Skip to content

សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន តែ​នៅ​រង​ឥទ្ធិពល​សេដ្ឋកិច្ច​ក្នុង​តំបន់

យោងតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ2018 របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែល​ចេញផ្សាយ​សម្រាប់​ខែមេសា​នេះ​បានបង្ហាញ​នូវ​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ថា នៅតែមាន​ភាព​វិជ្ជមាន​ដោយ​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង7% ដូចគ្នា ដោយសារ​កំណើន​ការនាំចេញ​រឹងមាំ លំហូរ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​ខ្លាំង ការមកដល់​របស់​ភ្ញៀវទេសចរ​ច្រើន និង​តម្រូវការ​ក្នុងស្រុក​ខ្ពស់។

បើ​គិត​តាម​វិស័យនីមួយៗ ធនាគារ​ADB បានឱ្យដឹងថា វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​ទំនងជា​បន្ត​កើនឡើង​ប្រហែល9.6% ដោយ​ការ​ថមថយ​កំណើន​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ត្រូវបាន​ប៉ះប៉ូវ​ដោយ​កំណើន​ខ្ពស់ជាង​មុន​ក្នុង​ឧស្សាហកម្ម​ដែល​កំពុង​ស្ទុះ​ងើប​ខ្លាំង​នានា ដូចជា​គ្រឿងអគ្គិសនី គ្រឿង​ផ្គុំ​រថយន្ត កង់ អង្ករ និង​កៅស៊ូ។ អតិផរណា​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់3.2%នៅ​ឆ្នាំនេះ និង3.5% នៅ​ឆ្នាំ2019។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ឱនភាព​ពាណិជ្ជកម្ម​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​នៅតែមាន​ច្រើន ដោយសារ​ការចំណាយ​លើ​ការ​នាំចូល​កើនឡើង​សម្រាប់​តម្រូវការ​ប្រេង និង​ផលិតផល​នាំចូល​ផ្សេងទៀត​នៅក្នុង​ប្រទេស​ដែល​សេដ្ឋកិច្ច​កំពុង​ស្ទុះ​ងើប​ខ្លាំង​មួយ​នេះ។

តែ​ការ​ព្យាករ​ដែលមាន​ភាពត្រឹមត្រូវ​អាច​ជឿ​ទុកចិត្តបាន​នេះ​ក៏​បង្ហាញ​ពី​ការទាក់ទង​គ្នា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ទាំងមូល​ផងដែរ។ លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ និង​សន្តិភាព(CICP)បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា៖ “ការ​ព្យាករ​នេះ​មានការ​ជឿជាក់​ខ្ពស់ ដោយសារ​ការ​ផ្អែកទៅលើ​ដំណើរការ​ដ៏​ល្អ​របស់​សេដ្ឋកិច្ច​យើង បើ​ដំណើរការ​សេដ្ឋកិច្ច​មិនល្អ​ក៏​មិនអាច​វាយតម្លៃ​បានដែរ ព្រោះថា ការសិក្សា​ត្រូវបាន​ផ្អែកទៅលើ​វិស័យធំ3 ជាសំខាន់ គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍។

លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ បានបញ្ជាក់​បន្ថែមទៀត​ថា៖ ក្នុង​ផ្នែក​សេដ្ឋកិច្ច ជា​ចាំបាច់​ណាស់​តែងមាន​ទំនាក់ទំនង ដូចជា​ប្រទេស​អាស៊ាន ឬ​ប្រទេស​ក្នុង​តំបន់​អាស៊ី​មាន​ចិន កូរ៉េ ជប៉ុន​ជាដើម។ ពីព្រោះថា យើង​មាន​បណ្តាញ​ទំនាក់ទំនង​ពាណិជ្ជកម្ម (នាំចេញ-នាំចូល​ទំនិញ)ជាមួយគ្នា។ ដូច្នេះ​ការរង​ឥទ្ធិពល​សេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​ជា​រឿង​ចៀស​មិន​ផុត​ដែរ គ្រាន់តែ​តិច ឬ​ច្រើន​ប៉ុណ្ណោះ ពីព្រោះ​បច្ចុប្បន្ន​កម្ពុជា​យើង​មានការ​នាំចេញ​តិចជាង​ការនាំ​ចូល។ តម្រូវការ​នៃ​ការនាំ​ចូល​មាន​ទំហំ​ធំ​ជាង ដូចជា​ប្រេង និង​ឧបករណ៍​ក្នុង​វិស័យ​កសិកម្ម ជាដើម។

