កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាប្រុស បញ្ញា សិទ្ធ បានបង្ហោះរូបភាពហូរទឹកភ្នែកមួយសន្លឹក និងសារត្អូញត្អែរពីជីវិតពិតរបស់លោក ដែលស្ដែងឱ្យមហាជនមើលឃើញថា ខណៈនេះលោកកំពុងតែមានបញ្ហា និងពិបាកចិត្តយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក(ហ៊ឺៗ បេលអាណិតណាស់)។
នៅក្នុងសារនោះបានរៀបរាប់ថា «ខ្ញុំអស់កម្លាំងណាស់ គ្មានអ្នកនៅក្បែខ្ញុំទេ ម្នាក់ឯងជាង12 ឆ្នាំហើយ ខ្ញុំចង់សម្រាក»។ ការបញ្ចេញពីអារម្មណ៍ដែលបង្ហាញតាមរយៈសំណេររៀបរាប់បែបនេះ បានបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់បណ្ដាអ្នកសិល្បៈរួមអាជីព និងមជ្ឈដ្ឋានមហាជនជាច្រើន។ ក្នុងនោះដែរ លោក ប៉ែន ចំរ៉ុង ក៏បានឃើញ និងនិយាយលើកទឹកចិត្តដល់តារាប្រុសរូបនេះថា «ស៊ូៗឡើងប្អូនប្រុស ជូតទឹកភ្នែកហើយប្រឹងប្រែងបន្តទៀត ជីវិតនេះគ្មានអ្វីអស្ចារ្យទេ គេធ្វើបានយើងក៏ធ្វើបានដែរ តោះ! កុំទម្រន់ទោរទន់តាមឧបសគ្គអី ទៅមុខទៀត!»។ រីឯកញ្ញា នី មុន្នីនាថ ក៏បានប្រាប់ទៅកាន់ បញ្ញា សិទ្ធ ដែរថា «កុំគិតច្រើនណា៎ ត្រូវរឹងប៉ឹង»(ឯបេលវិញចង់ប្រាប់ថា អ្នកណាៗក៏គេពិបាកដែរ តែគេស៊ូ)។
គួរសម្គាល់ផងដែរថា មានតារារួមអាជីពជាច្រើនបានលើកទឹកចិត្តដល់តារាប្រុសរូបនេះ ឱ្យក្រោកឈរឡើងចេញពីបញ្ហា និងឧបសគ្គដែលលោកកំពុងតែប្រឈមមុខ តែយ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើននាក់ទៀត បានចូលទៅផ្ដល់កម្លាំងចិត្តដែរ ក្នុងនោះមានអ្នកគាំទ្រម្នាក់ឈ្មោះ “PisethFeelingood” បាននិយាយពាក្យចាក់ដោតអារម្មណ៍ទៅកាន់បញ្ញា សិទ្ធដែរថា «បងមានអ្វីគ្រប់យ៉ាងដែលមនុស្សដូចខ្ញុំមិនដែលមាន មានការងារល្អ បើបងរវល់តែនៅទន់ជ្រាយ តើនរណាជាអ្នកឱ្យកម្លាំងចិត្តយើង? ខ្ញុំអត់មានឱពុក មានម្ដាយចាស់ ខ្លួនឯងធ្វើការយ៉ាងលំបាក តែខ្ញុំនៅស៊ូ ខ្ញុំធ្វើដើម្បីម្ដាយខ្ញុំ ព្រោះគាត់ជាក្ដីសង្ឃឹមតែមួយគត់ដែលខ្ញុំមាន ស៊ូតែម្យ៉ាងគត់ និងគិតថាធ្វើដើម្បីគាត់ គឺគាត់ចង់ឃើញបងញញឹម»(Yes! បេលឱ្យមេដៃមួយ)។ សូមជម្រាបបន្ថែមថា មកទល់ពេលនេះសារព័ត៌មាន ឡារ៉ែនកំពុងព្យាយាមសុំការបំភ្លឺបន្ថែមពី លោក បញ្ញា សិទ្ធ ដើម្បីជម្រាបពីមូលហេតុពិតប្រាប់ដល់ប្រិយមិត្តអ្នកគាំទ្រ៕