Real Madrid បានធ្វើការវាយបកដេញតាមពីក្រោយដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី1 កាលពីថ្ងៃពុធ តាមរយៈគ្រាប់បាល់ពីសំណាក់ខ្សែការពារ Marcelo និងខ្សែបម្រើ Marco Asensio នៅតង់នីមួយ។
Bayern បានបង្កើតឱ្យមានឱកាសល្អៗជាច្រើនក្នុងការប្រកួតនេះ ប៉ុន្តែ អាចរកគ្រាប់បាល់បញ្ចូលទីបានត្រឹមតែ 1គ្រាប់គត់ ខណៈដែលកីឡាករ Joshua Kimmich បានរកគ្រាប់បាល់បើកឆាកនាកីឡដ្ឋាន Allianz Arena នៅនាទីទី28។
ប៉ុន្តែ ក្រុមម្ចាស់ការពារតំណែងជើងឯកនាពេលបច្ចុប្បន្នមួយនេះ បានធ្វើឱ្យពួកគេវិលទៅកាន់ការប្រកួតនេះវិញ នៅមុនពេលបញ្ចប់តង់ទី1 តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អពី Marcelo មុនពេល Asensio ជួយឱ្យពួកគេដណ្តើមបានជ័យជម្នះនៅនាទីទី56 ក្រោយពីការប្រព្រឹត្តកំហុសរបស់ក្រុម Bayern។ Real Madrid នឹងនាំយកគ្រាប់បាល់ក្រៅទឹកដី 2គ្រាប់ដ៏សំខាន់ទៅកាន់ការប្រកួតជើងទី2 នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ស្របពេលដែល Bayern អាចនឹងមានការស្តោកស្តាយដោយសារតែការខ្ជះខ្ជាយឱកាសជាច្រើន។
ខ្សែប្រយុទ្ធ Thomas Mueller របស់ក្រុម Bayern បានឱ្យដឹងថា៖ «នៅពាក់កណ្តាលតង់ទី1 យើងបានលេងយ៉ាងល្អ ប៉ុន្តែយើងខ្វះពីភាពមុតស្រួច។ រាល់អ្វីៗទាំងអស់នៅតែអាចទៅរួច ប៉ុន្តែ យើងមិនបានធ្វើឱ្យមានប្រៀបនៅថ្ងៃនេះសោះ»។
ជាមួយគ្នានេះ ខ្សែការពារ Sergio Ramos ប្រធានក្រុម Real បានឱ្យដឹងថា៖ «យើងបានដឹងពីអ្វីដែលរំពឹងទុក យើងធ្វើបានយ៉ាងល្អ និងបានបង្ហាញពីទម្រង់លេងដ៏រឹងមាំ។ វានៅសល់ការប្រកួតជើងទី2 ទៀត ប៉ុន្តែ យើងនឹងផ្តោតអារម្មណ៍ ហើយយើងបានការពារយ៉ាងល្អ ដែលនោះគឺជារឿងដ៏សំខាន់»៕
ប្រភពពី៖ Sky Sports