ខ្សែបម្រើស្លាប Florian Thauvin និងកីឡាករបម្រុង Clinton Njie សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា ដើម្បីជួយឱ្យក្រុម Marseille ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-០ លើក្រុម Salzburg ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី1 កាលពីថ្ងៃព្រហស្បតិ៍ ក៏ដូចជាជួយរក្សាក្តីសុបិនរបស់ក្លិបបារាំងមួយនេះ ក្នុងការវិលទៅកាន់ជ័យជម្នះក្នុងក្របខ័ណ្ឌអឺរ៉ុបដែរ។
ខ្សែបម្រើដ៏មានឥទ្ធិពល Dimitri Payet បានជួយបង្កើតឱ្យមានគ្រាប់បាល់ទាំង 2គ្រាប់សម្រាប់ក្រុម Marseille នាកីឡដ្ឋាន Velodrome ខណៈដែលអ្នកគាំទ្រច្រើនជាង 62,000នាក់បានទស្សនាតារាឆ្នើម Thauvin រកបានគ្រាប់បាល់បើកឆាក ដែលជាគ្រាប់បាល់ប៉ះនឹងដៃរបស់ខ្លួន។
បន្ទាប់មក ខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Clinton Njie បានជួយឱ្យក្រុមខ្លួននាំមុខ 2-០ ក្នុងរយៈពេលតិចជាង 3នាទី ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងតង់ទី2 ដើម្បីជួយឱ្យក្រុម Marseille ស្ថិតក្នុងទីតាំងដ៏រឹងមាំ នៅមុនពេលការប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ ក្នុងប្រទេសអូទ្រីស។
លោក Rudi Garcia គ្រូបង្វឹករបស់ក្រុម Marseille បានឱ្យដឹងថា៖ «វាជាលទ្ធផលដ៏ល្អមួយ។ យើងចង់ឈ្នះ ហើយវាបានសម្រេចដូចបំណងអ៊ីចឹងមែន។ ការមិនបណ្តោយឱ្យមានការរបូតគ្រាប់បាល់ក្រៅទឹកដី គឺជាលទ្ធផលដ៏ល្អមួយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងដឹងថា យើងមិនទាន់ឈានទៅវគ្គបន្តនៅឡើយទេ។ យើងនឹងធ្វើដំណើរទៅកាន់ទីនោះដើម្បីរកគ្រាប់បាល់យ៉ាងហោចណាស់ 1គ្រាប់ និងឈ្នះការប្រកួតនេះ។ យើងត្រូវតែបង្ហាញថា យើងពិតជាស័ក្តិសមក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ»៕
ប្រភពពី៖ The Straits Times