នៅព្រឹកថ្ងៃនេះ សាកលវិទ្យាល័យក្រចេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយចំណាយថវិកាអស់ប្រមាណ 12លានដុល្លារអាមេរិក ដែលធ្វើឱ្យប្រជាជនកម្ពុជាជាច្រើនបានចាប់អារម្មណ៍ និងកោតសរសើរ ព្រោះមានចំណុចពិសេសៗជាច្រើននៅក្នុងនោះ។
ចំណុចសំខាន់ទី1 ដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះគឺ រចនាប័ទ្មនៃការសាងសង់ ព្រោះទីតាំងទាំងមូលនៃសាកលវិទ្យាល័យក្រចេះត្រូវបានរៀបចំឡើងដោយមានរចនាសម្ព័ន្ធល្អ ទាំងទីធ្លា សួនច្បារ បរិក្ខារបច្ចេកទេស និងជាពិសេសគឺសោភ័ណភាពសំណង់ដែលសង់ឡើងដោយប្រើប្រាស់រចនាប័ទ្មខ្មែរ និងចិន។ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានកោតសរសើរ ខណៈសាធារណជនចង់ឃើញអគារទាំងរដ្ឋ និងឯកជនដែលត្រូវបានសាងសង់នៅសម័យបច្ចុប្បន្ននេះងាកមកប្រើប្រាស់រចនាប័ទ្ម និងគំរូស្ថាបត្យកម្មបែបខ្មែរវិញ។
ចំណុចទី2 គឺសាកលវិទ្យាល័យនេះ មានតំបន់ចំណុះសំខាន់ៗរបស់ខ្លួន 2 កន្លែង គឺនៅឃុំសណ្តាន់ជាថ្នាលសម្រាប់សិក្សាស្រាវជ្រាវពីវិស័យកសិកម្ម។ តំបន់នោះលាតសន្ធឹងលើផ្ទៃដីប្រមាណ 92ហិកតា ដែលអាចផ្តល់ឱកាសឱ្យនិស្សិតមានកន្លែងគ្រប់គ្រាន់ក្នុងការអនុវត្តជាក់ស្តែងលើផ្នែកកសិកម្ម ដែលជាផ្នែកគោលរបស់សាកលវិទ្យាល័យ។ ចំណែកឯតំបន់ចំណុះមួយកន្លែងទៀតគឺ នៅក្នុងឃុំសំបុក ដែលមានផ្ទៃដីចំនួន 35ហិកតា សម្រាប់ធ្វើការស្រាវជ្រាវផ្នែកជលផល ដែលជាផ្នែកយ៉ាងសំខាន់មួយជំរុញឱ្យមានការអភិវឌ្ឍនៅតំបន់សំខាន់ៗជាច្រើននៅកម្ពុជា។
ចំណុចសំខាន់ទី3 គឺផ្តោតជាចម្បងលើអគារនីមួយៗនៅក្នុងសាកលវិទ្យាល័យ ដែលមានដូចជាបណ្ណាល័យ អគាវិទ្យាស្ថានភាសា និងព័ត៌មានវិទ្យា អគារសាកលវិទ្យាធិការ អគារផ្គត់ផ្គង់ទឹកស្អាត អគារអភិសាល អគារមន្ទីពិសោធ អគាររោងជាង អគារអាហារដ្ឋាន អគារផ្គត់ផ្គង់ និងចែកចាយអគ្គិសនី និងអគារស្នាក់នៅបណ្តោះអាសន្ន។
គួរបញ្ជាក់ថា សាកលវិទ្យាល័យនេះ គឺសាងសង់ឡើងក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនអស់ 10លានដុល្លារ និងថវិការបស់មូលនិធិឧត្តមសិក្សាខេត្តក្រចេះប្រមាណ 2លានដុល្លារ សរុបជាទឹកប្រាក់គឺ 12លានដុល្លារអាមេរិក៕