យោងតាមរបាយការណ៍ស្តីពីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា វិស័យអចលនទ្រព្យរំពឹងថា នឹងនៅតែមានកំណើនរឹងមាំ8.5% ក្នុងឆ្នាំ2018 ដែលមាននិន្នាការស្របគ្នានឹងវិស័យសំណង់។
កំណើននេះនឹងត្រូវទ្រទ្រង់ដោយការកើនឡើងនៃសកម្មភាពទិញ-លក់សំណង់អគារពាណិជ្ជកម្ម និងលំនៅឋានដែលមានតម្លៃទាប និងមធ្យមដែលប៉ះប៉ូវដល់ការថមថយនៃប្រតិបត្តិការទិញ-លក់ និងជួលលំនៅឋានតម្លៃខ្ពស់ ដោយសារកំណើនខ្លាំងនៃការផ្គត់ផ្គង់ធៀបនឹងតម្រូវការជាក់ស្តែង។
ការរីកចម្រើនវិស័យសំណង់ជាមួយនឹងអត្រាកំណើនប្រមាណ16.7% ក្នុងឆ្នាំ2018 និង16.8% នៅក្នុងឆ្នាំ2019 ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់តម្លៃទាប និងមធ្យមដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់តម្លៃខ្ពស់។ ភាពរឹងមាំនៃវិស័យនេះត្រូវបានគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ2018 ដែលជាឆ្នាំបោះឆ្នោតក៏ដោយ៕