បើតាមរយៈការបង្ហោះរូបភាពរបស់លោក វណ្ណា ស័ក្ដិ ដែលជាកូនប្រុសបង្កើតរបស់លោក យាយ ណយ សំណាង វិរសិល្បការិនីជើងចាស់ផ្នែកចម្រៀងអាយ៉ៃ និងកំប្លែងបានមើលឃើញថា លោកយាយកំពុងតែធ្លាក់ខ្លួនឈឺខ្លាំង និងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។
តារាចម្រៀងប្រុសប្រចាំផលិតកម្ម M រូបនេះបានបញ្ជាក់ពីស្ថានភាពរបស់ម្ដាយលោកនៅលើគណនីហ្វេសប៊ុកថា «សូមទេវតាឆ្នាំថ្មីជួយតាមថែរក្សាម៉ាក់ឱ្យរួចផុតពីជំងឺទាំងឡាយផងចុះ កូនមិនឱ្យម៉ាក់មានបញ្ហាអ្វីទាំងអស់ កូននឹងនៅក្បែរម៉ាក់ជានិច្ចណា កូនស្រឡាញ់ម៉ាក់ និយាយមែនណា…!» ។ លោកបានប្រាប់អ្នកសារព័ត៌មានថា «យប់មិញ ម៉ែគាត់ឈឺធ្ងន់ គាត់ធ្វើទុក្ខខ្លាំង។ គាត់ប្រាប់ថាឈឺចុងដង្ហើម ខ្ញុំក៏បាននាំគាត់មកពេទ្យទាំងយប់ តែគេងនៅពេទ្យឯកជនទេ ហើយថ្ងៃបន្តិចក៏នាំគាត់ទៅសម្រាកនៅផ្ទះវិញ តែពេលព្រលប់នេះ អាការគាត់ក៏ធ្វើទុក្ខជាថ្មី ខ្ញុំក៏នាំគាត់មកពេទ្យម្តងទៀត មិនបានចូលក្នុងពេទ្យដែលនាំគាត់មកកាលពីយប់ទេ លើកនេះមកពេទ្យនៅផ្សារកណ្តាលតែម្តង»។
កូនប្រុសដែលបានយកចិត្តទុកដាក់ថែរក្សាម្ដាយចាស់ជរារូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ដទៀតថា «ម៉ែខ្ញុំគាត់មិនចង់ចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ គាត់មានអារម្មណ៍ខ្លាចពេទ្យ ដូចជាខ្លាចជំងឺគាត់ម៉េចមិនដឹងទេ អ៊ីចឹងហើយបានជាខ្ញុំនាំគាត់មកព្យាបាលតែពេទ្យឯកជនតែម្ដង។ តែនៅពេលនេះខ្ញុំក៏នាំគាត់ត្រឡប់ទៅផ្ទះវិញដែរហើយ ព្រោះពេទ្យគេបានពិនិត្យចាក់ថ្នាំ ពេលនេះគាត់ក៏បានធូរស្បើយបន្តិចហើយដែរ»។
យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជនអ្នកលេងបណ្ដាញសង្គមទាំងអស់ បាននាំគ្នាជូនពរលោកយាយ ណយ សំណាង ឱ្យឆាប់ជាសះស្បើយ និងសូមឱ្យទេវតាមានឫទ្ធិបារមី រួមទាំងវត្ថុស័ក្ដិសិទ្ធិទាំងឡាយ តាមថែរក្សាលោកយាយឱ្យរួចពីទុក្ខភ័យជំងឺទាំងពួង៕