ហ្សាកាតា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះ បានទាមទារឱ្យបណ្ដាញសង្គមយក្ស Facebook ផ្ដល់នូវចម្លើយបន្ថែមទៀត ទាក់ទងនឹងទិន្នន័យរបស់អ្នកប្រើប្រាស់ដែលត្រូវបានគេលួច។
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ឥណ្ឌូនេស៊ី បានថ្លែងឱ្យដឹងថា Facebook ត្រូវតែផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានរំលោភបំពាន ឬត្រូវបានគេលួចដោយសម្ងាត់។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានស្មើសុំឱ្យ Facebook ធ្វើការបកស្រាយ និងពន្យល់បន្ថែមពាក់ព័ន្ធនឹងករណីទិន្នន័យរបស់អ្នកប្រើប្រាស់ ប៉ុន្តែ Facebook នៅមិនទាន់បានផ្ដល់ចម្លើយលម្អិតនោះទេ គ្រាន់តែបានចេញមុខសុំទោសអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ថ្មីៗនេះផងដែរ លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Facebook បានប្រឈមមុខនឹងសំណួរដ៏លំបាកជាច្រើន ពាក់ព័ទ្ធនឹងរបៀបប្រមូលទិន្នន័យ និងភាពចាំបាច់លើបទបញ្ញតិថ្មី នៅអំឡុងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការថាមពល និងពាណិជ្ជកម្ម នៃសភាអាមេរិកមានសមាជិកជិត 100នាក់ ក្នុងរយៈពេល 5ម៉ោង ដែលការប្រឈមមុខនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលេចធ្លាយនូវព័ត៌មានថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ត្រូវបានបែកធ្លាយទៅដល់ដៃជនទី3៕