លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានធ្វើការរិះគន់ទៅលើតំបន់ការពារ ខណៈដែលក្រុមរបស់លោកមិនបានដណ្តើមយកប្រៀបផ្សេងៗតាមរយៈការមានសមាជិកច្រើនជាងមួយនាក់ រហូតដល់ទៅ 80នាទី ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Atletico Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Europa League របស់ពួកគេ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី1 កាលពីថ្ងៃព្រហស្បតិ៍។
គ្រាប់បាល់ក្រៅទឹកដីរបស់ខ្សែប្រយុទ្ធ Antoine Griezmann នៅរយៈពេល 8នាទីចុងក្រោយ បានផ្តល់នូវការខកចិត្តដ៏ធំដល់ក្តីសង្ឃឹមរបស់លោក Wenger ក្នុងការបញ្ចប់ ក្រោយពីការដឹកនាំរយៈពេល 22ឆ្នាំ តាមរយៈការឈានទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី16 ខែឧសភា និងឱកាសរបស់ក្រុម Arsenal ក្នុងការលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
ការរងពិន័យកាតក្រហមនៅដើមតង់ទី2 របស់ខ្សែការពារ Sime Vrsaljko បានជួយឱ្យក្រុមក្រុមកាំភ្លើងធំមួយនេះមានប្រៀប ប៉ុន្តែពួកគេបានខ្ជះខ្ជាយឱកាសជាច្រើន នៅមុនពេល និងបន្ទាប់ពីខ្សែប្រយុទ្ធ Alexandre Lacazette បានជួយឱ្យពួកគេមានគ្រាប់បាល់នាំមុខមុន នៅនាទីទី60។ លោក Wenger បានឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ថា យើងបានបង្ហាញពីទម្រង់លេងដែលយើងចង់បង្ហាញ ប៉ុន្តែលទ្ធផលនេះ មិនស័ក្តិសមជាមួយនឹងការបង្ហាញពីទម្រង់លេងនេះឡើយ»។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «យើងត្រឹមតែអាចសម្លឹងមើលខ្លួនយើង សម្រាប់លទ្ធផលនៅរាត្រីនេះ ពីព្រោះការទទួលបានលទ្ធផលស្មើ 1-1 គឺជាលទ្ធផលដ៏ល្អឥតខ្ចោះមួយនៅលើទឹកដីខ្លួនឯង។ វាអាស្រ័យទៅលើយើងក្នុងការមិនបង្កើតឱ្យមានកំហុស។ វាជារឿងមួយដែលយើងមិនធ្លាប់បានឃើញពីមុនមក»៕
ប្រភពពី៖ Channel News Asia