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹង​នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ពី​សេដ្ឋកិច្ច​ចិន​ដែល​រំពឹងថា កំណើនសេដ្ឋកិច្ច​ចិន​នឹង​កើន​ឡើងដល់6.6% ក្នុងឆ្នាំនេះ។

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ស្តីពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​តំបន់​អាស៊ី (ADO) ឆ្នាំ2018 បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ចិន​បាន​កើនឡើង​ដោយសារ​តម្រូវការ​ខ្ពស់​នៅក្នុង​ស្រុក និង​នៅ​បរទេស។

ធនាគារ ADB បាន​បន្ត​ឱ្យដឹងថា៖ “កំណើនសេដ្ឋកិច្ច​ចិន​អាច​នឹង​កើន​ឡើងដល់6.6% នៅ​ឆ្នាំ2018 និង6.4% នៅ​ឆ្នាំ2019 ដោយសារ​គោលនយោបាយ​សេដ្ឋកិច្ច​បន្ត​ដើរទៅ​មុខ​ឆ្ពោះទៅរក​ស្ថិរភាព​ហិរញ្ញវត្ថុ និង​មាគ៌ា​កំណើន​កាន់​តែមាន​និរន្តរភាព។ ភាព​រីកចម្រើន​ជា​បន្ត​លើ​ការធ្វើកំណែទម្រង់​នានា ដូចជា​ការពង្រឹង​បទ​ប្បញ្ញត្តិ និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ និង​ការដោះស្រាយ​បញ្ហា​បំណុល​នឹង​បង្កើតបានជា​មូលដ្ឋាន​មួយ​សម្រាប់​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​រឹងមាំ។

ធនាគារ​នេះ​បានឱ្យដឹងថា វិស័យ​សេវាកម្ម​កំពុង​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដោយ​វិស័យនេះ​បាន​កើនឡើង 8% ក្នុង​ឆ្នាំ2017។ ធនាគារ​នេះ​បាន​បន្ត​ឱ្យដឹងទៀតថា តម្រូវការ​ខ្ពស់​នៅក្នុង​ស្រុក និង​នៅ​បរទេស​គួបផ្សំ​នឹង​កំណែទម្រង់សេដ្ឋកិច្ច​បាន​បង្កើតជា​មូលដ្ឋាន​សម្រាប់​កំណើនសេដ្ឋកិច្ច​ជា​បន្ត និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី2 នេះ។

ទន្ទឹមនឹង​នោះដែរ ធនាគារ​ADBបានឱ្យដឹង​ទៀតថា កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា​បាន​កើនឡើង0.3% ដល់6.3% ក្នុង​ឆ្នាំ2017។ ដោយសារ​តម្រូវការ​ក្នុងស្រុក និង​នៅ​បរទេស​ខ្ពស់​បាន​ជួយ​ដំឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​នៅក្នុង​អនុតំបន់​នេះ។ ប្រទេស​ផ្សេងទៀត​នៅ​អនុតំបន់​អាស៊ី​បូព៌ា​នេះ​នឹង​ទទួលបាន​កំណើនសេដ្ឋកិច្ច​កាន់តែ​ទាប​ផងដែរ ភាគច្រើន​ដោយសារ​ការ​ថមថយ​ស​ម្ទុះ​កំណើន​នាំចេញ។ ធនាគារ​នេះ​បាន​បន្តថា ការវិវឌ្ឍ​ទាំងនេះ​នឹង​កាត់បន្ថយ​កំណើនសេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​មក​នៅត្រឹម6% ក្នុង​ឆ្នាំ2018 និង5.8% ក្នុង​ឆ្នាំ2019”។

បើតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ2018 របស់ ADB ស្តីពី​កម្ពុជា​ការបង្កើន​ប្រាក់​ឈ្នួល​យ៉ាង​ឆាប់រហ័ស និង​បញ្ហា​កង្វះ​ជំនាញ​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ការប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា​នៅក្នុង​វិស័យ​ផលិតកម្ម​សម្រាប់​នាំចេញ ដូច្នេះហើយ​ទើប​ADB បានផ្តល់​អនុសាសន៍​ដ​ល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​អនុវត្ត​នូវ​គោ​លន​យោ-បាយ និង​ការសម្របសម្រួល​នីតិវិធី​ធ្វើ​ធុរកិច្ច។

