បន្ទាប់ពីតារាសម្ដែងសិចស៊ី កញ្ញា សាន សុម៉ាលី បានអះអាងប្រាប់អ្នកសារព័ត៌មានថា ករណីប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍មានជាប់ទាក់ទងជាមួយលោក ជា ស្រួច ដោយសារតែអតីតអ្នកប្រដាល់រូបនេះ បានទាក់ទងប្អូនប្រុសនាងទៅដើរលេងជាមួយគ្នា ហើយដល់ពេលមានគ្រោះថ្នាក់ បែរជាទាក់ទងមិនបាននោះ មិនយូរប៉ុន្មាន លោក ជា ស្រួច បានបង្ហោះសារបង្ហាញពីភាពស្អាតស្អំរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក។
លោក ជា ស្រួច ជាសរសេរថាយ៉ាងដូច្នេះថា « ជំរាបសួ សម្តេចទ្រង់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនជាទីគោរព អំពីខ្ញុំបាទ ថ្ងៃនេះខ្ញុំបាទសូមបកស្រាយពីបទពាក់ព័ន្ធជាមួយ សាន សុម៉ាលី។ ដំបូងប៉ាសាន សុម៉ាលី ហៅខ្ញុំទៅលេងអូរស្មាច់ ថ្ងៃចូលឆ្នាំចុងក្រោយ ហើយការរាប់អានរវាងខ្ញុំជាមួយ សាន សុម៉ាលី ជាង30ឆ្នាំ ហើយតាំងពីឪពុកម្តាយខ្ញុំនៅរស់ រហូតដល់គាត់ស្លាប់ មិនសមមកនិយាយរឿងមិនពិត សូម្បីតែទៅហ្នឹង ថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅម្នាក់ឯងគត់ ។ ពេលប្អូនគ្រោះថ្នាក់ចរាចរណ៍ និយាយថា គេវាយបាក់ជើង បាក់ដៃ ហើយពេលកើតរឿងថា តេខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថា និយាយមិនពិត ប្រាប់សារព័ត៌មានបែបនេៈ បានន័យថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា! កុំយកភាសាស្រវឹងមកនិយាយបំផ្លាញកិត្តិយសខ្ញុំ ប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង»។
តែទោះជាយ៉ាងណាក្ដី កញ្ញា សាន សុម៉ាលី នៅតែបន្ដអះអាងថា រឿងករណីប្អូនប្រុសគ្រោះថ្នាក់ចរាចរណ៍ ដែលនាងបង្ហាញការសង្ស័យប្រាប់អ្នកសារព័ត៌មានថា ជាអំពើឃាតកម្មនោះ មានជាប់ពាក់ព័ន្ធជាមួយអតីតអ្នកប្រដាល់ខាងលើដដែល។ សូមអានសម្ដីពិតរបស់តារាស្រីរូបនេះ ដែលបានសរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះ «បងស្រួចអាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបងសូម្បីតែមួយដង ម្នាក់នៅស្រុក ម្នាក់នៅភ្នំពេញ ហេតុអី្វបានបងនិយាយថាខ្ញុំស្រវឹង បងបង្ហោះថា បងមិនដឹងរឿងហ្នឹង ចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយាយថាបងមិនដឹង តែគាត់បានទៅជាមួយបងតែបីនាក់ ហើយខ្ញុំមិនបានហៅមកលេងទេ តែបងសុំលេខប៉ាខ្ញុំហើយក៏ឱ្យ ដោយសារតែការរាប់អាន និងទុកចិត្តបង ហើយហេតុអ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហា ហេតុអ្វីក៏បានទុកប្អូនឱ្យប្អូនឈឺតែម្នាក់ឯង ហើយបងបបួលទៅដើរលេងបីនាក់ ស្រាប់តែគាត់មកវិញតែពីរនាក់ ហ្នឹងឬពាក្យសំដីថារាប់អានគ្នា 30ឆ្នាំ?»។
តារាសម្ដែងខាងលើ បន្តទៀតថា «បងប្អូនជួយគិតមើល បើបងស្រួចរាប់អានគ្រួសារខ្ញុំ 30ឆ្នាំ ហេតុអ្វីបងសុខចិត្តឱ្យក្មួយដេកងាប់តែម្នាក់ឯង ហើយនិយាយថាដើររកពេញហ្នឹង តែមិត្តភ័ក្តិម្នាក់ថា ឃើញតែបងស្រួចឆ្លើយថាដើររក។ ខ្ញុំមិនសង្យ័យមានន័យចម្លែក បើពេលប៉ារកឃើញហើយ គាត់ទាំងភ័យតក់ស្លុត ហេតុអ្វីគាត់ឆ្លើយថា ប្រញាប់ទៅការគេ ហើយប៉ាបានប្រាប់គាត់ថាឱ្យយកក្មួយទៅពេទ្យផង ហើយទាំងមិនយកខោអាវ ដែលបោកអ៊ុត ហើយទៅឡើងលឿន ហ្នឹងហើយ ដែលហៅថា ការរាប់អាន និយាយចេញពីមាត់បង បើបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅមុខផ្លូវច្បាប់»។
គួរបញ្ជាក់ផងដែរថា ប្អូនប្រុសរបស់តារាស្រីរូបនេះ កំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត សុរិន្ទ ប្រទេសថៃ ហើយ សាន សុម៉ាលី ក៏បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយបំភ្លឺផ្លូវថា «សូមបារមីលោកតាថង ជួយឱ្យកូនចៅសុខសប្បាយតាមផ្លូវ ហើយមនុស្សអាក្រក់ឆាប់ចូលគុក»៕