ដោយសម្លឹងឃើញសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនដ៏ធំមួយរបស់ចិនបានបោះទុនវិនិយោគក្នុងទឹកប្រាក់ជាង 10លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រកែច្នៃម្ហូបអាហារសម្រាប់នាំចេញទៅលក់នៅទីផ្សាររបស់ខ្លួន។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍មុន លោក Wong Yung នាយកក្រុមហ៊ុន Tain Jin Trade Free Zone របស់ប្រទេសចិនបានមានប្រសាសន៍ថា ក្រុមហ៊ុននេះបានដាក់ទុនវិនិយោគជាង 10លានដុល្លារអាមេរិកដើម្បីសាងសង់ហេដ្ឋារចនាសម័ន្ធរោងចក្រ ដូចជាបន្ទប់ក្លាស្សេ និងបង្កកផលិតផល (បន្លែ ផ្លែឈើ ត្រី សាច់) បន្ទប់កែច្នៃឃ្លាំងស្តុក អគាររដ្ឋបាល និងហាងសម្រាប់ជួល និងលក់ផលិតផលបោះដុំលើផ្ទៃដី4ហិកតា ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកមានប្រសាសន៍ថា ក្នុងជំនួបដំបូងនេះ គឺក្រុមហ៊ុនចង់សិក្សាឱ្យបានស៊ីជម្រៅពីយន្តការនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនថា តើមានលក្ខណៈងាយស្រួល រលូន និងលឿនយ៉ាងណា និងធ្វើយ៉ាងណាដើម្បីឆ្លើយតបឱ្យបានសមស្របទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារប្រទេសចិន គឺទាំងបរិមាណ គុណភាព សុវត្ថិភាព ពេលវេលានិងតម្លៃ ដែលទាំងអស់នេះហើយ គឺជាដើមហេតុដែលក្រុមហ៊ុន Tain Jin Trade Free Zone មានបំណងសហការជាមួយក្រុមហ៊ុន Hun Ty ដើម្បីសហការវិនិយោគឱ្យកាន់តែបានឆាប់រហ័ស និងមានសក្តានុពលកាន់តែខ្លាំងឡើងក្នុងការនាំបន្លែត្រីសាច់ពីកម្ពុជានៅកាន់ទីផ្សារប្រទេសចិន។
លោក Wong Yung មានប្រសាសន៍បញ្ជាក់បន្ថែមថា “ប្រទេសកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម ហើយបច្ចុប្បន្នប្រទេសចិនកំពុងតែមានបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលនេះជាឱកាសមាសរបស់កម្ពុជាដើម្បីពង្រឹង និងពង្រីកទីផ្សារកសិផលជាមួយមហាមិត្តចិន។ ឆ្លៀតក្នុងឱកាសនេះក្រុមហ៊ុនមានបំណងធ្វើការវិនិយោគដោយបង្កើតជាសួនឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅឯខេត្តព្រះសីហនុដើម្បីប្រមូលទិញកសិផលរបស់កសិករខ្មែរសម្រាប់កែច្នៃ និងនាំចេញដើម្បីបំពេញតម្រូវការទីផ្សាររបស់ប្រទេសចិនដោយត្រង់ ពិសេសផលិតផលត្រី អង្ករ និងផ្លែស្វាយជាដើម ដោយលោករំពឹង និងជឿជាក់ថា តាមរយៈការដោះដូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកបានយ៉ាងល្អប្រសើរ ហើយក៏ជាផ្នែកមួយក្នុងការលើកកម្ពស់កសិកម្មរបស់កសិករកម្ពុជាផងដែរ។
ឯកឧត្តម វេង សាខុន បានសម្តែងការកោតសរសើរចំពោះក្រុមហ៊ុនដែលបានជ្រើសរើសយកប្រទេសកម្ពុជាធ្វើជាដៃគូវិនិយោគលើវិស័យកសិកម្ម ពិសេសការកែច្នៃកសិផលសម្រាប់នាំចេញដែលនេះជាគន្លឹះមួយយ៉ាងសំខាន់ក្នុងការនាំផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិន សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកែច្នៃកសិផលឱ្យអស់ពីលទ្ធភាព។
ឯកឧត្តមក៏បានលើកឡើងដែរថា “ពីមុនកម្ពុជាជាប្រទេសផលិតផលិតផលកសិកម្មដើម្បីតែផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ន កម្ពុជាត្រូវការផលិតដើម្បីធ្វើការកែច្នៃក្នុងស្រុករួចនាំចេញ។ នេះជាចលករដ៏សំខាន់មួយសម្រាប់ការនាំចេញ ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ ពិសេសចំណូលក្នុងគ្រួសារ ការកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ហើយក៏ជាឆន្ទៈដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ2030។
លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាកមានប្រសាសន៍គាំទ្រលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនខាងលើដែលជាចំណែកមួយដ៏សំខាន់ក្នុងការពង្រីកការដាំដុះ និងលើកកម្ពស់ផលិតផលកសិកផលកម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ លោកបញ្ជាក់បន្ថែមថា “ទោះជាក្រុមហ៊ុនទទួលបានដីសម្បទានពីរដ្ឋក៏ដោយ ក៏អាចផ្តល់ការងារដល់ពលរដ្ឋខ្មែរបានដែរ ប៉ុន្តែបើសិនជាក្រុមហ៊ុនសហការជាមួយកសិករទិញផលិតផលកសិកម្មពីកសិករវិញនោះ នឹងជួយឱ្យសេដ្ឋកិច្ចគ្រួសារកសិករកាន់តែប្រសើរថែមទៀត។
ករណីនេះលោកបានស្នើដល់មន្ត្រីជំនាញរដ្ឋាភិបាលឱ្យបង្កើតសហគមន៍ចងក្រងបណ្តុំកសិករឱ្យបានកាន់តែច្រើន សម្រាប់ពង្រីកការដាំដុះ និងចិញ្ចឹមសត្វផ្សេងៗប្រកបដោយសក្តានុពលក្នុងការផ្គត់ផ្គង់ឱ្យបានប្រសើរទៅដល់ក្រុមហ៊ុន។
យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុគឺមានសក្តានុពលខ្លាំងទៅលើដំណាំកសិកម្មស្រូវតែប៉ុណ្ណោះ ពិសេសនៅក្នុងខណ្ឌព្រៃនប់ ហើយបើក្រុមហ៊ុនចង់បានកសិផលបន្លែ ផ្លែ ឈើ និងត្រីសាច់ផ្សេងៗគួរសហការជាមួយកសិករក្នុងខេត្តកំពតថែមទៀត៕