ជាញឹកញយណាស់ដែលកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មថោន និង Camtrax កញ្ញា មាស សុខសោភា បង្ហាញភាពសិចស៊ីតាមរយៈរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម និងថែមទាំងឃើញមាននៅក្នុងវីដេអូចម្រៀងទៀតផង។ តែដោយឡែក មានមតិជាច្រើនបានលើកឡើងថា ហេតុអ្វីបានជាតារាស្រីរូបនេះមិនជាប់ការព្រមាន ឬត្រូវបានហាមឃាត់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដូចតារាស្រី ដេននី ក្វាន់ ដែលធ្លាប់បានបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គមដែរ តែបែរជាជាប់បម្រាមថតរយៈពេល 1ឆ្នាំទៅវិញ?។
នៅពេលថ្មីៗនេះ ស្រាប់តែគូស្នេហ៍របស់ ដេននី ក្វាន់ គឺលោក ចាន់ មករា បាននិយាយឡើងថា អយុត្តិធម៌ណាស់! មិនស្មើភាពគ្នា ឬក្រសួងវប្បធម៌មើលមិនឃើញ ធ្វើជាម្តាយ-ឪពុក ម្តេចស្រឡាញ់កូនលម្អៀង ដាក់ពិន័យកូនមិនដូចគ្នា?។
ចំណែកតារាផ្សេងៗទៀត មិនថាស្រី ឬប្រុសនោះទេ លើសពីស៊ិចស៊ី Photo Still ទៅទៀត និងថែមទាំងថត MV បែបអាសអាភាសទៀតផង តែនៅតែគ្មានប្រតិកម្មអីពីក្រសួង គឺស្ងាត់ឈឹងតែម្ដង។ ចំណែកករណី ដេននី ក្វាន់ ថតលក្ខណៈលក់ផលិតផល និងដំណើរកម្សាន្ដតាមសមុទ្រជាលក្ខណៈឯកជនសោះ បែរជាហៅទៅព្រមានពីរដង ថែមទាំងបិទទីផ្សារសិល្បៈមួយឆ្នាំពេញទៀត។ ខ្ញុំនិយាយនេះមិនមែនក្នុងន័យកាន់ជើង ឬជាន់ពន្លិចនរណាម្នាក់ទេ តែនេះឃើញផ្ទាល់ភ្នែកស្រស់ៗ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លម្អៀង ឬព្រិលភ្នែក ឬក៏អត់មានសេវា internet មើល?។
គួរបញ្ជាក់ផងដែរថា ចំពោះលើកឡើងរបស់គូស្នេហ៍ ដេននី ក្វាន់ នេះ សារព័ត៌មានឡារ៉ែន នៅខណៈនេះមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននៅឡើយទេ៕