ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុត នៅថ្ងៃម្សិលមិញនេះ ខណៈដែលលោក នី រតនា បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងជាកូនស្រីអ្នកជំនួញខាងផលិតផលគ្រឿងសម្អាងម្នាក់ក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យអ្នកគាំទ្រគ្រប់រូបអបអរសាទររូបលោកយ៉ាងភ្លូកទឹកភ្លូកដី។ តែលោកអ្នកពិតជាមិនទាន់ច្បាស់ទេថា តើលោក នី រតនា មានភរិយា ឬបានភ្ជាប់ពាក្យជាមួយនារីណាម្នាក់ហើយឬនៅនោះទេ។
បើតាមប្រភពសិ្នទ្ធស្នាលនឹងឪពុកក្មេករបស់លោក នី រតនា បានបង្ហើបប្រាប់ឱ្យដឹងថា តារាចម្រៀងរូបនេះ បានភ្ជាប់ពាក្យជាកញ្ញា ហេង សុវណ្ណភក្ដិណា ជាកូនស្រីបង្កើតរបស់លោកហេង សុវណ្ណ គឺជាម្ចាស់ក្រុមហ៊ុន មង្គលសុវណ្ណ ត្រេឌីង និងជាអគ្គនាយកស្ថានីយវិទ្យុ មង្គលសុវណ្ណ ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយគ្របដណ្ដប់ទូទាំងបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនួញម្នាក់ដែលបាននាំចូលនូវផលិតផលថែរក្សាសុខភាព ថែរក្សាសម្ផស្ស និង ជីសរីរាង្គ អាក្រូសូល ផងដែរ។
គួរកត់សម្គាល់ផងដែរថា ដោយសារមានបទពិសោធ និងទទួលបានជោគជ័យនៅក្នុងការរកស៊ីជំនួញធំៗ ឪពុកក្មេក នី រតនា ពង្រីកហាងនាំចូលផលិតផលថែរក្សាសម្ផស្សម៉ាក WOMEA ពីប្រទេសជប៉ុន មកចរាចរក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជា ដោយយករូប នី រតនា និងកូនស្រីបង្កើត ជាអ្នកតំណាង និងផ្សព្វផ្សាយពីផលិតផលផ្ទាល់តែម្ដង។ ជាក់ស្ដែងនៅព្រឹកថ្ងៃភ្ជាប់ពាក្យកូនស្រី ហេង សុវណ្ណភក្ដិណា និងតារាចម្រៀងប្រុស នី រតនា នាព្រឹកថ្ងៃម្សិលមិញនេះ លោក ហេង សុវណ្ណ បានសរសេរសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវត្តមានរបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មិត្តរួមមហាវិទ្យាល័យ មិត្តរួមវិទ្យាល័យ សហការីរួមការងារ និងបង ប្អូន ក្មួយៗ ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីភ្ជាប់ពាក្យកូនស្រីរបស់ខ្ញុំបាទនៅព្រឹកថ្ងៃទី27 ខែមេសា ឆ្នាំ2018។
ខ្ញុំបាទ ក៏សូមអភ័យទោស ចំពោះការបម្រើមិនបានគ្រប់ជ្រុងជ្រោយក្នុងកម្មវិធី។ សូមគោរពជូនពរ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី មិត្តរួមមហាវិទ្យាល័យ មិត្តរួមវិទ្យាល័យ បង ប្អូន និងក្មួយៗទាំងអស់ សូមជួបតែសេចក្តីសុខ រកទទួលទានមានបាន ជោគជ័យក្នុងការងារ និងមានសុភមង្គលក្នុងគ្រួសារ»៕