ការរកបានគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Olivier Giroud បានជួយឱ្យក្រុម Chelsea ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-០ លើក្រុម Southampton ដើម្បីកក់កៅអីរបស់ពួកគេទៅជួបក្រុម Manchester United របស់លោក Jose Mourinho ក្នុងពាន FA Cup វគ្គផ្តាច់ព្រ័ត្រ។
យុទ្ធនាការជាលើកទី137 មួយនេះក៏នឹងក្លាយជាការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី1 រវាងក្លិបយក្សទាំង2 ផងដែរក្នុងរយៈពេល1ទសវត្សរ៍នេះ។ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ លោក Antonio Conte បានឱ្យដឹងថា៖ «យើងកំពុងតែនិយាយពីអ្នកចាត់ការទូទៅ 2នាក់ដែលមានឥរិយាបថខ្លាំងដូចគ្នា និងជាអ្នកឈ្នះ 2នាក់។ នៅពេលនោះ ក្នុងចិត្ត បេះដូង និងឈាមរបស់អ្នក មានតែសុច្ឆន្ទៈ1ប៉ុណ្ណោះ គឺឈ្នះ។ ពិតណាស់ យើងចង់ប្រជែងយកពានរង្វាន់នេះ»។
ការសម្រេចចិត្តជ្រើសរើសយក Giroud ឱ្យលេងក្នុងជម្រើសដំបូងជំនួស Alvaro Morata បានក្លាយជាការកាត់សេចក្តីដ៏ត្រឹមត្រូវពីសំណាក់អ្នកចាត់ការទូទៅរបស់ក្រុម Chelsea លោក Conte ខណៈដែលអតីតតារាឆ្នើមរបស់ក្លិប Arsenal រូបនេះ បានបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់គេដើម្បីរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅដើមតង់ទី2។
Giroud ពិតជាបានផ្តល់ការខកចិត្តដ៏ធំដល់ក្រុម Southampton នៅរដូវកាលនេះ ក្រោយពីបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ដើម្បីជួយឱ្យក្រុម Chelsea ទទួលបានជ័យជម្នះក្នុងលទ្ធផល 3-2 កាលពីចុងសប្តាហ៍មុន ហើយក៏បានរកគ្រាប់បាល់តាមស្មើក្នុងពេលប្រកួតជាមួយនឹងពួកគេ សម្រាប់ក្រុម Arsenal កាលពីខែធ្នូផងដែរ។គ្រាប់បាល់ទី4 របស់គេសម្រាប់ក្រុម Chelsea ចាប់តាំងការផ្ទេររបស់គេកាលពីខែមករា បានកើតឡើង នៅមុនពេលមានគ្រាប់បាល់តែតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីខ្សែប្រយុទ្ធបម្រុង Morata ដើម្បីបង្កើតឱ្យមានការជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជើងខ្លាំង Man United នាកីឡដ្ឋាន Wembley នៅថ្ងៃទី19 ខែឧសភា ខាងមុខនេះតែម្តង៕
ប្រភពពី៖ The Telegraph