អាមេរិក៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសឱ្យដឹងថា ប្រាក់ចំណូល និងចំណេញនៅត្រីមាសទី1 ដើមឆ្នាំ 2018 មានការកើនឡើងខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ ជាពិសេសចំនួនអ្នកប្រើប្រាស់ក៏បានកើនឡើងផងដែរ ខណៈដែលរឿងអាស្រូវនៅមិនទាន់ស្ងប់ស្ងាត់។
យោងតាមការចេញផ្សាយនៅលើគេហទំព័រ Facebook បានឱ្យដឹងថា 3ខែដើមឆ្នាំនេះ Facebook រកចំណូលបាន 11.97ពាន់លានដុល្លារអាមេរិក ខណៈដែលក្រុមហ៊ុនវិភាគបានព្យាករណ៍ថា នឹងទទួលបានត្រឹមតែ 11.4ពាន់លានដុល្លារអាមេរិក។ បើទោះបីជា Facebook មិនបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទី1 នេះក្ដី ប៉ុន្តែ Facebook បានបញ្ជាក់ថា ប្រាក់ចំណេញនៅក្នុងត្រីមាសនេះ កើនឡើង ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។
ជាមួយគ្នានោះផងដែរ ចំនួនអ្នកនៅក្នុងត្រីមាសទី1 បានកើនឡើងដល់ 2.2ពាន់លាននាក់ ពោលគឺកើនឡើង 13ភាគរយ បើធៀបនឹងទៅចុងឆ្នាំ 2017។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Facebook បានជួបរឿងអាស្រូវបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណជា 87លានាក់ រហូតធ្វើឱ្យលោក Mark Zuckerberg មេធំ Facebook ចេញមុខសុំទោសជាសាធារណៈ ជាពិសេសមានបណ្ដាប្រទេសមួយចំនួនគំរាមបិទ Facebook ចោលទៀតផង៕