លោក Jurgen Klopp បានបញ្ចេញសារមួយដើម្បីជំរុញឱ្យអ្នកគាំទ្ររបស់ក្រុម Liverpool ទទួលក្រុម Roma ជាភ្ញៀវ និងបង្ហាញ «ពីភាពល្អឥតខ្ចោះរបស់យើងទៅកាន់ពិភពលោក» នៅពេលដែលក្រុមទាំង2ជួបគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី1 នៅរាត្រីនេះ។
ក្រុមប្រឹក្សារបស់ក្លិប Liverpool ក៏កំពុងតែបង្ហាញពីការធ្វើបដិសណ្ឋារកិច្ចរបស់ខ្លួនផងដែរ តាមរយៈការដាក់តាំងសញ្ញាដែលសរសេរថា «Benvenuti a Liverpool» ក្នុងពណ៌របស់ក្រុម Roma ជុំវិញទីក្រុង និងបានជួលក្រុមតន្ត្រីមួយក្រុម ដើម្បីប្រគំស្វាគមន៍អ្នកគាំទ្រអ៊ីតាលីចំនួន 1,000នាក់ដែលត្រូវបានរំពឹងទុកថា នឹងឆ្លងកាត់តាមរយៈអាកាសយានដ្ឋាន John Lennon Airport នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ។
ការខិតខំព្យាយាមនេះ គឺត្រូវបានធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធនៃក្របខ័ណ្ឌអឺរ៉ុប នៅខាងក្រៅកីឡដ្ឋាន Anfield ក្រោយពីការជួបឧប្បត្តិហេតុទៅលើរថយន្តក្រុងរបស់ក្រុម Man City កាលពីពេលកន្លងមក។ ប៉ុន្តែ នៅក្នុងខាងក្នុងកីឡដ្ឋាន Liverpool វិញ ពួកគេចង់បានបង្ហាញពីការស្រេកឃ្លានដូចគ្នា ទាំងពីនាក់គាំទ្រ និងកីឡាករ។ លោក Klopp បានឱ្យុដឹងកាលពីថ្ងៃចន្ទថា៖ «នៅក្នុងកីឡដ្ឋាន សូមធ្វើឱ្យបានល្អម្តងទៀត។
នៅខាងក្រៅកីឡដ្ឋាន សូមបង្ហាញពីការគោរពដែលយើងត្រូវតែបង្ហាញ។ នេះគឺជាកីឡាបាល់ទាត់ដ៏អស្ចារ្យ ជាគ្រួសារកីឡាបាល់ទាត់ដ៏អស្ចារ្យមួយ មានភាពល្បីល្បាញសម្រាប់បរិយាកាសដ៏អស្ចារ្យទូទាំងពិភពលោក ហេតុនេះ យើងមិនចាំបាច់គប់អ្វីទៅលើរថយន្តក្រុងរបស់ក្រុមជាគូប្រជែងឡើយ»។ Liverpool បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនៅរាត្រីនេះ តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 នៅលើទឹកដីក្រុម West Brom កាលពីថ្ងៃសៅរ៍ ខណៈដែល Salah បានស៊ុតបាល់បញ្ចូលទី 1គ្រាប់។
ក្រុម Roma ក៏នឹងឈានទៅកាន់ការប្រកួតនេះទាំងការជឿជាក់ផងដែរ ក្រោយពីបានផ្តួលក្រុម SPAL 3-០ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 1:45ទៀបភ្លឺ៕
ប្រភពពី៖ The Guardian