នៅកម្ពុជា ថ្មីៗនេះមជ្ឈមណ្ឌល បុប្ផាណា បានសហការជាមួយនឹងដៃគូពាក់ព័ន្ធបង្កើតឡើងនូវកម្មវិធីទូរស័ព្ទដោយបញ្ចូលនូវសិល្បៈ និងអត្ថបទប្រវត្តិសាស្ត្រជាច្រើនប្រកបដោយគុណប្រយោជន៍សម្រាប់សាធារណជនខ្មែរ។
នៅថ្ងៃនេះអ្នកយកព័ត៌មាននៃកាសែតឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយលោក ជា សុភាព នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា ដែលលោកបានបង្ហាញពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងកម្មវិធីដ៏មានសារៈសំខាន់នេះដូចខាងក្រោម។
- ថ្មីៗនេះបុប្ផាណាទើបនឹងបង្កើតកម្មវិធីទូរស័ព្ទ (Mobile App) ដែលកំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់សាធារណជន។ តើ App នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វីខ្លះ?
គោលបំណងសំខាន់នៃការផលិត App ដែលមានឈ្មោះថា ប្រវត្តិសាស្ត្រខ្មែរក្រហម ឬ Khmer Rouge History នេះគឺចង់អប់រំយុវជនជំនាន់ក្រោយឱ្យបានស្វែងយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតដែលកើតមានឡើងក្នុងសម័យខ្មែរក្រហម និងដើម្បីជួយដល់ក្រសួងអប់រំ យុវជន និងកីឡា លើកម្មវិធីអប់រំប្រវត្តិសាស្ត្រផងដែរ។
ក្រៅពីនេះ កម្មវិធីនេះក៏ជាការចែករំលែកប្រវត្តិសាស្ត្រជាក់ស្តែងទៅកាន់មនុស្សជាតិទាំងមូល ដើម្បីធ្វើឱ្យមនុស្សពីគ្រប់ជាតិសាសន៍អាចទទួលបានព័ត៌មានពីរបបខ្មែរក្រហម។ ម្យ៉ាងវិញទៀត យើងឃើញហើយថាមនុស្សចាស់សម័យមុននៅពេលដែលគាត់និយាយពីរបបខ្មែរក្រហមប្រាប់ក្មេងៗ ពួកគេអាចមិនសូវយកចិត្តទុកដាក់ស្តាប់ ដែលវាជាបញ្ហាមួយធ្វើឱ្យគាត់មិនសប្បាយចិត្ត ហេតុនេះនៅពេលដែលយើងបណ្តុះបណ្តាលឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹងពីរឿងរ៉ាវជាក់ស្តែងនានានៅក្នុងសម័យខ្មែរក្រហម មនុស្សចាស់ដែលមានការឈឺចាប់នៅសម័យនោះអាចនឹងមាន ការស្ងប់ចិត្តបានខ្លះ ដែលវាហាក់ដូចជាការផ្សះផ្សាផ្លូវចិត្តដល់ពួកគាត់មួយកម្រិតផងដែរ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដោយមានការឧបត្ថម្ភ និងគាំទ្រពីសហភាពអឺរ៉ុប និងអង្គការ Rei Foundation Limited។
- តើការបង្កើត App ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះ ត្រូវចំណាយពេលវេលា និងធនធានច្រើនប៉ុនណា?
ការបង្កើត App នេះគឺ នៅដំណាក់កាលទី1 យើងបង្កើតឡើងក្នុងរយៈពេល2ឆ្នាំ គឺចាប់ផ្តើមពីឆ្នាំ2016 ដល់ ឆ្នាំ2018។ ដំណាក់កាលនេះ ជាដំណាក់កាលក្នុងការបង្កើតឡើងនូវអត្ថបទ (content) និងវីដេអូសំខាន់ៗមួយចំនួន។ រយៈពេលនេះ ជារយៈពេលខ្លីតែយើងបានបង្កើតឡើងនូវសាច់រឿងជាច្រើន ព្រោះយើងមានអ្នកសរសេរ ដល់ទៅ 3រូប គឺលោក កែវ ឌួង ជាជនជាតិខ្មែរយើង ដែលបានបញ្ចប់ការសិក្សានៅប្រទេសថៃ ហើយគាត់បានបោះពុម្ពផ្សាយឯកសារច្រើនពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ និងជាមនុស្សម្នាក់ដែលស្រឡាញ់ការងារប្រវត្តិសាស្ត្រនេះ ជាអ្នកសរសេរ។
ចំពោះអ្នកដែលចូលរួមសំខាន់ 2រូបទៀត គឺលោកបណ្ឌិត ឌី ខាំបូលី ដែលគាត់ជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងមួយរូបទៀតគឺអ្នកនិពន្ធ Anne Laure Porée ដែលគាត់មានស្នាដៃពាក់ព័ន្ធនឹងមន្ទីរស.21 ហើយគាត់បានសរសេរនិក្ខេបបទថ្នាក់បណ្ឌិតរបស់គាត់អំពីមន្ទីរ ស.21នេះ។
ក្រៅពីនោះទៀត យើងមានគណៈកម្មការពិនិត្យចំនួន 8រូប គឺលោក មួង សុផាត ដែលគាត់ជាអ្នកជំនាញនៃក្រសួងអប់រំយុវជន និងកីឡា លោកបណ្ឌិត វង់ សុធារ៉ា ដែលជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងជាប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ប៉ាន់ រិទ្ធី សមិទ្ធករ និងជាផលិតករភាពយន្ត រួមជាមួយនឹងបណ្ឌិត Helen Jarvis ទីប្រឹក្សារាជរដ្ឋាភិបាល បណ្ឌិត អ៊ុក គ្រឹស្នាអតីតប្រធានមជ្ឈមណ្ឌលខេមរភាសា និងលោក គន្ធ សុធីរ អតីតមន្ត្រីផ្នែកច្បាប់នៃការិយាល័យមេធាវី។ លើសពីនេះទៅទៀត គឺមានការត្រួតពិនិត្យបន្ថែមពីលោក David Chandler ដើម្បីធានាថាអាចធ្វើឱ្យវាមានតម្លៃគ្រប់គ្រាន់សម្រាប់បង្ហាញទៅកាន់សាធារណជន។
- រាល់ដង បើនិយាយពីខ្មែរក្រហមយើងឃើញថា មនុស្សគ្រប់គ្នានិយាយច្រើន ហើយមានឯកសារច្រើនផងដែរ តើកម្មវិធីថ្មីនេះមានអ្វីប្លែកដែលអ្នកមើលគួរតែចូលមើលដែរឬទេ?
