លោក Leonardo Jardim គ្រូបង្វឹករបស់ Monaco បានធ្វើការព្រមានដល់ក្រុមរបស់លោកប្រឆាំងនឹងការខ្វះនូវការផ្តោតអារម្មណ៍ផ្សេងៗ នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម St Etienne នៅរាត្រីនេះខណៈដែលពួកគេកំពុងសម្លឹងរកការលើកពាន Ligue 1 នៅរដូវកាលនេះ។
ក្រុម Monaco ត្រូវការត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួត២លើកចុងក្រោយរបស់ពួកគេដើម្បីឈ្នះពានក្របខ័ណ្ឌកំពូលរបស់បារាំងជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០០០មក ស្របពេលដែលពួកគេកំពុងតែនាំមុខ៣ពិន្ទុដាច់លើក្រុមឈរលេខ២ Paris Saint-Germain ដែលនៅសល់ត្រឹមតែ១ប្រកួតទៀតប៉ុណ្ណោះ។ វាបានក្លាយជាសប្តាហ៍ដ៏ជោគជ័យមួយសម្រាប់ក្លិបមួយនេះ នៅពេលដែលលោក Jardim បានឈ្នះពានអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ Ligue 1 ស្របពេលដែល Danijel Subasic និងខ្សែប្រយុទ្ធ Kylian Mbappe ក៏បានឈ្នះពានអ្នកចាំទីឆ្នើម និងកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំរៀងៗខ្លួនដែរនៅក្នុងកម្មវិធីប្រគល់រង្វាន់កាលពីល្ងាចថ្ងៃអាទិត្យ។ ស្របពេលជាមួយគ្នានេះដែរ ក្រុម Monaco ក៏កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈ្នះពាន Ligue 1 ផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Jardim ចង់ឲ្យកីឡាកររបស់លោកបំភ្លេចចោលនូវបរិយាកាសរីករាយជុំវិញខ្លួន និងផ្តោតអារម្មណ៍ទៅលើការប្រកួតនៅរាត្រីនេះឱ្យដូចការប្រកួតផ្សេងៗទៀតដែរ។
គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «យើងត្រូវតែលេងដូចធម្មតាជាមួយនឹងមហិច្ឆតា និងឥរិយាបថដូចពេលមុន។ យើងនឹងមិនលេងដោយចង់បញ្ចប់ក្នុងលទ្ធផលស្មើឡើយ។ គោលបំណងរបស់យើងគឺការធ្វើឲ្យក្រុមនេះទទួលបានលទ្ធផលដ៏ល្អបំផុត និងស្ថិតនៅឲ្យឆ្ងាយពីឥរិយាបថរីករាយផ្សេងៗសិន»។
ក្រុម Monaco នឹងឈានទៅកាន់ការប្រកួតនេះប្រកបដោយការជឿជាក់ ខណៈដែលពួកគេបានឈ្នះ៥លើកពីការប្រកួតក្នុងលីកលើទឹកដីខ្លួនឯងទាំង៥លើកចុងក្រោយរបស់ពួកគេ ខណៈ St Etienne ឈ្នះតែ២លើកគត់ពីការប្រកួតក្រៅទឹកដី៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺរាត្រីថ្ងៃនេះ៕
ប្រភពពី៖ ESPN