ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាថ្មីមួយទៀត ដើម្បីបន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2018 រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020បន្តទៀត។
លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី23 ខែមិនាកន្លងទៅបានចុះហត្ថលេខាលើច្បាប់មួយដើម្បីបន្តឡើងវិញនូវការផ្តល់ប្រព័ន្ធពន្ធអនុគ្រោះទូទៅ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី22 ខែមេសា ឆ្នាំ2018 ម្សិលមិញនេះតទៅ ហើយចំពោះអ្នកដែលបាននាំទំនិញចូលទៅសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2018 អាចមកស្នើដកប្រាក់ពន្ធដែលបានបង់រួចមកវិញបានតាមការជូនដំណឹងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។
យោងតាមការណែនាំរបស់អង្គភាពគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានបញ្ជាក់ថា រាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator(SPI) កូដ (A= All Developing Beneficiary Countries) នឹងត្រូវទទួលប្រាក់ពន្ធដែលបានបង់ត្រឡប់មកវិញដោយស្វ័យប្រវត្តិ។ ដោយឡែកចំពោះពាណិជ្ជករនាំផលិតផលចូលទៅសហរដ្ឋអាមេរិកដែលមិនប្រើ SPI កូដ(A) អាចស្នើពន្ធមកវិញបាន តាមរយៈ US Customs and Border Protection (CBP) ដោយត្រូវដាក់ពាក្យស្នើសុំដោយខ្លួនឯង។
ករណីនេះក្រសួងពាណិជ្ជកម្មបានជំរុញទៅដល់ពាណិជ្ជករនាំផលិតផលចូលទៅកាន់សហរដ្ឋអាមេរិកដែលមានបំណងដាក់ពាក្យស្នើសុំដកប្រាក់បង់ពន្ធត្រឡប់មកវិញតាមរយៈការធ្វើប្រតិសកម្មចំពោះការបន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ត្រូវចាត់ចែងឱ្យបានមុនថ្ងៃទី19 ខែកញ្ញា 2018នេះ៕