គំនិតក្នុងការធ្វើអាជីវកម្មជារឿងសំខាន់បំផុតសម្រាប់ពាណិជ្ជករ ព្រោះថា គំនិតថ្មីៗអាចជាគន្លឹះដែលនាំឱ្យអាជីវកម្មរបស់គេរីកចម្រើនបានយ៉ាងឆាប់រហ័ស។ ហេតុនេះហើយទើបអ្នករកស៊ីជាច្រើនខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកគំនិតអាជីវកម្មឆ្លាតវៃនានា តាមវិធីជាច្រើនដែលក្នុងនោះ ការដើរសង្កេតមើលពីគំនិតអាជីវកម្មនៅបរទេសក៏ជាផ្នែកមួយដែលសហគ្រិនអាចដកយកនូវបទពិសោធ និងគន្លឹះល្អៗជាច្រើនមកប្រើបានដែរ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Codingate លោក សុខ សុភមង្គល បានលើកឡើងថា ការចេញទៅមើលពីអាជីវកម្មនៅបរទេស គឺជាវិធីល្អមួយដើម្បីចេញផុតពីបរិយាកាសនៃសកម្មភាពដដែលៗក្នុងការគ្រប់គ្រងក្រុមហ៊ុនឆ្ពោះទៅកាន់បរិស្ថានដោយឡែកមួយដែលពោរពេញដោយគំនិតថ្មី។ ការចេញទៅក្រៅប្រទេសដើម្បីស្វែងយល់ពីអាជីវកម្មនានាដែលមានភាពរឹងមាំ និងមានគំនិតប្លែកៗដែលគេទទួលស្គាល់លើពិភពលោកអាចធ្វើឱ្យម្ចាស់អាជីវកម្មនោះទទួលបានលទ្ធផលល្អយ៉ាងនឹកស្មានមិនដល់ ក្រោយពេលដែលគាត់យកគំនិតទាំងអស់នោះមកប្រើឱ្យត្រូវនឹងកាលៈទេសៈជាក់ស្តែង។
លោក សុខ សុភមង្គល បាននិយាយថា៖ “មានវិធីគ្រប់គ្រងចង្វាក់ផលិតកម្ម ឬអាជីវកម្មយ៉ាងសាមញ្ញជាច្រើនត្រូវបានគេអនុវត្តនៅបរទេសដែលអ្នកគ្រប់គ្រងនៅកម្ពុជាអាចដកស្រង់យកមកអនុវត្តបានយ៉ាងងាយ តែវិធីងាយៗទាំងអស់នោះពេលខ្លះមិនត្រូវបានអ្នកគ្រប់គ្រងនៅកម្ពុជាគិតឃើញនោះទេ ព្រោះគាត់មានភាពមមាញឹកខ្លាំងជាមួយការដោះស្រាយបញ្ហាប្រចាំថ្ងៃក្នុងអាជីវកម្ម។
សហគ្រិនដែលតែងតែចេញទៅក្រៅប្រទេសជារៀងរាល់ឆ្នាំរូបនេះបានបន្ថែមទៀតថា មានអ្នកជំនួញមួយចំនួនមិនចូលចិត្តការធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅក្រៅប្រទេសនោះទេ ព្រោះពួកគេគិតថាជាប់រវល់មិនអាចដកឃ្លាបាន ត្រូវចំណាយលុយច្រើន ហើយខាតពេលទៀតផង តែតាមពិតទៅ ការគិតបែបនេះធ្វើឱ្យពួកគាត់ខាតច្រើនទៅវិញទេ ព្រោះបើគាត់អាចដកឃ្លាទៅមើលបរិស្ថានអាជីវកម្មថ្មីៗនៅខាងក្រៅ គាត់នឹងទទួលបានគំនិតឆ្លាតវៃច្រើនដែលធ្វើឱ្យគាត់ដោះស្រាយបញ្ហាបានលឿនជាងមុន។ គាត់ចំណាយពេលតែមួយសប្តាហ៍ គាត់នឹងចំណេញពេលច្រើនពេលគាត់ត្រឡប់មកវិញ។
លោក សុភមង្គល បានបន្ថែមទៀតថា គ្មានការអភិវឌ្ឍណាដែលមិនចំណាយធនធានខ្លះនោះទេ។ ការធ្វើដំណើរទៅសិក្សាពីបទពិសោធជាក់ស្តែងនៅក្រៅប្រទេសប្រាកដជាចំណាយថវិកាខ្លះហើយ តែលទ្ធផលដែលគាត់បានមកវិញ គឺគំនិតសំខាន់ៗជាច្រើនដែលជួយគាត់បានពេញមួយជីវិត។ បើប្រៀបធៀបគ្នាទៅ បទពិសោធល្អៗដែលពួកគាត់បានសិក្សាពីក្រុមហ៊ុនធំៗនៅបរទេសមិនអាចយកប្រាក់ដែលគាត់ចំណាយនោះទៅទិញបាននោះទេ ហេតុនេះការវិនិយោគថវិកាមួយចំនួនដើម្បីពង្រឹងសមត្ថភាពជាការចំណាយយ៉ាងត្រឹមត្រូវបំផុត។
