួចហើយ ការមកដល់ប្រទេសកម្ពុជាដំបូងនេះ នាងគ្រោងបន្ដដំណើរទៅទស្សនាតំបន់ទេសចរណ៍សំខាន់មួយកន្លែងនៅក្នុងទឹកដីខេត្តសៀមរៀប។
អ្នកនាង នុន វរៈនុត បញ្ជាក់ផងដែរថា អរគុណដល់បណ្ដារអ្នកគាំទ្រកម្ពុជាទាំងអស់ បានស្រឡាញ់នូវការសម្ដែងរបស់នាងកន្លងមក និងជួយបន្ដគាំទ្របន្ថែមទៀត ព្រោះថា ថ្មីៗខាងមុខនេះ អ្នកនាងមានរឿងភាគល្អមើលជាច្រើន ដើម្បីបំពេញទស្សនីយអារម្មណ៍មហាជនទាំងអស់ទៀត និងមានឱកាសល្អ អ្នកនាងនិងវិលត្រឡប់មកជួយប្រិយមិត្តអ្នកគាំទ្រម្ដងទៀតនៅក្នុងប្រទេសកម្ពុជា ។ អ្នកនាងប្រាប់ថា អ្នកគាំទ្រកម្ពុជា និងប្រជាជនកម្ពុជា ពិតជាស្អាតៗ និងគួរឱ្យស្រឡាញ់ខ្លាំងបំផុត៕