ការហាត់ប្រាណ គឺជារឿងចាំបាច់មួយសម្រាប់មនុស្សទាំងឡាយដែលចង់បានសុខភាពល្អ និងមានរូបរាងស្វែលស្អាត។ សម្រាប់តារាសម្ដែងស្រី ប្រាសាទ ដាវីន វិញក៏អ៊ីចឹងដែរ ព្រោះគេតែងសង្កេតឃើញថា អ្នកនាងយកចិត្តទុកដាក់ខ្លាំងលើការហាត់ប្រាណ។ រូបភាពជាច្រើនសន្លឹកដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់អ្នកនាង ជាទូទៅមហាជនចាប់អារម្មណ៌លើតែភាពសិចស៊ីរបស់នាង តែមិនសូវជាចាប់អារម្មណ៍ចំពោះសកម្មភាពមុនពេលហាត់ និងក្រោយហាត់ប្រាណរបស់អ្នកនាងឡើយ។
គួររំឭកដែរថា អតីត Freshie Girl ចំណាត់ថ្នាក់លេខ3 ឆ្នាំ2007 រូបរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម អ្នកនាងប្រាសាទ ដាវីន បានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជិត10 ឆ្នាំមកហើយ។ ដាវីន បានបង្ហាញមុខ និងធ្វើឱ្យភ្ញាក់ផ្អើលអស់អ្នកសិល្បៈជាមួយនឹងស្នាដៃសម្តែង និងថតឈុតផ្សព្វផ្សាយមួយចំនួនកាលពីពេលថ្មីៗកន្លងទៅ។ អ្នកនាងជាតារាម៉ូដែលមួយរូបដែលមានប្រជាប្រិយគួរឱ្យកត់សម្គាល់ ហើយទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ ដោយមានលក្ខណៈលេចធ្លោខាងថតផ្សាយពាណិជ្ជកម្ម នោះក៏ព្រោះតែរូបរាងរបស់នាងសិចស៊ី ហើយនាងមានកម្ពស់ខ្ពស់សក្តិសមនឹងការផ្សាយពាណិជ្ជកម្ម។
ការថែរក្សារូបរាងកាយក៏ជារឿងមួយដែលតារាស្រីរូបនេះមិនដែលរំលងដែរ នាងនិយមហាត់ប្រាណ លើកដុំដែក ហាត់យោហ្គាពត់ពេនដៃជើង ជាដើម ជាពិសេសគេសង្កេតឃើញអ្នកនាងនិយមហែលទឹកជាមួយកូនប្រុសបង្កើត។ អ្នកមេម៉ាយកូនមួយរូបនេះ អាចរក្សាសម្ផស្សបានក្មេងជាងវ័យរហូត មិនថារូបនាងធ្លាប់មានស្វាមី និងកូនប្រុសហើយក្ដី៕