នៅពេលត្រូវទទួលតួនាទីជាឪពុកម្តាយ ឬអាណាព្យាបាល ក្រៅពីការចិញ្ចឹមមើលថែទាំដ៏ស័ក្តិសមល្អហើយនោះ ការបង្កើនក្តីមោទនភាពដល់កូនចៅក៏ជារឿងមួយសំខាន់មិនតិចតួចឡើយ។ ក្តីមោទនភាពលើខ្លួនឯង (Self-esteem) ជារឿងសំខាន់ក្នុងការរស់នៅ និងជារឿងដែលត្រូវតែសាងបណ្តើរៗតាំងពីក្មេង។ ក្មេងដែលមានមោទនភាពលើខ្លួនឯង នឹងក្លាយជាក្មេងដែលមានភាពជឿជាក់ក្នុងចិត្ត អាចដោះស្រាយបញ្ហា មានភាពអត់ទ្រាំចំពោះសម្ពាធផ្សេងៗ និងជម្លោះទាំងឡាយបានយ៉ាងល្អ ហើយជាមនុស្សដែលសម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមានថែមទៀតផង។
ក្តីមោទនភាពលើខ្លួនឯងត្រូវចាប់ផ្តើមតាំងពីអាយុខួបឆ្នាំដំបូង ក្មេងនឹងមានអារម្មណ៍ថា “ខ្លួនឯងធ្វើបាន” បន្ទាប់ពីព្យាយាមមកជាច្រើនដងរហូតទទួលបានជោគជ័យ និងបង្រៀនខ្លួនឯងថា “យើងធ្វើបាន បើយើងព្យាយាម”។ ចំណែកឯតួនាទីរបស់ឪពុកម្តាយ និងអាណាព្យាបាលក្នុងការបង្កើនក្តីមោទនភាពដល់កូនៗនោះមានដូចតទៅ ៖
1/ ចាប់តាំងពីកើតដំបូង៖ ជាពិសេសក្នុងអំឡុងខួបឆ្នាំដំបូង ឪពុកម្តាយគួរផ្តល់ពេលវេលា សេចក្តីស្រឡាញ់ ភាពកក់ក្តៅ ភាពជិតដិតស្និទ្ធស្នាល ដូចជា ឱ្យបៅទឹកដោះនៅពេលកូនឃ្លាន លួងលោមនៅពេលកូនមួម៉ៅ ឬមិនស្រួលខ្លួន លេងជាមួយនៅពេលកូនត្រូវការ ទាំងអស់នេះជួយឱ្យក្មេងមានអារម្មណ៍ល្អជាមួយខ្លួនឯងដែលបានទទួលការតបស្នង ឬបានទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃ។
2/ វ័យ1-3ខួប៖ ក្មេងចាប់ផ្តើមហ្វឹកហាត់ និងត្រូវការធ្វើអ្វីម្យ៉ាងដោយខ្លួនឯងហើយ ឪពុកម្តាយគួរផ្តល់ឱកាសឱ្យកូនបានចាប់ផ្តើមធ្វើដោយខ្លួនឯង ព្រោះនៅពេលធ្វើបានសម្រេច គេនឹងកើតភាពជឿជាក់លើខ្លួនឯង មោទនភាពលើខ្លួនឯង និងមើលមកខ្លួនឯងថាជាមនុស្សមានសមត្ថភាព។
3/ វ័យមត្តេយ្យ និងវ័យរៀន៖ ឪពុកម្តាយគួរប្រគល់ការងារងាយៗដែលស័ក្តិសមនឹងវ័យ ឱ្យក្មេងធ្វើដោយខ្លួនឯង ឬឱ្យក្មេងមានការងារល្អៗ ដូចជា មានទឹកចិត្តចែករំលែក និងធ្វើការរួមជាមួយអ្នកដទៃជាដើម។
4/ ការទំនាក់ទំនង និងបរិយាកាសដែលល្អក្នុងគ្រួសារសំខាន់សម្រាប់កុមារគ្រប់វ័យ៖ ឪពុកម្តាយគួរសម្តែងអាកប្បកិរិយា ឬផ្តល់នូវពាក្យកោតសរសើរយ៉ាងល្មមសមរម្យនៅពេលក្មេងធ្វើរឿងដែលល្អ តែបើកូនធ្វើរឿងដែលមិនល្អ គួរតែណែនាំចង្អុលបង្ហាញ និងផ្តល់កម្លាំងចិត្តយ៉ាងល្អប្រសើរ គួរចៀសវាងការទិតៀនតវ៉ាក្មេងដដែលៗ ព្រោះនឹងធ្វើឱ្យគេមើលមកខ្លួនឯងថាមិនល្អរហូតលែងមានកម្លាំងជំរុញចិត្ត។
5/ ធ្វើជាគំរូល្អដល់ក្មេងៗ៖ ក្នុងខណៈដែលឪពុកម្តាយកោតសរសើរ មើលឃើញចំណុចល្អរបស់កូន ឬរបស់អ្នកដទៃនោះ ក្មេងៗនឹងរៀនយល់ដឹងជាបណ្តើរៗ ជ្រួតជ្រាបពីការមើលឃើញគុណតម្លៃរបស់អ្នកដទៃដែរ។ ផ្ទុយទៅវិញ ក្មេងដែលខ្វះភាពជឿជាក់ក្នុងចិត្ត និងក្តីមោទនភាពលើខ្លួនឯង ច្រើនតែជាមនុស្សដែលវិតក្កកង្វល់ កើតមានភាពធុញថប់តានតឹងចំពោះបញ្ហាផ្សេងៗ មិនអាចដោះស្រាយបញ្ហាបាន ក្មេងទាំងនេះច្រើនតែមានគំនិតពាក់ព័ន្ធនឹងខ្លួនឯងថា “យើងជាមនុស្សមិនពូកែ” ឬ “យើងមិនដែលធ្វើអ្វីត្រូវឡើយ” ធ្វើឱ្យក្លាយជាក្មេងដែលស្ងាត់ស្ងៀម មិនសូវមានមិត្តភក្តិ ឬអាចដល់ថ្នាក់ក្លាយជាក្មេងមានសម្ពាធក្នុងចិត្តបានទៀតផង។
សម្រាប់ក្មេងក្រុមខ្លះ ចាំបាច់ត្រូវតែបានទទួលការអភិវឌ្ឍ ដើម្បីឱ្យចម្រើនធំធាត់ទាំងរាងកាយ និងផ្លូវចិត្ត តែបើហួសពីសមត្ថភាពរបស់អាណាព្យាបាលនោះ ក៏គួរតែនាំកូនទៅជួបនឹងគ្រូពេទ្យចិត្តសាស្ត្រកុមារ ដើម្បីឱ្យគ្រូពេទ្យអាចរួមគ្នាជាមួយក្រុមគ្រួសាររិះរកផ្លូវកែខៃដែលស័ក្តិសម ឱ្យក្មេងសម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមានតាមសភាពការពិត ស្គាល់ និងយល់ពីខ្លួនឯង ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯងកាន់តែខ្លាំងឡើង៕