របាយការណ៍​បន្តថា៖ “ប្រសិនបើ​ប្រទេស​កម្ពុជា​ខកខាន​ពុំបាន​អនុវត្ត​គោលនយោបាយ​ដើម្បី​កាត់-បន្ថយ​ការចំណាយផ្សេងៗសម្រាប់​ការធ្វើ​ធុរកិច្ច​ទេនោះ វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​លទ្ធភាព​រប​ស់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​រយៈពេល​មធ្យម ទៅ​វែង​មិន​ខាន។ អ្នកតាក់តែង​គោលនយោបាយ​គួរ​ពិចារណា​សម្រួល​ដំណើរការ និង​នីតិវិធី​ដែល​ចាំបាច់​សម្រាប់​ការធ្វើ​ធុរកិច្ច។ របាយការណ៍​បាន​បន្តទៀតថា៖ “ការធ្វើ​បែបនេះ​នឹង​កាត់បន្ថយ​ចំណាយ​និង​ជួយ​ឱ្យ​វិស័យ​កម្មន្តសាល និង​សេវាកម្ម​របស់​ប្រទេស​នេះ​នឹងមាន​ភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។

លោក សៀង ថា​យ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្តី​ថា៖ ចក្ខុវិស័យ​របស់ ADB អំពី​កំណើន​សេដ្ឋកិច្ចកម្ពុជា​បាន​ឆ្លុះបញ្ចាំង​ពី​កំណើន​វិជ្ជមាន និង​ដំណើរការ​ពិតប្រាកដ​នៃ​សេដ្ឋកិច្ចកម្ពុជា។ លោក​ទទួលស្គាល់​សារៈសំខាន់​នៃ​អនុសាសន៍​របស់ ADB ស្ដីពី​ការធ្វើឱ្យមាន​ភាពងាយស្រួល​នៃ​ដំណើរការ​ធ្វើឱ្យមាន​ភាព​ងាយស្រួល និង​នីតិវិធី​ក្នុង​ការធ្វើ​ធុរកិច្ច​ដោយ​លើកឡើងថា វា​ចាំបាច់​ក្នុងការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​សម្រាប់​ប្រទេស​កម្ពុជា។ លោក​ថ្លែងថា៖ “យើង​ទទួលស្គាល់ថា យើង​ត្រូវការ​ការព្យាយាម​បន្ថែមទៀត​ដើម្បី​កែលម្អ​នីតិវិធី​ក្នុងការ​ផ្ដល់​ភាពងាយស្រួល​សម្រាប់​ពាណិជ្ជករ​ដើម្បី​ធ្វើ​ធុរកិច្ច​នៅ​ប្រទេស​យើង។

លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា៖ “ដោយសារ​យើង​មាន​គោល​គ្រឹះ​នៃ​កំណើនសេដ្ឋកិច្ច​រឹងមាំ យើង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាស​កល ការរង​ឥទ្ធិពល​សេដ្ឋកិច្ច​ក្នុងតំបន់​នេះ​វា​ពុំមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ព្រោះថា​ការសិក្សា​ទៅលើ​ផលិតផល​ក្នុងស្រុក និង​ការនាំចេញ-នាំចូល​នូវ​ផលិតផល​ធ្វើឱ្យ​យើង​មាន​កំណើនសេដ្ឋកិច្ច​ថេរ។ ការរង​ឥទ្ធិពល​តិចតួច ក៏​ដោយសារតែ​ការនាំ​ចូល​របស់​យើង​ច្រើន តែ​ការនាំចេញ​របស់​យើង​នៅ​តិច​នៅឡើយ បើ​ការនាំចេញ​មាន​ទំហំ​ធំ​នោះ​ការរង​ឥទ្ធិពល​កាន់តែ​មាន​តិចទៅ។

តាម​ការសិក្សា​របស់​ធ​នាគារ​ពិភពលោក កម្ពុជា​ជាប់​ចំណាត់ថ្នាក់135 ក្នុងចំណោម 190ប្រទេស​ក្នុងការ​អង្កេត​ពី​ការធ្វើ​ពាណិជ្ជកម្ម​ឆ្នាំ2018 ដែលជា​ចំណាត់ថ្នាក់​ដាច់​ឆ្ងាយ​បើ​ធៀប​នឹង​ប្រទេសជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *