Skip to content

ជប៉ុន​សន្យា​កៀងគរ​អ្នកវិនិយោគ​របស់ខ្លួន​មក​កម្ពុជា​ឱ្យ​កាន់តែច្រើន

ដោយ​មើលឃើញ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ពិសេស​ការលើកលែង​ពន្ធ​ក្នុង​ការនាំ​ទំនិញ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស អង្គការ JETRO ជប៉ុន​ដែល​ដើរតួ​ជា​អ្នកសម្របសម្រួលការងារ​សម្រាប់​អ្នកវិនិយោគ​របស់ខ្លួន​ទៅ​បណ្តាក់ទុន​នៅ​ប្រទេសផ្សេងៗបាន​សន្យាថា​នឹង​នាំ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​ឱ្យ​កាន់តែច្រើន​ថែមទៀត។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុននេះ លោក Masashi KANO ប្រធានតំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​វិនិយោគិន​ជប៉ុនថ្មីៗមួយចំនួន​បាន​នឹង​កំពុង​ពិភាក្សា​លម្អិត​ជាមួយ​អង្គការ JETRO ប្រចាំនៅ​កម្ពុជា​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា ហើយ​លោក​សន្យាថា នឹង​ព្យាយាម​ពន្យល់​ផ្សព្វផ្សាយ អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ទាំងនោះ​ឱ្យមក​បណ្តាក់ទុននៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​និង​ប្រកបដោយ​ភាពជឿជាក់។

លោក​បាន​បន្ថែមថា “ទឡ្ហីករណ៍​ទាំងនេះ បាន​ជំរុញ​លំហូរ​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា​នឹង​បាន​រុញ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់​តែមាន​សម្ទុះ​ខ្លាំងក្លា​ថែមទៀត។ លោក Masashi KANO ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ ស្រុក ជប៉ុន លើកឡើង​បន្តថា វិនិយោគិន​ជប៉ុន​បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ទីផ្សារ​បើកចំហ​ខ្លាំង និង​មាន​បរិយាកាស​វិនិយោគ​អំណោយផល​ច្រើន ដែលជា​កត្តា​ជំរុញ និង​លើកទឹកចិត្ត​វិនិយោគិន បរទេស​ទាំងអស់​មិន​ថា​តែ​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​បន្ថែម​នៅ​កម្ពុជា។

ក្នុងជំនួប​នោះដែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​កោតសរសើរ​ចំពោះ​លោក Masashi KANO ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្តក្នុង​ការជួយ​ទាក់ទាញ​វិនិយោគិន​ដែលមាន​សក្តានុពល​ខ្ពស់​របស់​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​នៅ​កម្ពុជា។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​បាន​បញ្ជាក់ថា ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​កាន់​តែមាន​ទំនុកចិត្ត​មក​បណ្តាក់ទុន​នៅ​កម្ពុជា​បន្ថែម​លើ​គោលនយោបាយ​នៃ​ការអនុគ្រោះ និង​គាំពារ​វិនិយោគ​ពី​បរទេស​ដែល​កំពុង​អនុវត្ត​ក្នុងពេល​បច្ចុប្បន្ន។

បច្ចុប្បន្ន កម្ពុជា​បាននិងកំពុង​ខិតខំ​កែទម្រង់ និង​រៀបចំ​នូវ​បរិយាកាស​ធុរកិច្ច​អំណោយផល ចំពោះ​វិនិយោគ​គិ​ន​បរទេស​ទាំងអស់ រួមមាន​ការលើកទឹកចិត្ត​បន្ថែមទៀត និង​បង្កលក្ខណៈ ឱ្យ​វិនិយោគិន​បរទេស​គ្រប់រូប​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ប្រកបដោយ​ភាព​ទុកចិត្ត និង​មាន​សុវត្ថិ​ភាពស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុងមាន​សុខសន្តិភាព​ពេញលេញ។

សូមបញ្ជាក់ថា ប្រធាន​តំណាង អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន JETRO គឺជា អង្គភាព​មួយ​ស្ថិតក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងឆ្នាំ1958។ អង្គការ JETRO មាន​បណ្តាញ​ការិយាល័យ​ចំនួន74 នៅក្នុង​ប្រទេស​ចំនួន55លើ​ពិភពលោក និង​មាន​ការិយាល័យ​ចំនួន44 នៅក្នុង​ប្រទេស​ជប៉ុន។

តាមរយៈ​បណ្តាញ​របស់ខ្លួន​ដែល​មាននៅ​ស្ទើរតែ​ពាសពេញ​ពិភពលោក អង្គការ JETRO បាន​ចូលរួមចំណែក​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​ដទៃទៀត​នៅលើ​សកលលោក។

គួរបញ្ជាក់​ផងដែរ​ថា ការិយាល័យ JETRO នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ2010 ដែល​បានធ្វើការ​សម្របសម្រួល និង​ទាក់ទាញ​ក្រុមហ៊ុន​ដែលមាន​សក្តានុពល​ខ្ពស់​របស់​ជប៉ុន​មួយចំនួន​ដូចជា​ក្រុមហ៊ុន Mineabea ដែល​បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាច្រើន​រយ​នាក់ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ និង​ការបើក​ដំណើរការ​ផ្សារ​ទំនើប​ខ្នាត​យក្ស AEON ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់។

បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងពីរ កំពុង​ដំណើការ​ផលិត​ទំនិញ និង​ដាក់​លក់ទំនិញ​សម្បូរបែប ដែលជា​ផ្នែក​មួយ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ បាន​ច្រើន​ពាន់​នាក់។

គួរបញ្ជាក់​ផងដែរ ក្រៅពី​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​ក៏បានផ្តល់​ឱកាស​ដល់​ព​ល​រដ្ឋ​ខ្មែរ ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ខ្លួន ដើម្បីឱ្យ​ពួកគេ​អាចមាន​ឱកាស​ធ្វើការ​បាន​ប្រាក់ខែ​ខ្ពស់​សម្រាប់​ជួយ​សេដ្ឋកិច្ច​គ្រួសារ​ខ្លួន ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *