រដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ជាថ្មីទៀតហើយសម្រាប់មន្ត្រីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ដោយសោហ៊ុយទៅមក ការហូបចុក ស្នាក់នៅ និងរៀនសូត្រ ទាំងអស់ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន។
អាហារូបករណ៍ដែលផ្តល់ជូននេះ គឺត្រូវបែងចែកជា 4 កម្រិតគឺកម្រិតឧត្តមសិក្សារយៈពេល2ឆ្នាំ កម្រិតឧត្តមសិក្សារយៈពេល5ឆ្នាំ កម្រិតមធ្យមសិក្សាបច្ចេកទេសរយៈពេល4ឆ្នាំ និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល 3ឆ្នាំ។
សម្រាប់កម្រិតឧត្តមសិក្សាមានរយៈពេល 2ឆ្នាំ គឺមុខវិជ្ជាដូចជា វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រធម្មជាតិ ដែលលក្ខខណ្ឌគឺត្រូវតែជាជនជាតិខ្មែរដែលមានអាយុក្រោម 34ឆ្នាំ គិតត្រឹមថ្ងៃទី2 ខែមេសា ឆ្នាំ2018នេះ។ បេក្ខជនគួរមានសញ្ញាបត្រដែលទទួលបាន GPA ចាប់ពីពិន្ទុ 7/10ឡើងទៅ ចេះភាសាអង់គ្លេស ឬភាសាជប៉ុនជ្រៅជ្រះ និងមានភ្ជាប់មកជាមួយនូវផែនការសិក្សារបស់ខ្លួនក្នុងពេលដាក់ពាក្យសុំអាហារូបករណ៍ផងដែរ។
ចំណែកឯមុខវិជ្ជាឧត្តមសិក្សារយៈពេល 5ឆ្នាំ មានមុខវិជ្ជា ដូចជាវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ និងមុខវិជ្ជាធម្មជាតិវិទ្យាដូចជាអេឡិចត្រូនិក ការសិក្សាពីម៉ាស៊ីន វិស្វកម្ម និងស្ថាបត្យកម្ម កសិកម្ម និងវិស័យមួយចំនួនទៀត។
ចំពោះមុខវិជ្ជាមធ្យមសិក្សាបច្ចេកទេសៈពេលពេល 4ឆ្នាំ មានដូចជាមុខវិជ្ជា វិស្វកម្មម៉ាស៊ីន វិស្វកម្មអេឡិចត្រូនិក ព័ត៌មានវិទ្យា វិស្វកម្មទំនាក់ទំនង និងនែតវើក កសិកម្ម និងវិស័យមួយចំនួនទៀត។
ហើយថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល 3ឆ្នាំ មានដូចជាបច្ចេកវិទ្យា ការអប់រំ និងសង្គមកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរចនាម៉ូដ និងការអប់រំវប្បធម៌ និងអប់រំទូទៅជាដើម។
បេក្ខជនទាំងអស់ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី31 ខែឧសភា ឆ្នាំ2018 នៅការិយាល័យអាហារូបករណ៍ និងកម្មវិសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារលេខ23 ផ្លូវ360 សង្កាត់បឹងកេងកងទី1 ខណ្ឌចំការមនរាជធានីភ្នំពេញ៕