បង្ហាញពីភាពវិជ្ជមានក្នុងការធ្វើដំណើរទៅសិក្សាពីមុខជំនួញនៅបរទេសលោក ហាវ គង់ងី ស្ថាបនិកអាជីវកម្មសង្គមផ្ទះតាមក្តីប្រាថ្នា បានលើកឡើងថា ការធ្វើដំណើរទៅមើលអាជីវកម្មនៅបរទេសអាចជាវិធីសាស្ត្រល្អមួយដើម្បីរកឃើញពីដំណោះស្រាយល្អៗពាក់ព័ន្ធនឹងគំនិតអាជីវកម្ម។ នៅប្រទេសខ្លះ គេមានប្រជាជនច្រើន មានភាពសាំញ៉ាំ និងមានបញ្ហាច្រើនដែលត្រូវដោះស្រាយហេតុនេះមនុស្សនៅក្នុងសង្គមនោះ រាប់ទាំងអ្នកជំនួញនៅប្រទេសនោះផងបានស្វែងរកគំនិតសម្រាប់ដោះស្រាយបញ្ហានៃការរស់នៅតាមរយៈសកម្មភាពនានាឬគំនិតអាជីវកម្មរបស់គេផ្ទាល់ ហេតុនេះយើងអាចនឹងមើលឃើញដំណោះស្រាយល្អៗសម្រាប់អនុវត្តក្នុងសង្គមរបស់យើង។
លោក ហាវ គង់ងី បាននិយាយថា៖ “មុនបង្កើតអាជីវកម្មសង្គម ផ្ទះតាមក្តីប្រាថ្នា និងឥដ្ឋបរិស្ថាននេះ ខ្ញុំបានធ្វើដំណើរទៅសិក្សាវគ្គខ្លីស្តីពីសហគ្រិននៅបរទេសនិងមើលពីចង្វាក់ផលិតកម្មនៃក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះបូអ៊ីញជាដើម។ អ្វីដែលជាការសង្កេតរបស់ខ្ញុំ គឺយើងបានឃើញពីភាពរីកចម្រើននៃវិទ្យាសាស្ត្រជាច្រើនដែលប្រទេសយើងអាចនឹងត្រូវមាននៅថ្ងៃខាងមុខ។
លោក គង់ងី បានបញ្ជាក់ផងដែរថានៅពេលដែលយើងបានឃើញពីសក្តានុពលនៃគំនិតសំខាន់ៗមួយចំនួននៅប្រទេសអភិវឌ្ឍន៍ហើយ វាអាចធ្វើឱ្យយើងមានជម្រើសច្រើនក្នុងការគិត និងពិចារណាបង្កើតជាផលិតផល ឬសេវាកម្មសម្រាប់អនុវត្តនៅកម្ពុជា។ ជាការពិតណាស់ ពេលខ្លះយើងគ្រប់គ្នារស់នៅក្នុងសង្គមមួយយើងតែងតែឃើញពីបញ្ហា និងតម្រូវការរបស់ប្រជាជននៅក្នុងសង្គមនោះ តែប្រសិនបើយើងមិនបានដឹងពីគន្លឹះឆ្លាតវៃមួយចំនួនដែលកើតចេញពីការសិក្សាស្វែងយល់នៅពិភពខាងក្រៅទេ យើងក៏លំបាកក្នុងការដោះស្រាយបញ្ហាទាំងអស់នោះដែរ។
យុវជនមួយរូបដែលត្រៀមបើកអាជីវកម្មខ្លួនឯង និងជាអ្នកបង្កើតសិក្ខាសាលាមួយចំនួនស្តីពីអាជីវកម្ម យុវជន ហម សុខនី យល់ឃើញថា ការធ្វើដំណើរទៅស្វែងយល់ពីគំនិតអាជីវកម្មនៅបរទេស ពិតជាជម្រើសដ៏ល្អមួយដែលអាចធ្វើឱ្យយើងភ្ជាក់ផ្អើល។ យុវជនខាងលើបានបង្ហាញផងដែរថា គាត់ចំណាយពេលវេលាជាច្រើនទាំងការអានសៀវភៅផងធ្វើការងារស្ម័គ្រចិត្តផង និងចូលរួមសិក្ខាសាលាជាច្រើន ដើម្បីទទួលបានគំនិតសម្រាប់អាជីវកម្ម តែគំនិតទាំងអស់នោះពេលខ្លះមិនដូចជាការឃើញផ្ទាល់ភ្នែកនោះទេ។
យុវជន ហម សុខនី បាននិយាយបន្ថែមទៀតថា៖ “ការឮច្រើនដងមិនដូចការទៅឃើញផ្ទាល់តែម្ដងនោះទេ នៅពេលដែលយើងទៅដល់បរទេស យើងនឹងឃើញថា សេវាកម្ម និងផលិតផលជាច្រើនដែលពេលខ្លះជារឿងងាយៗសោះ តែយើងមើលមិនឃើញ ហើយគំនិតទាំងអស់នេះ សុទ្ធតែជាចំណុចដែលគួរពិចារណាសម្រាប់បង្កើតអាជីវកម្មប្លែកៗ ដែលអាចទទួលបានការគាំទ្រច្រើនពីយុវវ័យ និងមនុស្សរាល់គ្នា”៕