កិច្ចពិភាក្សាស្តីពី «ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ក្រោមប្រធានបទការ កសាងអនាគតរបស់អាស៊ាន» ត្រូវបានរៀបចំឡើងដើម្បីបង្ហាញដល់ភាគីពាក់ព័ន្ធក្នុងតំបន់ឱ្យ បានយល់ពីការគាំទ្ររបស់ជប៉ុន។
កិច្ចពិភាក្សានេះជាផ្នែកមួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ2017 ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញភាគីពាក់ព័ន្ធអាស៊ានឱ្យបានយល់ដឹងអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់របស់ជប៉ុនដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងចាំ បាច់ចំពោះកំណើនសេដ្ឋកិច្ច។
«តើអ្វីជាចំណុចសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់អាស៊ាន? និងតើអាស៊ានមានយុទ្ធសាស្ត្រដូចម្តេចក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព»។
នៅក្នុងកិច្ចពិភាក្សានេះមានការចូលរួមពីឯកឧត្ដមតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាព្រមទាំងវាគ្មិនជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗ។
លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា«ជាមួយនឹងបទពិសោធនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាពរបស់ជប៉ុន យើងនឹងបន្តរួមចំណែកពង្រឹងទំនាក់ទំនងជារូបវន្តជាមួយស្ថាប័ននៅក្នុងតំបន់អាស៊ាន»។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបញ្ជាក់ថា៖ «យើងនឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ដៃគូនៅក្នុងតំបន់តាមរយៈ វិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព និងរួមចំណែកការអភិវឌ្ឍធនធានមនុស្ស»។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន សម្ដែងអារម្មណ៍កើតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់ជប៉ុនដល់ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ពិសេស គឺថែមទាំងបានជំរុញឱ្យដៃគូក្នុងតំបន់អាស៊ានត្រូវការបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
លោក យ៉ាស៊ូហារ៉ូ ហ៊្វូណាបាស៊ី អគ្គនាយករងទទួលបន្ទុកផ្នែកស្រាវជ្រាវឧស្សាហកម្មនៃធនាគារ Mizuho Bank បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពគឺជាកត្តាដ៏សំខាន់សម្រាប់បង្កើនទំនាក់ទំនង និងជាកំណើនប្រកបដោយគុណភាពរយៈពេលយូរអង្វែង នៅក្នុងតំបន់អាស៊ាន។
លោកបន្ដថា គន្លឹះសំខាន់ចំនួន ៤ ដែលរដ្ឋាភិបាលជប៉ុនមាន និងកំពុងតែអនុវត្តគឺ បច្ចេកវិទ្យាសម្រាប់តម្រូវការក្នុងស្រុក ការច្នៃប្រឌិតរួម ការប្តេជ្ញាចិត្តរយៈពេលវែង និង ការផ្តល់ប្រសិទ្ធភាពដល់ជីវិត និងសេដ្ឋកិច្ច៕