នៅពេលថ្មីៗនេះ តារាសម្ដែងស្រី សាន សុម៉ាលី កំពុងតែជួបទុក្ខធំនៅក្នុងគ្រួសារ ដោយសារតែប្អូនប្រុសរបស់នាង បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ ដែលដំបូងឡើយនាងបានទទួលដំណឹងថា ប្អូនប្រុសរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតទៅហើយ តែដោយឡែកនាងមិនជឿ និងបានទៅដល់កន្លែងកើតហេតុភ្លាមៗ ក៏ស្រាប់តែឃើញប្អូននៅមានជីវិតនៅឡើយ ហើយក៏នាំប្អូនប្រុសទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗតែម្ដង។
តារាសម្ដែងស្រីរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ចំពោះករណីប្អូនប្រុសរបស់នាងនេះ នាងសង្ស័យថា ជាអំពើឃាតកម្ម ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍។ នាងបានបន្ដអះអាងថា ក្រោយពីបានបញ្ជូនប្អូនប្រុសទៅមន្ទីរពេទ្យ ក៏សង្កេតឃើញមានស្នាមគ្រាប់កំភ្លើងបាញ់ចំភ្លៅ និងបាក់ដៃ-ជើង ហើយព្រមទាំងរបួសខ្ទេចមុខ។ កញ្ញា សាន សុម៉ាលី បានបង្ហើបប្រាប់អ្នកសារព័ត៌មានទៀតថា នៅថ្ងៃចូលឆ្នាំនោះ មានមិត្តភ័ក្ដិ និងតារារួមអាជីពមួយរូប បានទាក់ទងនាងសុំលេខទូរស័ព្ទប្អូនប្រុសនាង ដើម្បីទៅដើរលេង តែរូបនាងបានឱ្យលេខប៉ារបស់នាងជំនួសវិញ ដើម្បីទាក់ទងទៅកាន់ប្អូនប្រុសរបស់នាង។
គួរបញ្ជាក់ផងដែរថា ដោយសារអាការរបស់ប្អូនប្រុសតារាស្រី សាន សុម៉ាលី មានអាការធ្ងន់ធ្ងរខ្លាំង ទើបតារាស្រីរូបនេះ បានយកប្អូនប្រុសទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្ត សុរិន្ទ ប្រទេសថៃ បន្ដវិញ មកទល់ពេលនេះគេនៅមិនទាន់ដឹងថា ស្ថានភាពជំងឺបានធូរស្រាលហើយ ឬយ៉ាងណានៅឡើយទេ៕