នាពេលថ្មីៗនេះ ដោយសារតែកម្ពុជាបានសម្រួលឱ្យអ្នកវិនិយោគកាន់តែមានភាពងាយស្រួល និងមានឱកាសបង្កើតសហគ្រាសពាណិជ្ជកម្មរបស់ខ្លួនបានយ៉ាងទូលំទូលាយនៅកម្ពុជា ធ្វើឱ្យចំនួនក្រុមហ៊ុនឯកជននានា ទាំងជាតិ និងអន្តជាតិបានកើនឡើងជារៀងរាល់ថ្ងៃ ដែលចរន្តនេះបានធ្វើឱ្យប្រព័ន្ធនៃការធ្វើការ ក៏ដូចជាការដាក់ពាក្យធ្វើការរបស់បុគ្គលិកមានការផ្លាស់ប្តូរទៅតាមនោះដែរ។
អគ្គនាយកក្រុមហ៊ុន Aplus Consulting លោក ស គីណាល់ បានលើកឡើងថា ពាក់ព័ន្ធនឹងការប្រែប្រួលនៃរបៀបក្នុងការដាក់ពាក្យ ក៏ដូចជាចំនួននៃការដាក់ពាក្យ គឺវាពិតជាមាន តែការប្រែប្រួលនោះមានភាពវិជ្ជមាន ឬអវិជ្ជមាន គឺអាស្រ័យលើប្រភេទនៃក្រុមហ៊ុននីមួយ។ នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនខ្លះទទួលបានអ្នកដាក់ពាក្យច្រើន ខណៈក្រុមហ៊ុនមួយចំនួនទៀតខ្វះអ្នកដាក់ពាក្យ ដែលបញ្ហានេះអាចមកពីកត្តាមួយចំនួនដូចជាកត្តាអ្នកដាក់ពាក្យ កត្តាក្រុមហ៊ុន និងកត្តាប្រកួតប្រជែងនៃទីផ្សារការងារជាដើម។
លោក ស គីណាល់ បាននិយាយថា ៖ “នាពេលបច្ចុប្បន្ននេះ បុគ្គលិកខ្លះគាត់ចូលចិត្តដាក់ពាក្យចំកន្លែងដែលគាត់ត្រូវការតែម្តងព្រោះគាត់មិនចង់ដាក់ពាក្យឱ្យតែបានការងារធ្វើសិន ដូចកាលពីមុននោះទេ ហើយពេលខ្លះបុគ្គលិក គឺសម្រុកដាក់ពាក្យលើក្រុមហ៊ុនមួយចំនួនដែលមានការទាក់ទាញខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនទៀត ដែលមិនសូវបានធ្វើការផ្សព្វផ្សាយរកផ្នែកធនធានមនុស្សត្រូវខ្វះអ្នកដាក់ពាក្យ។
អ្នកជំនាញធនធានមនុស្សខាងលើបានលើកឡើងផងដែរថា ក្រៅពីការដាក់ពាក្យដោយផ្ទាល់ហើយ អ្នកដាក់ពាក្យធ្វើការងារជាច្រើននាពេលបច្ចុប្បន្ន បានបង្វែរទៅដាក់ពាក្យតាមរយៈក្រុមហ៊ុនធនធានមនុស្សវិញម្តង ព្រោះថា ការដាក់ពាក្យតាមរយៈក្រុមហ៊ុនធនធានមនុស្សមានភាពងាយស្រួល ហើយអាចធ្វើឱ្យគាត់ឆាប់ទទួលបានការងារដែលត្រូវនឹងសមត្ថភាពរបស់គាត់។ មូលហេតុដែលគាត់ចូលចិត្តដាក់ពាក្យបែបនេះគឺទី1 នៅក្រុមហ៊ុនធនធានមនុស្សមានអ្នកជំនាញដែលអាចជួយណែនាំ និងសម្រួលដល់បេក្ខជនមុនពេលដែលឯកសាររបស់គាត់ត្រូវបានបញ្ជូនទៅក្រុមហ៊ុនដែលត្រូវការជ្រើសរើសបុគ្គលិក។
ម្យ៉ាងវិញទៀត នៅពេលដែលអ្នកដាក់ពាក្យគាត់ដាក់ពាក្យដោយខ្លួនឯងទៅក្រុមហ៊ុនដែលគាត់ចង់ធ្វើការ គាត់ត្រូវតែដាក់ពាក្យច្រើនដងដើម្បីបានទៅដល់ច្រើនក្រុមហ៊ុន តែប្រសិនបើគាត់ដាក់ពាក្យតាមក្រុមហ៊ុនធនធានមនុស្សវិញ ក្រុមហ៊ុនគេនឹងជួយដាក់ពាក្យឱ្យគាត់បានដល់ទៅ10 ឬ20ក្រុមហ៊ុនឯណោះក្នុងពេលតែមួយ។
លោក ស គីណាល់ បានបង្ហាញផងដែរថា បើងាកមកកត្តាក្រុមហ៊ុនវិញ គឺមានរឿងសំខាន់ៗចំនួន2 គឺទី1ក្រុមហ៊ុនដែលមិនទាន់គិតគូរពីបរិស្ថាន និងលក្ខខណ្ឌការងារឱ្យបានល្អដើម្បីទាក់ទាញបុគ្គលិក និងទី2 គឺស្ថាប័នដែលមានលក្ខខណ្ឌ និងបរិស្ថានល្អប្រសើរហើយ។ ចំពោះក្រុមហ៊ុនដែលមិនទាន់មានបរិស្ថានល្អ គឺក្រុមហ៊ុនជាលក្ខណៈគ្រួសារ ដែលគួរតែព្យាយាមបង្កើតឱ្យមានបរិស្ថានការងារល្អដើម្បីកសាងកេរ្តិ៍ឈ្មោះ និងដើម្បីឱ្យបុគ្គលិកពេញចិត្តធ្វើការងារជាមុនសិន។