ជាទូទៅ ខ្ញុំធ្លាប់ឆ្លងកាត់ការស្ទង់មតិជាមួយនឹងក្មេងៗមួយចំនួន គឺពួកគាត់ស្គាល់តែពីប៉ុល ពត ពីនួន ជា ឬ អៀង សារី ជាដើម តែនៅពេលដែលខ្ញុំសួរគាត់ឱ្យស៊ីជម្រៅ គឺគាត់មិនដឹងទេ។
អ្វីដែលយើងដាក់បញ្ចូលទៅក្នុង App នេះគឺយើងនិយាយពីរបៀបដែលខ្មែរក្រហមឡើងកាន់អំណាច របៀបនៃការតស៊ូ វិធីសាស្ត្រទំនាក់ទំនងរបស់ប៉ុល ពត ទិន្នន័យសំខាន់ៗ រួមទាំងវិធីសាស្ត្រក្នុងការបញ្ជ្រាបពីមនោគមន៍វិជ្ជារបស់ខ្មែរក្រហមដល់ប្រជាជន រហូតដល់មានប្រជាជនជាច្រើននៅសម័យនោះដើរតាមប៉ុល ពត។ យើងក៏និយាយពីទិដ្ឋភាពពេលដែលខ្មែរក្រហមចូលទីក្រុងភ្នំពេញ ការរស់នៅរបស់ប្រជាជនជាលក្ខណៈជីវិតឯកជនក្នុងសម័យខ្មែរក្រហម និងពីប្រភពព័ត៌មានដើមដែលយើងបានស្នើសុំពីមជ្ឈមណ្ឌលឯកសារកម្ពុជាដើម្បីបង្ហាញជូនសាធារណជនឱ្យកាន់តែច្បាស់។
- អ្វីជាការរំពឹងទុកបន្ទាប់ពីប្រជាជនកម្ពុជាជាច្រើនចាប់ផ្តើមប្រើប្រាស់ App របស់បុប្ផាណានេះ? លោកមានមតិអ្វីដើម្បីផ្តាំផ្ញើដល់សាធារណជនដែរឬទេ?
ជាការរំពឹងទុក គឺយើងចង់ឃើញមានការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានចំពោះក្រុមគ្រួសារខ្មែរ ដែលធ្លាប់ឆ្លងកាត់សម័យខ្មែរក្រហម និងចង់ឱ្យយុវជនយល់ដឹងកាន់តែច្បាស់ពីសម័យខ្មែរក្រហម ឬរបបប្រល័យពូជសាសន៍កុំឱ្យកើតមានប្រវត្តិសាស្ត្រច្រំដែល ព្រោះយើងធ្លាប់បានឃើញហើយថា ប្រវត្តិសាស្ត្រនៃការកាប់សម្លាប់រង្គាលត្រូវបានកើតឡើងម្តងរួចមកហើយនៅក្នុងសម័យសង្គ្រាមលោកលើកទី2 ដោយមេដឹកនាំល្មោភសង្គ្រាម អាដូហ្វ ហ៊ីត្លែ តែក្រោយមកទៀតវាបានកើតឡើងបន្តបន្ទាប់ស្រដៀងគ្នានេះនៅលើពិភពលោក គឺនៅក្នុងប្រទេសកម្ពុជា
ហេតុនេះសង្ឃឹមថា យើងព្យាយាមរៀនពីវា ហើយទប់ស្កាត់កុំឱ្យវាកើតឡើងបន្តទៀត។ ដើម្បីជំរុញសកម្មភាពនេះឱ្យជោគជ័យ គឺយើងទាំងអស់គ្នាអាចចូលរួមបានតាមរយៈការទាញយក (download) App នេះឱ្យបានច្រើន ហើយបន្តស្វែងយល់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