ស្របពេលដែលមហាជនកំពុងតែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំពោះតំបន់ដីដុះរលោះធំ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ដែលតារាស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ ជាក់ស្ដែងរូបនាងមិនមែនធ្វើដំណើរទៅកម្សាន្ដតែជាមួយក្រុមការងារប៉ុណ្ណោះទេ តែគេមើលឃើញមានវត្តមានគូស្នេហ៍របស់នាងចូលរួមក្នុងដំណើរនោះផងដែរ។
នៅចំពីមុខផ្ទាំងដីដុះធំៗខ្ពស់ៗ បានធ្វើឱ្យសម្រស់កញ្ញា ឱក សុគន្ធកញ្ញា កាន់តែស្រស់សោភាជាមួយស្ទីលវ៉ែនតាខ្មៅ និងកាន់តែមើលទៅផ្អែមល្ហែមបំផុតខណៈដែលនាងបានឈរថតរូបជិតគ្នាជាមួយនឹងលោក អ៊ឹង សុលី ដែលជាគូស្នេហ៍។ យ៉ាងណាក៏ដោយ នៅក្នុងរូបភាពជាច្រើនសន្លឹកនោះ ក៏គេឃើញមានវត្តមានពិធីការិនីល្បី និមល និងក្រុមការងារ រួមទាំងគណៈប្រតិភូខេត្ត ឧត្តមានជ័យ ផងដែរ។ ឱក សុគន្ធកញ្ញា បាននិយាយថា «នាងខ្ញុំសូមថ្លែងអំណរគុណដល់ការផ្តល់កិត្តិយសរួមដំណើរ និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅ ពីសំណាក់លោកពូអភិបាលខេត្ត និងលោកពូ-អ្នកមីងថ្នាក់ដឹកនាំខេត្តទាំងអស់ ក្នុងពេលដែលនាងខ្ញុំស្នាក់នៅក្នុងខេត្តឧត្តរមានជ័យ និងសូមអរគុណដល់ការស្រឡាញ់ចូលចិត្ត គាំទ្រពីសំណាក់ពុកម៉ែបងប្អូនទស្សនិកជនអ្នកខេត្តឧត្តរមានជ័យទាំងអស់»។
គួរបញ្ចាក់ផងដែរថា បន្ទាប់ពីតារាជួរមុខដូចជាអ្នកនាង សុគន្ធ នីសា បានចូលរោងការរួច និងនៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រក្រោយជីវិតអាពាហ៍ពិពាហ៍នោះ កញ្ញា ឱក សុគន្ធកញ្ញា និងគូស្នេហ៍ហាក់បីដូចជាកាន់តែហ៊ានបើកចំហទំនាក់ទំនងឱ្យមហាជនបានឃើញ និងឧស្សាហ៍បណ្ដើរគ្នាយ៉ាងត្រសងចេញមុខតាមកម្មវិធីធំៗនានាផងដែរ៕