សម្រាប់ក្រុមហ៊ុនដែលមានបរិស្ថានការងារល្អហើយ គាត់ចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីលក្ខខណ្ឌល្អប្រសើរដែលគាត់មាន ទៅកាន់សាធារណជនឱ្យបានដឹង ដើម្បីជំរុញចំណាប់អា-រម្មណ៍របស់បុគ្គលិកជំនាញដែលគាត់ត្រូវការឱ្យគេចង់ដាក់ពាក្យធ្វើការងារ។
អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ផងដែរថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនស្តង់ដារជាច្រើនចាប់ផ្តើមកើតឡើងនៅកម្ពុជា ហេតុនេះបុគ្គលិកកម្ពុជាក៏បានមើលឃើញពីលក្ខខណ្ឌល្អប្រសើរមួយចំនួនដែលពួកគាត់ចាប់អារម្មណ៍ ហើយនាំគ្នាដាក់ពាក្យច្រើនទៅក្រុមហ៊ុនស្តង់ដារ និងលែងសូវដាក់ពាក្យទៅក្រុមហ៊ុនជាលក្ខណៈគ្រួសារ។ ត្រង់ចំណុចនេះ លោកចង់ឱ្យក្រុមហ៊ុនឯកជននានាគួរព្យាយាមកែសម្រួលខ្លួនឯងឱ្យមានលក្ខខណ្ឌល្អប្រសើរឡើង។
បង្ហាញលើចំណុចនេះដែរ លោក សាន្ត ច័ន្ទកុម្ភៈ នាយកបណ្តុះបណ្តាលនៃវិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះបុគ្គលិកមួយចំនួនមិនសូវដាក់ពាក្យធ្វើការងារនៅក្នុងក្រុមហ៊ុនមួយចំនួន ដោយសារតែពេលខ្លះគាត់ផ្តោតលើប្រាក់ខែ ខណៈអ្នកខ្លះទៀតផ្តោតលើអាជីពនាពេលអនាគត។
បុគ្គលិកមួយចំនួនធំចាប់អារម្មណ៍ដាក់ពាក្យធ្វើការងារដោយផ្តោតលើប្រាក់ខែ ហេតុនេះស្ថាប័នណាដែលផ្តល់ប្រាក់ខែតិចដល់គាត់ គឺគាត់មិនចង់ដាក់ពាក្យធ្វើនោះទេ តែបុគ្គលិកមិនច្រើនប៉ុន្មាននោះទេដែលធ្វើការងារដើម្បីអនាគតនៃអាជីពច្រើនជាងប្រាក់ខែ តែគាត់ក៏ស្វែងរកស្ថាប័នណាដែលគាត់គិតថាអាចជួយជំរុញគាត់ឱ្យឆ្ពោះទៅរកគោលដៅរបស់គាត់ដែរ។ ហេតុនេះបើចង់ទាក់ទាញបុគ្គលិកធ្វើការងារឱ្យបានច្រើន ម្ចាស់អាជីវកម្មគួរបង្ហាញឱ្យបានច្បាស់លាស់ពីឱកាស និងអ្វីដែលយើងនឹងផ្តល់ឱ្យបុគ្គលិកឱ្យបានច្រើន មិនមែនបង្ហាញតែអ្វីដែលក្រុមហ៊ុនត្រូវការពីបុគ្គលិកនោះទេ។
លោក សាន្ត ច័ន្ទកុម្ភៈ បាននិយាយថា ៖ “បុគ្គលិកមួយចំនួនដែលចូលចិត្តដាក់ពាក្យធ្វើការងារតាមគ្នា មិនដាក់ពាក្យធ្វើការងារដោយផ្ទាល់ទៅក្រុមហ៊ុនដែលកំពុងជ្រើសរើសបុគ្គលិកទេ ដោយសារពេលខ្លះគាត់មិនទុកចិត្តក្រុមហ៊ុនដែលកំពុងប្រកាសនោះទេ ហើយអ្នកខ្លះទៀតគឺគាត់មិនបានដឹងព័ត៌មានច្បាស់លាស់ពីស្ថាប័ន ដែលកំពុងប្រកាសដែលធ្វើឱ្យគាត់ត្រូវស្វែងរកកន្លែងណាដែលគាត់ទុកចិត្ត និងមានអ្នកស្គាល់គ្នាកំពុងធ្វើការនៅទីនោះស្រាប់។
អ្នកគ្រប់គ្រងស្ថាប័នខាងលើ បានលើកឡើងផងដែរថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនក៏ជាផ្នែកសំខាន់មួយផងដែរ ព្រោះអាចប៉ះពាល់ដល់ការជ្រើសរើសបុគ្គលិក ព្រោះថា នៅពេលដែលក្រុមហ៊ុនមានឈ្មោះល្អ នោះព័ត៌មានល្អៗនឹងបង្កើតជាទំនុកចិត្តដល់មនុស្សទូទៅ ដែលអាចធ្វើឱ្យក្រុមហ៊ុននោះក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកដាក់ពាក្យធ្វើការងារ៕